សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានចុះបញ្ជីវត្ថុសិល្បៈចំនួន ៧១១ បំណែក ក្នុងចំណោម ១ ២៤២ បំណែក ដែលប្រមូលបានពីពលរដ្ឋ និងតាមប្រាសាទចំនួន ៩១ ក្នុងរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសារពើភណ្ឌ ដើម្បីកំណត់អត្តសញ្ញាណឱ្យបានត្រឹមត្រូវ និងការពារកុំឱ្យបាត់បង់។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា វត្ថបុរាណទាំងនោះគឺជាវត្ថុបែកបាក់ពីប្រាសាទក្នុងតំបន់អង្គរ និងមានអាយុរាប់សតវត្សរ៍ដែលប្រមូល និងរកឃើញបន្ថែមថ្មីៗនេះ។
លោកថា៖ «របស់ទាំងហ្នឹងគឺនៅជាមួយប្រាសាទ ប៉ុន្តែបានបែកបាក់។ អ៊ីចឹង!យើងត្រូវតែធ្វើការប្រមូលយកមករក្សាទុកដើម្បីកំណត់អត្តសញ្ញាណនៅក្នុងបញ្ជីសារពើភណ្ឌគឺដើម្បីឱ្យយើងដឹងថា តើវត្ថុមួយហ្នឹងត្រូវបានដកចេញពីកន្លែងណា ដកចេញពីប្រាសាទណា និងដកចេញពីថ្ងៃណា និងស្ថិតក្នុងរចនាប័ទ្មអ្វី ដើម្បីកំណត់អត្តសញ្ញាណឱ្យបានច្បាស់»។
តាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាពីម្សិលមិញថា ការកំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះគឺអាស្រ័យលើព័ត៌មានជាក់លាក់ពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗ ដើម្បីជួយសម្រួលដល់ការងារជួសជុល និងទប់ស្កាត់ការចល័ត ឬបាត់បង់ជាយថាហេតុ។
លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានបញ្ជាក់ថា បំណែកវត្ថុសិល្បៈទាំងនោះគឺភាគច្រើនធ្វើពីថ្មភក់ ដូចជា សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គ ឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលាលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។
លោកថា៖ «ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាកេរមរតកបេតិកភណ្ឌ»៕