សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានចេញលិខិតបំភ្លឺជុំវិញការចោទប្រកាន់របស់លោកស្រី លី អ៊ុំអេង នាយិកាក្រុមហ៊ុន លី អ៊ុំអេង លីមីធីត និងជាសមាជិកកាកបាទក្រហមកម្ពុជាប្រចាំខេត្តសៀមរាបលើជម្លោះដីធ្លីមួយកន្លែងនៅចំណុចផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបដែលអាជ្ញាធរនេះអះអាងថា បុគ្គលរូបនេះបានរំលោភដោយសង់ការិយាល័យលក់ដីឡូត៍នៅលើដីរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី ៩ សីហា អាជ្ញាធរជាតិអប្សរាបានដាក់ឱសានវាទមួយសប្តាហ៍ដល់លោកស្រី លី អ៊ុំអេង ឲ្យរុះរើសំណង់របស់លោកស្រីចេញពីដីរបស់អាជ្ញាធរអប្សរាដែលមានក្បាលដីលេខ ១៨៧៤ និង ១៩១៣ ស្ថិតក្នុងភូមិបឹងដូនប៉ា និងក្បាលដីលេខ ៤៩៩១ លេខ ៥២១១ លេខ ៥២២៦ ដល់លេខ ៥២២៩ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្តែបុគ្គលរូបនេះមិនបានអនុវត្តតាមនោះទេ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងសេចក្តីបំភ្លឺមួយថាកាលពីឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋនូវដីធ្លីទាំងឡាយក្នុងបុរីសណ្ឋាគារដែលគណៈកម្មការអន្តរក្រសួងមិនទាន់បានដោះស្រាយគោលនយោបាយ ហើយប្រជាពលរដ្ឋបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង។
ក្នុងអំឡុងពេលនោះលោកស្រី លី អ៊ុំអេង ព្រមទាំងសាច់ញាតិបានដាក់ពាក្យបណ្តឹង និងពាក្យសុំទៅស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីទទួលបានប្រទានកម្មជាកម្មសិទ្ធិលើក្បាលដីមានជម្លោះខាងលើនេះ។ ប៉ុន្តែត្រូវបានបដិសេធហើយចុងក្រោយរដ្ឋាភិបាលសម្រេចជាគោលការណ៍ អនុញ្ញាតឲ្យធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ «ជាកម្មសិទ្ធិឯកជនរបស់រដ្ឋ» ដោយមិនព្រមផ្តល់ប្រទានកម្មជាកម្មសិទ្ធិដល់អ្នកស្រី លី អ៊ុំអេង និងសាច់ញាតិនោះទេ។
យ៉ាងណាក្តីអាជ្ញាធរជាតិអប្សរាបានអះអាងថារហូតមកដល់បច្ចុប្បន្ន បុគ្គលរូបនេះនៅតែមានចេតនាចង់កាន់កាប់លើដីខាងលើនេះដោយបានសាងសង់ការិយាល័យលក់ និងបានអះអាងខុសពីការពិតគ្មានមូលដ្ឋាន និងទម្លាក់កំហុសមកលើអាជ្ញាធរដោយថា គាត់មានលិខិតកាន់កាប់ ឯកសារត្រឹមត្រូវផងដែរ។
លិខិតបំភ្លឺដដែលបញ្ជាក់ថា៖ «ដើម្បីចៀសវាងការភាន់ច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា និងជាការឆ្លើយតបចំពោះការលើកឡើងរបស់អ្នកស្រី លី អ៊ុំអេង ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូត៍របស់គាត់លើក្បាលដីលេខ ៥២២៩ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាសូមធ្វើការបំភ្លឺជូន»។ បើតាមអាជ្ញាធរអប្សរាដោយយោងតាមអនុក្រឹត្យលេខ ១៥៨ ចុះឆ្នាំ ២០១៦ អ្នកស្រី អ៊ុំអេង បានទទួលប្រទានកម្មជាកម្មសិទ្ធិនូវទំហំដីជាង ១៧ ហិកតាក្នុងតំបន់នេះរួចមកហើយ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើទោះបានទទួលសិទ្ធិកាន់កាប់លើដីទំហំជាង ១៧ ហិកតានេះ ក៏បុគ្គលរូបនេះនៅតែមានចេតនាអាក្រក់ទន្ទ្រានយកដីនៅជិតខាងនេះបន្ថែមទៀតដែលដីទាំងនោះគឺជាដីកាន់កាប់ដោយអាជ្ញាធរជាតិអប្សរា។
