សៀមរាបៈ អាជ្ញាធរជាតិអប្សរាកាលពីម្សិលមិញបានបើកទីតាំងទទួលពាក្យ និងផ្ដល់សេវាដល់ពលរដ្ឋចំនួន ៣ បន្ថែមទៀតដើម្បីជួយសម្រួលដល់ការស្នើសុំសេវា និងការសាងសង់សំណង់ផ្សេងៗនៅក្នុងតំបន់ឧទ្យានអង្គរឲ្យរឹតតែប្រសើរជាងមុន។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃម្សិលមិញថា កន្លងមកអាជ្ញាធរជាតិអប្សរាមានទីតាំងសម្រាប់ផ្ដល់សេវាផ្សេងៗចំនួន ៣ កន្លែងរួចមកហើយ។
ប៉ុន្ដែដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋទើបបើក ៣ កន្លែងបន្ថែមទៀត។ ទីតាំងបន្ថែមទាំង ៣ នោះគឺទី ១ នៅមជ្ឈមណ្ឌលសេវាកម្មអតីតបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទី ២ ច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គរធំ និងទី ៣ នៅស្រុកបន្ទាយស្រី។
លោកថ្លែងថា៖ «គោលដៅសំខាន់នៃការបង្កើតទីតាំងបន្ថែមនេះគឺដើម្បីផ្ដល់សេវាកម្មសាធារណៈរបស់អាជ្ញាធរអប្សរាឲ្យកាន់តែជិតបងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាងណាដើម្បីទទួលរាល់សំណូមពររបស់ប្រជាពលរដ្ឋគ្រប់យ៉ាងក្នុងនោះរួមទាំងតម្រូវការនៃការស្នើសុំជួសជុល សាងសង់ផ្ទះជាដើម»។
បើតាមអាជ្ញាធរជាតិអប្សរាក្នុងរយៈពេល ១ សប្តាហ៍ដើមខែឧសភានេះ អាជ្ញាធរអប្សរាបានទទួលពាក្យស្នើសុំសាងសង់ថ្មី និងជួសជុលសំណង់ចំនួន ៥២ ករណី ហើយក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យទីតាំងសំណើសុំសាងសង់ទាំងនេះបានចំនួន ២៤ ករណីជួយសម្រួល និងរៀបចំគំនូសប្លង់ជូនពលរដ្ឋបាន ៦ ករណីផងដែរ។
លោក ឡុង កុសល បញ្ជាក់ថាអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ពិនិត្យ និងពង្រឹងការងាររបស់ខ្លួនបន្ថែមតាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញពោលគឺធ្វើយ៉ាងណាឲ្យសេវាកម្មមិនគិតប្រាក់នេះកាន់តែខិតជិតពលរដ្ឋ។
អាជ្ញាធរជាតិអប្សរាឲ្យដឹងថាក្នុងរយៈពេល ៤ ខែឆ្នាំនេះបានអនុញ្ញាតឲ្យពលរដ្ឋជួសជុលផ្ទះ និងសាងសង់សំណង់តូចតាចចំនួន ១ ១១០ គ្រួសារក្នុងសំណើចំនួន ១ ៥២៣ គ្រួសារ និងបានទប់ស្កាត់ និងរុះរើសំណង់បំពានច្បាប់ចំនួន ៧២៩ ករណីផងដែរ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងពីម្សិលមិញថា ការបង្កើតទីតាំងផ្ដល់សេវារបស់អាជ្ញាធរជាតិអប្សរាបែបនេះគឺជាការបង្ខិតនូវសេវារបស់អាជ្ញាធរអប្សរាឲ្យទៅជិតដល់ពលរដ្ឋ ខណៈកាលពីមុនពលរដ្ឋត្រូវចំណាយពេលច្រើនក្នុងការស្នើសុំសេវាផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «ការបង្កើតទីតាំងផ្ដល់សេវាបន្ថែមនេះគឺរឹតតែផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ព្រោះកាលពីមុនពលរដ្ឋត្រូវឡើងទៅដល់ទីតាំងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា។ ករណីបែបនេះគឺបានជួយបន្ថយបន្ទុកចំពោះពលរដ្ឋដូចជា ការធ្វើដំណើរ និងចំណេញពេលវេលារបស់ពលរដ្ឋផងដែរ។ ខ្ញុំគ្រោងពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីបើកដំណើរការច្រកចេញចូលតែ ១ សម្រាប់ស្រុកបន្ទាយស្រីតែម្ដង ដើម្បីរឹតតែផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋគឺបើពួកគាត់មានតម្រូវការសេវាអ្វីមួយគឺមករកនៅកន្លែងច្រកតែ ១ តែម្ដង»៕