សៀមរាប៖ ក្រុម​ជំនាញ​ការ​ផ្នែក​ព្រៃឈើ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​កាត់​ដើម​ឈើ​ចំនួន ៤ ដើម ដែល​ដុះជាប់​នឹង​រចនា​សម្ព័ន្ធ​ប្រាសាទ​បន្ទាយក្ដី ស្ថិត​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​បញ្ចៀស​ការ​ដួល​រលំ​ដោយ​ធម្មជាតិ ដែល​អាច​នឹង​ខូចខាត​ដល់​ប្រាសាទ​បុរាណ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​អប្សរា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​រសៀល​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១។

លោក កុសល បាន​ថ្លែង​ថា ដើមឈើ​ដែល​នឹង​ត្រូវ​កាត់​ដក​ហូត​នោះ ដោយ​ហេតុ​អាច​នឹង​ដួល​រលំ​ធ្វើ​ឱ្យ​ខូចខាត​ដល់​រចនាសម្ព័ន្ធ​នៃ​ប្រាសាទ​បន្ទាយក្ដី។ ដើម​ឈើ​នោះ មាន​ដើម​ពង្រ​ចំនួន ៣ ដើម និង​ដើម​ចាន់​ចំនួន ១ ដើម។ ដើម​ឈើ​ទាំង​នោះ បាន​ដុះ​ជាប់​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​ចូល​ប្រាសាទ​ដែល​ងាយ​នឹង​យោលយោក ឬ​ដួល​រលំ​ខូចខាត​ដល់​រចនា​សម្ព័ន្ធ​នៃ​ខ្លោង​ទ្វារ​ប្រាសាទ​បន្ទាយក្ដី ព្រោះ​ជិត​ចូល​រដូវ​ភ្លៀង​ធ្លាក់​ និង​ខ្យល់។

លោក កុសល ថ្លែង​ថា ក្រុម​ជំនាញ​ការ​ផ្នែក​ព្រៃ​ឈើ​នៃ​អាជ្ញាធរជាតិ​អប្សរា នឹង​ធ្វើ​ការ​កាត់​ដក​ហូត​នូវ​ដើម​ឈើ​ទាំង ៤ ដើម​នោះ នៅ​ក្នុង​សប្ដាហ៍​ទី ១ នៃ​ខែឧសភា​ ខាង​មុខ​នេះ។

លោក ជូ រ៉ាឌីណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ២៩ ខែ​មេសា​ថា នៅ​ពេល​នេះ ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​អំពី​ស្ថានភាព​នៃ​ដើម​ឈើ​ទាំង ៤ ដើម​នោះ ដើម្បី​រក​វិធីសាស្ត្រ​ធ្វើ​យ៉ាង​ណា​កាត់​ដក​ហូត​ចេញ​ពី​ខ្លោង​ទ្វារ​ប្រាសាទ​បន្ទាយក្ដី ដោយ​ប្រុងប្រយ័ត្ន​មិន​ឱ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន​ខ្លោង​ទ្វារ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា ដើម​ឈើ​ទាំង ៤ ដើម​នោះ បាន​ដុះទ្រេត​ជាប់​ខឿន​ខ្លោង​ទ្វារ​ប្រាសាទ និង​មាន​សភាព​ពុក​គល់ និង​ដើម ប្រព័ន្ធ​ឫស​ខ្សោយ​ដុះ​គ្រប​លើ​ថ្ម និង​ចាក់​ចូល​ក្នុង​រចនា​សម្ព័ន្ធ​គ្រឹះ​របស់​ខ្លោង​ទ្វារ បណ្តាល​ឲ្យ​ថ្ម​របើក​ឡើង និង​រំកិល​ចេញ​ពី​ទីតាំង​ដើម។

លោក​ថ្លែង​ថា៖ «ក្រុម​អ្នក​ជំនាញ​យើង​ត្រូវ​សិក្សា​រិះរក​វិធីសាស្ត្រ បច្ចេកទេស និង​មធ្យោបាយ​ឲ្យ​បាន​សម​ស្រប​បំផុត ដើម្បី​កាត់​ដក​ដើម​ឈើ​ទាំង​នោះ​ដោយ​ប្រុងប្រយ័ត្ន»។

លោក​ថា ក្រុម​មន្ត្រី​ជំនាញ​ទេសភាព​ព្រៃ​ឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សារា បាន​ធ្វើ​ការ​កាត់​មែក​ឈើ​មួយ​ចំនួន ដែល​ដុះ​នៅ​ជាប់​ប្រាសាទ​សួព្រ័ត្រ ទល់​មុខ​ទីលាន​ប្រាសាទ​ជល់​ដំរី។

ក្នុង​រយ:ពេល ៤ ខែ​ដើម​ឆ្នាំ ២០២១ នេះ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​កាត់ក្រី មែកឈើ និង​កាត់​ដក​ហូត​ដើម​ឈើ ដែល​ងាយ​នឹង​ដួល​រលំ​ធ្វើ​ឱ្យ​ខូច​ប្រាសាទ​បុរាណ នឹង​អាច​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ​បាន​ជាង ១០ ទីតាំង​ហើយ ដូចជា​នៅ​លើ​ភ្នំ​គូលេន ក្រុង​អង្គរ​ធំ និង​នៅ​ក្រោយ​តំបន់​អង្គរ​តូច ព្រម​ទាំង​ទីតាំង​ជា​ច្រើន​ទៀត ស្ថិត​ក្នុង​រមណីយដ្ឋាន​អង្គរ។

ការ​កាត់​ដក​ហូត និង​កាត់​ក្រី​ដើម​ឈើ​នេះ មិន​មាន​ន័យ​ថា កាត់​ដើម​ឈើ​បំផ្លាញ​ចោល​នោះ​ទេ គឺ​ធ្វើ​ឡើង​ចំពោះ​ដើមឈើ​ដែល​ងាយ​នឹង​ដួល​រលំ​ប៉ុណ្ណោះ៕