លោកបញ្ជាក់បន្តថា៖ «អ៊ីចឹងបានន័យថា រឿងដីធ្លីហ្នឹងលោកជំទាវហ្នឹង មិនមែនមិនបានទទួលដីនៅតំបន់នោះទេ ហើយគាត់បានគ្រប់គ្រងជាក់ស្តែងទៀត។ ក៏ប៉ុន្តែទីតាំងមួយចំនួន ក្បាលដីមួយចំនួនដែលបានលើកឡើងអម្បាញ់មិញនេះគឺសុទ្ធតែជាទីតាំងដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកាន់កាប់ និងបានដោះស្រាយតាមគោលនយោបាយរួចរាល់ហើយ»។
លោក ឡុង កុសល ក៏បានលើកឡើងដែរថា ការដោះស្រាយជម្លោះដីធ្លីក្នុងតំបន់នេះមិនមែនធ្វើឡើងដោយអាជ្ញាធរអប្សរានោះទេ គឺធ្វើឡើងដោយគណៈកម្មការអន្តរក្រសួងដែលមានភារកិច្ចដោះស្រាយដីមានជម្លោះជាមួយប្រជាពលរដ្ឋ ដូច្នេះចំពោះក្បាលដីទាំងនេះអាជ្ញាធរអប្សរានឹងការពារឲ្យបានដោយមិនបណ្តាយឲ្យជនណារំលោភបំពានបានទេ។
លោកស្រី លី អ៊ុំអេង នាយិកាក្រុមហ៊ុនលីអ៊ុំអេងលីមីធីត និងជាសមាជិកកាកបាទក្រហមកម្ពុជាប្រចាំខេត្តសៀមរាប មិនអាចស្វែងរកប្រភពទាក់ទងបានទេកាលពីម្សិលមិញ។
ប៉ុន្តែកន្លងទៅលោកស្រីបានអះអាងប្រាប់កាសែតក្នុងស្រុកថា មន្ត្រីមួយចំនួននៅអាជ្ញាធរជាតិអប្សរាបានធ្វើរបាយការណ៍ភូតកុហកទៅថ្នាក់លើថា បានដោះស្រាយគោលនយោបាយលើក្បាលដីរបស់លោកស្រីរួចហើយ តែធាតុពិតលោកស្រីមិនបានទទួលលុយគោលនយោបាយពីខាងអាជ្ញាធរជាតិអប្សរាសូម្បីតែមួយកាត់មួយសេននោះទេ។
លោកស្រីបន្តថាបើតុលាការរកឃើញឯកសារណាមួយថា លោកស្រីពិតជាបានទទួលលុយគោលនយោបាយមែននោះលោកស្រីនឹងដើរចូលគុកដោយខ្លួនឯង ហើយម្យ៉ាងវិញទៀតរឿងរ៉ាវដីធ្លីនេះលោកស្រីក៏បានដាក់បណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ហើយសាលាដំបូងក៏បានចេញដីការក្សាការពារផងដែរ និងកំពុងបន្តទៅសាលាឧទ្ធរណ៍ ហើយក៏មិនទាន់មានសេចក្តីសម្រេចណាមួយទៀតនោះទេ ចំណែកខាងក្រសួងយុត្តិធម៌ក៏បានចេញដីកាការពារផងដែរ។
លោកស្រី លី អ៊ុំអេង អះអាងថា៖ «មានឯកសារគ្រប់គ្រាន់ដូចជា ប្លង់ដី លិខិតទិញលក់ និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតក្នុងការតតាំងក្តីនៅតុលាការជាមួយអាជ្ញាធរជាតិអប្សរា។ សុំខាងអាជ្ញាធរជាតិអប្សរាមានការអត់ធ្មត់បន្តិចរង់ចាំតុលាការនៅប្រទេសកម្ពុជាសម្រេចសិនថា តើអ្នកណាឈ្នះចាញ់ កុំទាន់មករុះរើស្នាក់ការរបស់ខ្ញុំ ព្រោះស្នាក់ការនេះមិនរត់ទៅណាទេ»។
ប៉ុន្តែលោក ឡុង កុសល បដិសេធថា៖ «អ្វីៗដែលលោកជំទាវគាត់មានជាឯកសារហ្នឹងគឺគ្រាន់តែជាឯកសារមួយដែលមិនបច្ចុប្បន្នភាព ជាឯកសារមួយ ដែលផុតសុពលភាព»។
លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងមហន្តរាយ កាកបាទក្រហមកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា វិវាទនេះអាស្រ័យលើការដោះស្រាយរបស់អាជ្ញាធរមានសមត្ថកិច្ច ព្រោះកាកបាទក្រហមមិនមានគោលការណ៍ជ្រៀតជ្រែកក្នុងជម្លោះទាំងនេះនោះទេ។
លោក សំអាត ក៏អះអាងដែរថា បើករណីនេះលោកស្រី អ៊ុំអេង ពិតជាកាន់កាប់ដីដោយស្របច្បាប់នោះ អាជ្ញាធរនឹងរកយុត្តិធម៌ជូន ប៉ុន្តែបើគាត់ពិតជារំលោភបំពានលើដីរបស់រដ្ឋនោះគឺការទទួលខុសត្រូវរបស់គាត់។ «យើងមិនមានការសម្របសម្រួលទេ ទុកឲ្យអាជ្ញាធរ និងសមត្ថកិច្ចគេរកខុសត្រូវ (យើង) មិនមានគាំទ្រនរណាទេ ហើយអត់មានយោបល់ទេវាជារឿងរបស់លោកជំទាវហ្នឹង ហើយវាប៉ះពាល់ បុគ្គលហ្នឹង បើខុសវាប៉ះពាល់ហើយ»៕