សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្អាក​ដាំ​ដើមឈើ​នៅមុខ​ប្រាសាទ​អង្គរវត្ត ក្រោយពី​មាន​ការតវ៉ា​ពី​អាជីវករ​លក់​អាហារ​នៅមុខ​ប្រាសាទ​នេះ​ជិត ១០០ តូប​ ដោយ​ពួកគេ​ប្រមូល​ផ្តុំគ្នា​កាលពី​ចុង​សប្តាហ៍​មុន ហើយ​បាន​កាយ​ដី​លុបរណ្តៅ​ដែល​អាជ្ញាធរ​បាន​ជីក​សម្រាប់​ដាំ​ដើមឈើ​ដើម្បី​កែលម្អ​បរិវេណ​ប្រាសាទ​អង្គរ​ឲ្យ​មាន​សោភណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។

តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ដើម​សប្តាហ៍​មុន បាន​ប្រកាស​ថា ដើម្បី​លើក​តម្លៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​មាន​សោភណភាព​ស្រស់ស្អាត ព្រមទាំង​រៀបចំ​បរិស្ថាន​ជុំវិញ​ឱ្យមាន​ទេសភាព​បៃតង អាជ្ញាធរ​ជាតិអប្សរា​នឹង​ធ្វើការ​ដកហូត​ដើមអម្ពិល​ទឹក និង​ដើមឈើ​មិន​ចាំបាច់​មួយ​ចំនួន​នៅ​បរិវេណ​ទីលាន​មុខ​ប្រាសាទ​អង្គរវត្ត​ផ្នែក​ខាងជើង​ឆៀង​ខាង​លិច​ដោយ​ជំនួស​មក​វិញ​នូវ​ប្រភេទ​ដើមឈើ​ប្រណីត​។

អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា មន្ត្រី​ក៏បាន​ចុះ​អប់រំ និង​បាន​ប្រកាស​បិទ​ចរាចរណ៍​តំបន់​នេះ​រយៈពេល​ ២ ​ថ្ងៃ​ផងដែរ​ ដើម្បី​​ជីករណ្តៅ​ដី​ក្នុង​ការដាំ​ដើមឈើ​ឡើង​វិញ ប៉ុន្តែ​ក្នុង​សកម្មភាព​នោះ​ក៏​មាន​ក្រុម​អាជីវករ​ជាច្រើន​ដែល​មិន​ពេញ​ចិត្ត​នឹង​គម្រោង​នេះ​បាន​នាំគ្នា​តវ៉ា និង​រួមគ្នា​ធ្វើការ​កាយ​ដី​លុបរណ្តៅ​នោះ​វិញ​។ នេះ​បើ​តាម​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​ កុសល ​ថ្លែង​ថា​ក្នុង​ពេល​បច្ចុប្បន្ន​បន្ទាប់ពី​មាន​ការធ្វើ​សកម្មភាព​របស់​ក្រុម​អាជីវករ អាជ្ញាធរ​អប្សរា​មិនទាន់​មាន​សកម្មភាព​អ្វី​នោះទេ ព្រោះ​មិន​ចង់​ឲ្យ​មាន​ការប៉ះទង្គិច​គ្នា ប៉ុន្តែ​លោក​បញ្ជាក់​ថា កិច្ចការ​នេះ​នឹង​នៅ​តែ​បន្ត​ធ្វើ​ដោយ​ព្យាយាម​យ៉ាងណា​ផ្តល់​ផលប្រយោជន៍​ទាំង​បេតិកភណ្ឌ និង​ផលប្រយោជន៍​ដល់​បងប្អូន​ដែល​ប្រកប​មុខរបរ​លក់ដូរ​ក្នុង​តំបន់​នេះ​។

លោក​បញ្ជាក់ថា​៖ «​បងប្អូន​យើង គាត់​មើល​ឃើញ​តែ​ផលប្រយោជន៍​គាត់​ ១ ​ជ្រុង​ហើយ​ការអភិវឌ្ឍ​របស់​យើង​ទៀត គាត់​ក៏​មិន​បាន​គិតគូរ​។ យើង​ដឹង​ហើយ​ទីកន្លែង​មួយ​ចំនួន​ដែល​គាត់​លក់​ហ្នឹង​មាន​ទឹក​ដក់​លិច មាន​ជង្ហុក​ដោយសារ​តែ​មាន​ការបើកបរ​យានយន្ត​ចេញ​ចូលៗ​ដែល​មិន​អាច​ធ្វើឲ្យ​កន្លែង​ហ្នឹង​មាន​សោភណភាព​ល្អប្រសើរ​នោះទេ​»​។

លោក​បន្តថា អ្វី​ដែល​អាជីវករ​បាន​ធ្វើ​គឺ​មិនមែន​ជា​ការចូលរួម​ទេ គឺជា​ការបន្ទុចបង្អាក់ ជា​ការមិន​យល់​អំពី​ផលប្រយោជន៍​រួម​របស់​អាជីវករ​ទាំងអស់​គ្នា​ហ្នឹង​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា គម្រោង​កែលម្អ​បរិវេណ​ក្នុង​តំបន់​អង្គរ​ដែល​មាន​ផ្ទៃដី​ប្រមាណ​ ៤០១ ​គីឡូម៉ែត្រ​ក្រឡា​នេះ ​គឺ​ចាប់​ផ្តើមធ្វើ​តាំងពី​ដើម​ខែ​តុលា​ដោយ​បាន​ដាំ​ដើមឈើ​ប្រណីត​រាប់ពាន់​ដើម​ដូចជា​ដើម​ក្រវ៉ាន់ និង​ដើមឈើ​ផ្សេងៗ​ទៀត​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ និង​មាន​ការក្រាល​ស្មៅ​ជាដើម​។

