
ទិដ្ឋភាពនៅប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរាគ្រោងចេញផ្សាយវីដេអូឯកសារ មានឈ្មោះថា «ទឹកសាងអង្គរ» នៅដើមខែមេសាដែលវីដេអូឯកសារនេះ នឹងបង្ហាញអំពីសកម្មភាពជាក់ស្ដែងអំពីផ្លូវទឹកបុរាណ។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរាគ្រោងចេញផ្សាយវីដេអូឯកសារ ដែលមានឈ្មោះថា «ទឹកសាងអង្គរ» នៅដើមខែមេសាខាងមុខ ដែលវីដេអូឯកសារនេះនឹងបង្ហាញអំពីសកម្មភាពជាក់ស្តែងអំពីផ្លូវទឹកបុរាណ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នេះជាលើកទី ១ ហើយ ដែលអាជ្ញាធរជាតិអប្សរាបានកសាងឯកសារជាលក្ខណៈវីដេអូ ព្រោះក្នុងពេលកន្លងទៅមានចងក្រងឯកសារជាច្រើន ប៉ុន្តែមិនមានលក្ខណៈជាវីដេអូឡើយ។ បើតាមលោក កុសល វីដេអូឯកសារថ្មីនេះអាចនឹងចេញផ្សាយនៅអំឡុងដើមខែមេសា តែមិនទាន់ដឹងថា វីដេអូនោះមានប៉ុន្មាននាទីនោះទេ។
លោកថ្លែងថា៖ «វីដេអូឯកសារនេះ គឺជាឯកសារមួយដែលយើងពិនិត្យតាមតឹកតាងនៃលក្ខណៈបែបវិទ្យាសាស្ត្រក៏ដូចជាតាមការអង្កេតជាលក្ខណៈដោយឡែក ដោយផ្ទាល់ និងការអនុវត្តជាក់ស្តែងរបស់អាជ្ញាធរជាតិអប្សរាតែម្តង។ អ៊ីចឹងគឺមានលក្ខណៈវិទ្យាសាស្ត្រផង មានលក្ខណៈជាក់ស្តែងតាមរយៈការអនុវត្តផង»។ ចំណុចសំខាន់បំផុតនៃវីដេអូឯកសារទឹកសាងអង្គរនេះ គឺអាជ្ញាធរជាតិអប្សរាចង់បង្ហាញជូនដល់សាធារណជនអំពីការចូលរួមនៃទឹក នៅក្នុងការកសាងអារ្យធម៌ក្នុងការកសាងប្រទេសជាតិកម្ពុជាតាំងពីសម័យដើមមក។
លោកថ្លែងថា៖ «បានន័យថា ទឹកក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសទៅទៀតគឺទឹកនេះចូលរួមចំណែកសំខាន់ក្នុងការធ្វើយ៉ាងណារក្សាឱ្យបាននូវលំនឹងរបស់ប្រាង្គប្រាសាទ។ ហ្នឹងហើយដែលយើងប្រសិទ្ធនាមថា ទឹកសាងអង្គរ»។

ផ្លូវទឹកនៅតំបនអង្គរ ដែលកំពុងត្រូវបានអភិរក្ស។ រូបថត អាជ្ញាធរជាតិអប្សរា
លោក កុសល បន្តថា ទឹកបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការងារជំរុញការអភិវឌ្ឍប្រទេសក្នុងអតីតកាល ជាពិសេសអារ្យធម៌នៅក្នុងតំបន់អង្គរ។ ទីក្រុងនៅអង្គរពីអតីតកាលត្រូវបានគេហៅថា ជាទីក្រុងទឹក ព្រោះទីក្រុងនោះ មានការរីកចម្រើនដោយការទាញយកទឹកធម្មជាតិមកប្រើប្រាស់ ដើម្បីជាប្រយោជន៍ក្នុងការកសាងសេដ្ឋកិច្ច និងការកសាងសំណង់ស្ថាបត្យកម្ម។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថា តាមរយៈការស្រាវជ្រាវ ប្រាសាទអង្គរមានទម្ងន់រាប់សិបតោន សួរថា តើទម្ងន់ប៉ុណ្ណឹងអាចនឹងទ្រទ្រង់បានយ៉ាងដូចម្ដេច? នេះគឺជាភាពអច្ឆរិយរបស់បុព្វបុរសខ្មែរ។ ប្រាង្គប្រាសាទរបស់យើងកសាងនៅលើផ្ទៃនៃខ្សាច់ ហើយទឹកនេះ រក្សាសំណើមនៃខ្សាច់ដែលមានតួនាទីជាគ្រឹះរបស់ប្រាសាទ»។
តាមរយៈការសិក្សាស្រាវជ្រាវផ្លូវទឹកបុរាណនៅតំបន់អង្គរធ្វើឱ្យអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នអាចធ្វើការគ្រប់គ្រងទឹកបានយ៉ាងមានប្រសិទ្ធភាពជាទីបំផុត។ ទោះបីទឹកដែលធ្លាក់ចុះមកពីភ្នំគូលែនតាមដងស្ទឹងមួយចំនួន ដែលមានដូចជាស្ទឹងសៀមរាប ស្ទឹងរលួស និងស្ទឹងពួកក៏ដោយ អាជ្ញាធរអប្សរាអាចបង្វែរទឹកនោះឱ្យហូរទៅទីកន្លែងណាមួយតាមចិត្តក៏បាន។
នោះ គឺជាចំណុចខ្លាំងនៃការគ្រប់គ្រងទឹកនៅក្នុងតំបន់អង្គរ ដែលអាចរក្សាទឹកបានទាំងខួបប្រាំង និងវស្សា។ «បានន័យថា ប្រព័ន្ធផ្លូវទឹកបុរាណដែលបុព្វបុរសយើងលោកកសាងមកពីមុនមកនោះលោកបានចាត់ចែងទឹកបានយ៉ាងល្អប្រសើរជាទីបំផុត ហើយតាមរយៈប្រព័ន្ធគ្រប់គ្រងផ្លូវទឹកបុរាណដែលយើងសិក្សាស្រាវជ្រាវរកឃើញឡើងវិញហ្នឹង គឺយើងអនុវត្តតាមអ្វីដែលបុព្វបុរសយើងបានធ្វើទេ គ្រាន់តែយើងធ្វើឱ្យដំណើរការឡើងវិញនូវអ្វីដែលមានស្រាប់» ៕