សៀមរាបៈ អាជ្ញាធរ​ជាតិអប្សរា​គ្រោង​នឹង​ដោះលែង​សត្វស្លាប​កម្រ​ចំនួន​ ៣ ​ប្រភេទ ដែល​មាន​សរុប​ ១១ ​ក្បាល​ទៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ធ្លាប់បាន​លែង​សត្វ​ជាច្រើន​ប្រភេទ​ចូល​ទៅក្នុង​តំបន់​នេះ​។​ ជាមួយ​​គ្នា​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ថែរក្សា​សត្វ​ទាំងនេះ​ផងដែរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី​ ១៧ ខែឧសភា​ថា​៖ «​កាលពី​ចុង​សប្តាហ៍​កន្លងទៅ គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដឹកជញ្ជូន​សត្វ​ស្លាប ៣ ​ប្រភេទ​ផ្សេងទៀត​សរុប​ចំនួន​ ១១ ​ក្បាល​មក កាន់​ព្រៃ​រមណីយដ្ឋាន​អង្គរ​»​។

សត្វ​ស្លាប​ទាំងនោះ​រួមមាន​​សត្វក្ងោក​ចំនួន​ ៥ ​ក្បាល សត្វកេងកង​ធំ​ចំនួន​ ៣ ​ក្បាល និង​សត្វព្វាំង ចំនួន​ ៣ ​ក្បាល ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វព្រៃ​នានា និង​ប្រជាពលរដ្ឋ​យក​មក​ផ្សាំង​នៅ​ក្នុងព្រៃ​រមណីយដ្ឋាន​អង្គរ​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​ «​ក្រុមការងារ​គម្រោង​នឹង​ធ្វើការ​ដោះលែង​សត្វ​ស្លាប​ទាំងនេះ​ចេញពី​ទ្រុង​ចូល​ទៅក្នុង​ព្រៃ​នាពេល​ខាង​មុខ​»​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​​បញ្ជាក់ថា កន្លងមក​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ទទួល​បាន​ជោគជ័យ​ក្នុង​​ការដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​មានដូចជា សត្វទោច​មកុដ​ ១១ ​ក្បាល ដែល​កើតកូន​បាន​ ៤ ​ក្បាល សត្វឈ្លូស​ ៤ ​ក្បាល សត្វ​ស្វាព្រាម​ ១២ ​ក្បាល សត្វ​សំពោចក្រអូប​ ៥ ​ក្បាល សត្វ​ភេ​ខ្លួន​រលោង ៤ ​ក្បាល ដែល​កើតកូន​បាន​ ២ ​ក្បាល សត្វ​ឆ្មា​ដាវ​ ២ ​ក្បាល សត្វ​កេងកង​តូច​ ២ ​ក្បាល និង​សត្វ​ផ្សេងៗ​មួយចំនួនទៀត​។

អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ឱ្យដឹង​ដែរ​ថា មកទល់​បច្ចុប្បន្ន​សត្វ​ទាំងអស់​នេះ​នៅតែ​មាន​វត្តមាន​នៅ​ទីនោះ​នៅឡើយ ក្រោម​​ការយកចិត្ត​ទុកដាក់​តាមដាន​ និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​ «​ដើម្បីឱ្យ​សត្វព្រៃ​ទាំងអស់​បន្ត​វត្តមាន​នៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង​នឹង​បង្កើន​ចំនួន​បន្ថែមទៀត​»​។

ជាមួយ​នេះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ទៅដល់​​សាធារណជន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នោះ​ឱ្យ​ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ ដោយ​ចៀសវាង​មានបំណង​មិនល្អ​ពេល​ប្រទះឃើញ និង​ចៀសវាង​ផ្តល់​ចំណី​ឱ្យ​សត្វ​ទាំងនោះ​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​នៅ​ថ្ងៃទី​ ១៧ ខែ​ឧសភា​។

ក៏ប៉ុន្តែ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ Wildlife Alliance ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ចុងខែ​មេសា​ដែល​បាន​ដកស្រង់​សម្ដី​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា បន្ទាប់ពី​ដោះលែង សត្វ​ទាំងនោះ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាងប្រុងប្រយ័ត្ន​ ដើម្បី​ធានា​វត្តមាន​ និង​សុខុមាលភាព​របស់​ពួកវា​។

កាមេរ៉ា​ត្រូវ​បាន​បំពាក់​នៅក្នុង​ព្រៃ​ដើម្បី​ត្រួតពិនិត្យ​សត្វ​ទាំងនោះ ហើយ​មាន​អ្នក​ថែទាំ​ ២ ​នាក់​ជា​អ្នក​មើលថែ​ពួកវា រួមទាំង​ផ្តល់​អាហារ​បន្ថែម​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​បញ្ជាក់ថា តំបន់​ប្រាសាទ​អង្គរ​ធ្លាប់​បាន​បាត់​មុខ​ចេញពី​ពិភពលោក ហើយ​ការរកឃើញ​ឡើងវិញ នាំឱ្យ​មាន​ការទទួលស្គាល់​ជា​សកល​នៃ​អង្គរ​ជា​មជ្ឈមណ្ឌល​បេតិកភណ្ឌ​វប្បធម៌​​របស់​កម្ពុជា​។ ​ប្រសិនបើ​ជោគជ័យ គម្រោង​ដោះលែង​សត្វព្រៃ​​ក្នុង​ឧទ្យាន​អង្គរ​នៅតែ​បន្ត​កើតមាន ហើយ​នៅ​តំបន់​អង្គរ​អាច​ដណ្តើម​បានជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដ៏សំខាន់​របស់​កម្ពុជា​ផងដែរ​៕