ការដាំ​ដើមឈើ​គឺ​ត្រូវ​ធ្វើ​តាំងពី​ផ្លូវ​ចូល​ព្រលាន​យន្តហោះ​រហូត​ដល់​អង្គរវត្ត និង​ផ្នែក​ខ្លះ​នៃ​អង្គរ​គឺ​គ្មាន​ការតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ​នោះ​ទេ ទើប​តែ​មាន​ការតវ៉ា​នៅពេល​ដំណើរការ​នេះ​បាន​ចាប់ផ្តើម​មុខ​ប្រាសាទ​អង្គរវត្ត​ផ្នែក​ខាងជើង​ឆៀង​ខាងលិច​ដែល​ជា​ទីតាំង ចំណត​ឡាន​បណ្តោះអាសន្ន​ចាស់ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ទីតាំង​ចំណត​ថ្មី​រួចហើយ​នៅ​ក្បែរ​នោះ​។

អ្នកស្រី សុខា ដែល​មាន​ហាង​បាយ​ឈ្មោះ​ហាង​បាយ​សុខា នៅ​ក្បែរ​ស្រះ​ត្រពាំងសេះ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​បាន​និយាយថា តូប​អាជីវករ​នៅមុខ​អង្គរ​នេះ​គឺ​មាន​ប្រមាណ​ ១០០ ​តូប​ដែល​ក្នុង​នោះ​ភាគច្រើន​អាជីវករ​មិន​ពេញ​ចិត្ត​នឹង​ការដាំ​ដើមឈើ​ដែល​មិនមាន​ដំណោះស្រាយ​អ្វី​សោះ​សម្រាប់​ពួកគាត់​នោះទេ​។

អ្នកស្រី សុខា ថ្លែង​ថា​អ្នកស្រី​មាន​គំនិត​ដូច​ក្រុម​អាជីវករ​ដទៃទៀត​ដែល​បង្ហាញ​ពី​ក្តីកង្វល់​នៅពេល​មាន​ការដាំ​ដើមឈើ​នោះ​ថា បើ​ការដាំ​នេះ​មិន​ទុក​ផ្លូវ​សម្រាប់​យានយន្ត​បើកបរ​នៅ​មុខ​តូប​របស់​ពួកគេ​នោះ​ទេ​នឹង​ធ្វើឲ្យ​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ដែល​ពឹង​អាស្រ័យ​តែ​លើ​មុខរបរ​នេះ​។

អាជីវករ​រូបនេះ​បញ្ជាក់​ថា​៖ «​អាជីវករ​មួយចំនួន​គិតថា អាជ្ញាធរ​ជីក​ដាំ​ដើមឈើ​ហ្នឹង​ទៅ​ធ្វើឲ្យ​ពួកគាត់​លក់​អត់​សូវ​ដាច់​ហើយ​បើ​តាម​ខ្ញុំ​ស្តាប់ឮ​មតិ​របស់​ពួកគាត់ (​អ្នក​តវ៉ា​) ថា បើ​អាជ្ញាធរ​ចង់​ដាំ ក៏​ដាំ​ទៅ ក៏​ប៉ុន្តែ​គួរ​រក​ទីតាំង​ថ្មី​ដែល​ល្អ​ជាង​មុន​ឲ្យ​ពួកគាត់​លក់​ជាមុនសិន​»​។

មិន​ខុស​គ្នា​នេះ​ដែរ​អ្នកលក់​បាយ​ម្នាក់​ទៀត​ដែល​មាន​ហាង​ឈ្មោះ​សិរីមង្គល ថ្លែង​ថា​បើ​អាជ្ញាធរ​អប្សរា​សម្រួល និង​ជួយ​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​គម្រោងការ​នេះ​ទៅ​ក្រុម​អាជីវករ​ឲ្យ​បាន​មុន និង​ច្បាស់លាស់​ជាង​នេះ នោះ​នឹង​មិន​មាន​ការរារាំង​ពី​ក្រុមអាជីវករ​នោះទេ​។

អ្នកស្រី​ថា​៖ «​ដាំ​ក៏​ដាំ​ចុះ​ ប៉ុន្តែ​ទុក​ផ្លូវ​អី​ឲ្យ​ប្រជាជន​អ៊ីចឹង​ណា​អូន​។ ទុក​ផ្លូវ​ដូច​ថា​មួយ​សមរម្យ​ឲ្យ​ប្រជាជន​រស់​ដែរ​ទម្រាំ​មាន​កន្លែង​លក់ដូរ​ថ្មី​។ ព្រោះ​អី​គេ​អត់​មាន​ប្រាប់​យើង​ទេ​គ្រាន់​តែ​មុន​ ១ ​ថ្ងៃ​ហ្នឹង​មាន​ភ្ញៀវ​មក​ញ៉ាំ​បាយ​ហើយ​ប្រាប់​ពួកគាត់​ថា កន្លែង​នេះ​គេ​នឹង​បិទ​អត់​ឲ្យ​លក់​​ ២ ​ថ្ងៃ​ហើយ​រសៀល​ទើប​មាន​គេ​មក​ប្រាប់​»​។

យ៉ាងណាក្តី​លោក​ ឡុង កុសល ថ្លែងថា​៖ «​ចំពោះ​ករណីនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​ទៅ​លើ​គ្រប់​វិធានការ​ដែល​នឹង​អាច​អនុវត្ត​បាន ដើម្បី​ឲ្យ​គ្រប់ភាគី​អាច​ទទួល​យក​បាន ព្រោះ​ជម្រើស​របស់​យើង​មាន​ច្រើន​រហូត​ដល់​ឈាន​ទៅ​អនុវត្ត​ជម្រើស​ផ្លូវ​ច្បាប់​»៕