សៀមរាប: គិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបាន អនុញ្ញាតឲ្យពលរដ្ឋចំនួន ១ ៩៥៩ គ្រួសារ នៅតំបន់អង្គរជួសជុលកែលម្អលំនៅឋាន និងសង់សំណង់ប្រភេទស្រាល បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំងសំណង់ និងឯកសារជាក់ស្ដែងចំនួន ២ ៦៣៩ គ្រួសារ។
តាមរបាយការណ៍ ៦ ខែដំបូងនៃឆ្នាំនេះរបស់ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង ៥ ក្រុមនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងកាលពីថ្ងៃទី ៦ កក្កដាថា ក្រុមការងារបានចុះពិនិត្យការជួសជុលកែលម្អលំនៅឋាន និងការសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់អង្គរចំនួន ២ ៦៣៩ គ្រួសារ។ ក្នុងនោះបានអនុញ្ញាតឲ្យពលរដ្ឋចំនួន ១៩៥៩ គ្រួសារអាចជួសជុលកែលម្អលំនៅឋាន និងសាងសង់សំណង់ស្រាលតូចតាចរបស់ខ្លួនតាមការស្នើសុំ។
របាយការណ៍បន្ដថា ក្នុងចំណោមពលរដ្ឋ ១ ៩៥៩ គ្រួសារដែលទទួលបានការអនុញ្ញាតនោះរួមមាន ស្រុកប្រាសាទបាគង ២១១ គ្រួសារ ស្រុកអង្គរធំ ៣០៥ គ្រួសារ ស្រុកពួក ៤៤២ គ្រួសារ ក្រុងសៀមរាប ៣៥១ គ្រួសារ និងស្រុកបន្ទាយស្រី ៦៥០ គ្រួសារ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាបានថ្លែងកាលពីថ្ងៃទី ៦ កក្កដាថា ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងពិនិត្យឯកសារចាំបាច់មួយចំនួនដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារមកហើយ។
លោកបន្តថា លើសពីនេះក៏ត្រូវមានការបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អសំណង់ផងដែរ។ សកម្មភាពទាំងនេះគឺជាការចូលរួមចំណែករបស់ពលរដ្ឋជាមួយអាជ្ញាធរជាតិអប្សរាក្នុងការថែរក្សាតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ម្យ៉ាងទៀត វាជាការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យជិតពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមក។
លោកបញ្ជាក់ថា៖ «យើងអនុញ្ញាតឲ្យនេះ រួមមាន ការជួសជុល ឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយាប រៀបឥដ្ឋក្រោមផ្ទះសាងសង់បង្គន់អនាម័យទ្រុងមាន់ចាក់ដី ក្រោលគោ ទ្រុងជ្រូក និងតម្រូវការចាំបាច់ផ្សេងទៀតក្នុងការរស់នៅប្រចាំថ្ងៃ។ សំណង់ក្រៅពីនេះយើងមិនអនុញ្ញាតទេ»។
លោក ឡឹក វន់ មេភូមិព្រះដាក់ស្រុកបន្ទាយស្រីបានថ្លែងពីថ្ងៃចន្ទថា ភូមិព្រះដាក់ ស្ថិតក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ប្រសិនបើពលរដ្ឋមានបំណងចង់ជួសជុលសំណង់អ្វីមួយគឺពួកគាត់ត្រូវតែមកពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងដាក់សំណើទៅក្រុមការងារលេខាធិការដ្ឋានសហគមន៍របស់អាជ្ញាធរជាតិអប្សរា។
លោកបានបន្តថា ក្រោយពេលដាក់សំណើរយៈពេលជិត ១ សប្ដាហ៍អាជ្ញាធរជាតិអប្សរានឹងជូនដំណឹងមកពលរដ្ឋវិញ ព្រមទាំងមានក្រុមការងារជំនាញចុះមកពិនិត្យដល់ទីតាំងផ្ទាល់តែម្ដង។ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់ថ្មីៗទៀតទេពោលគឺអនុញ្ញាតត្រឹមជួសជុលសំណង់ចាស់ៗដែលមានស្រាប់ប៉ុណ្ណោះ។ «ពេលពលរដ្ឋគាត់ចង់ជួសជុលសំណង់ផ្ទះគាត់ គាត់ត្រូវមកប្រឹក្សាជាមួយខ្ញុំ និងមេឃុំសិន ក្រោយមកយើងណែនាំឲ្យគាត់ដាក់ពាក្យទៅលេខាធិការដ្ឋានសហគមន៍របស់អាជ្ញាធរជាតិអប្សរាគឺក្រុមការងារហ្នឹងគាត់ចាំទទួលសំណើពលរដ្ឋហើយគេអនុញ្ញាត ឬមិនអនុញ្ញាត គេជូនដំណឹងមកយើងវិញ»។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ចំនួន ៥ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់អង្គរលើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េក្នុងក្រុង/ស្រុកចំនួន ៥ ឃុំចំនួន ២១ និងភូមិចំនួន ១១២ ក្នុងការជួយលើការជួសជុលផ្ទះចាស់ និងសាងសង់សំណង់ស្រាលៗ ការដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលពលរដ្ឋមានទុក្ខលំបាករួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ពលរដ្ឋគ្រប់ៗគ្នា៕