សៀមរាប: មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កំណត់ពេល​ជួសជុល​ប្រាសាទ​ដំរីក្រាប​នៅលើ​ភ្នំ​គូលែន ដែល​ស្ថិត​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្តសៀមរាប ដើម្បី​ធ្វើឲ្យ​ល្អប្រសើរ​ឡើងវិញ ដោយ​ត្រូវ​ប្រើពេល​ ៤ ​ខែ​គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែកក្កដា​ដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ បន្ទាប់ពី​រង​ការខូចខាត​ខ្លាំង​ដោយ​កត្តា​មនុស្ស និង​អាកាសធាតុ​។

លោក​ ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​ដែល​ត្រូវ​ប្រើ​រយៈពេល​រហូត​ដល់ ​៤ ​ខែ​នេះ​ (២០ ​កក្កដា-៣១ ខែធ្នូ ឆ្នាំនេះ​) ​គឺ​លោក​ជា​អ្នកដឹកនាំ​ធ្វើ​ដោយផ្ទាល់ ដើម្បី​លើកកម្ពស់​តម្លៃ​ប្រាសាទ​ឲ្យ​ផុតពី​គ្រោះថ្នាក់​។

អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជុំវិញ​តួ​ប៉ម ជួសជុល​ខ្លោងទ្វារ​ខាងកើត រៀប​ភ្ជិត ពង្រឹង​ស្នាម​ប្រេះ​តូចធំ​នៅលើ​ជញ្ជាំង និង​ជួសជុល​ដំបូល​ដែល​ពុកផុយ​។

លោក​បន្តថា ប្រាសាទ​ដំរីក្រាប​រង​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ទឹកភ្លៀង និង​រុក្ខជាតិ​ដែល​ធ្វើឲ្យ​គ្រឹះ​ស្រុត​ផ្នែក​ខាងលិច បណ្តាល​ឲ្យ​មាន​ស្នាម​ប្រេះ​តូច​​ធំ​ជាច្រើន​កន្លែង និង​ផ្នែក​ខ្លះ​មាន​ឫស​ឈើ​ចាក់​ចូល​ជញ្ជាំង​ធ្វើឲ្យ​ប្រេះ​កាន់តែ​រីកធំឡើង​។

បញ្ហា​សំណើម​ក៏​ធ្វើឲ្យ​ផ្នែក​ខឿន​ប្រាសាទ​ពុកផុយ​ខ្លាំង និង​ផ្នែក​កណ្តាល​ខូច​មធ្យម​។ ​ក្រៅពីនេះ​ការ​ខូច​ក៏ដោយ​សារ​កត្តា​មនុស្ស​ផងដែរ ដោយមាន​ករណី​លួច​បំផ្លិចបំផ្លាញ​ក្បាច់​ក្រឡោត​ខ្ពស់​នៅលើ​ជញ្ជាំង ហោជាង ផ្តែរ និង​ជីក​កកាយ​គ្រឹះ​ខាងក្នុង​ប្រាសាទ ធ្វើឲ្យ​លំនឹង​ប្រាសាទ​មាន​ការប្រែប្រួល​។

លោក​ ឈាន រដ្ឋា បាន​បញ្ជាក់ថា​៖ «​នៅ​សម័យ​មុន​មាន​ការសិក្សា​ស្រាវជ្រាវ​ដោយ​ជនជាតិ​បារាំង និង​ជនជាតិខ្មែរ​ដែល​មាន​លោក E. Aymonier ចុះ​សិក្សា​កាលពី​ឆ្នាំ​ ១៩០៤, លោក E.Lunet កាលពី​ឆ្នាំ​ ១៩១១, លោក H. Pamentier កាលពី​ឆ្នាំ​ ១៩២៧, លោក P.Dupont កាលពី​ឆ្នាំ​ ១៩៣៨, លោក E. Hansen សិក្សា​បន្ត​នៅ​ឆ្នាំ​ ១៩៦៩ និង​ចុង​ក្រោយនេះ​ខ្ញុំ​ជា​អ្នកសិក្សា​បន្ត​ចាប់ពី​ឆ្នាំ​ ២០០៩ រហូត​មក​ដល់​ឆ្នាំ​ ២០១៥ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​ភ្នំ​គូលែន​ដែល​ហៅ​កាត់​ថា​ (ADF) ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​សិក្សា​ផែនទី​ហានិភ័យ​រហូត​ឈានដល់​ការលើក​គម្រោង​ជួសជុល​ប្រាសាទ​នេះ​»​។

លោក​បន្ថែមថា ប្រាសាទ​នេះ​ធ្វើ​អំពី​ឥដ្ឋ​ដែលមាន​តួប៉ម​ ៣ សង់​នៅលើ​ខឿន​តែ​ ១ មាន​កំពែង​ព័ទ្ធជុំវិញ ហើយ​ក៏​ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជាច្រើន​ដែល​ស្ថិតក្នុង​រចនាប័ទ្ម​គូលែន​ក្នុង​រជ្ជកាល​ព្រះបាទជ័យវរ្ម័ន​ទី​ ២ (​គ.ស.៨០២-៨៥០) ​ដែល​ជា​ការចាប់ផ្តើម​នៃ​អរិយធម៌​អង្គរ​។ ​ប្រាសាទ​នេះ​មិនសូវ​ខុសប្លែក​ពី​សម័យមុនៗ​​ទេ​គឺ​បែរ​មុខ​ទៅ​ទិសខាងកើត និង​មាន​ទ្វារបញ្ឆោត​ចំនួន​ ៣ ​ប្លង់​បាត​មាន​រាង​ការ៉េ​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិអប្សរា​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​ទេ កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល​។

ក៏ប៉ុន្តែ​តាម​របាយកាណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានបង្ហាញ​ពីថ្ងៃ​ទី​ ៣០ ខែកក្កដា​ ថា លោក គឹម សុធិន អគ្គនាយករង​បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​កាល​ថ្ងៃទី​ ២៨ ខែកក្កដា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទ​ដំរីក្រាប​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​ក្នុង​បំណង​ទាក់ទាញ​ភ្ញៀវទេសចរ និង​ថែរក្សា​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។

របាយការណ៍​បន្តថា ដោយ​ពិនិត្យឃើញ​ប្រាសាទ​នេះ​កំពុង​​ប្រឈម​គ្រោះថ្នាក់​ចំពោះ​មុខ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​នូវ​គម្រោង​អភិរក្ស និង​ជួសជុល​ត្រង់ចំណុច​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជុំវិញ​​តួប៉ម ជួសជុល​ខ្លោងទ្វារ​ខាងកើត រៀប​ភ្ជិត និង​ពង្រឹង​ស្នាម​ប្រេះ​ហែក​តូចធំ​នៅលើ​ជញ្ជាំង និង​ដំបូល និង​ជួសជុល​ដំបូល​ដែល​ពុកផុយ ដោយ​ត្រូវចំណាយ​ពេល​ ៤ ​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២០ ខែ​កក្កដា និង​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ​ខាង​មុខ​៕