សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានធ្វើកំណាយប្រាសាទលលៃរយៈពេល ២ ខែ មុនពេលជួសជុលឡើងវិញឱ្យរួចផុតពីហានិភ័យ បន្ទាប់ពីរងការខូចខាតដោយសារកត្តាអាកាសធាតុ ការបំផ្លាញដោយរុក្ខជាតិ និងអាយុកាលរបស់សំណង់។
តាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងកាលពីថ្ងៃទី ២៣ មីនា ថា ការដ្ឋានកំណាយប្រាសាទលលៃបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមីនាឆ្នាំនេះដោយក្រុមការងារជួសជុលប្រាសាទរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពាលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើកំណាយស្រាវជ្រាវមុននឹងជួសជុលប្រាសាទនេះឡើងវិញ។
អាជ្ញាធរជាតិអប្សរាបានឲ្យបន្ថែមថា៖ «ប្រាសាទលលៃ កសាងឡើងដោយព្រះបាទយសោវរ្ម័នទី ១ នាចុងសតវត្សរ៍ទី ៩ នៃគ.ស.៨៩៣ ដែលមានទីតាំងនៅកណ្តាលបារាយណ៍ "ឥន្ទ្រតដាក" ដើម្បីឧទ្ទិសដល់ព្រះឥសូរ»។
លោក ថូ ថុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ ៦ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១៣ បត់ចុះចម្ងាយ ៥០០ ម៉ែត្រពីផ្លូវជាតិក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបានបន្តថា ប្រាសាទនេះបានខូចខាតផ្នែកខ្លះដែលតម្រូវឲ្យអ្នកជំនាញធ្វើកំណាយដើម្បីសិក្សាជាមុនសិន មុនឈានដល់គម្រោងជួសជុលឡើងវិញនៃផ្ទៃប្រាសាទទាំងមូល។
លោកថាក្នុងរយៈពេលកំណាយនេះនឹងត្រូវបញ្ចប់នៅខែមេសាខាងមុខ ដោយទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាល និងមានមន្ត្រីបុរាណវិទ្យាចំនួន ៣ នាក់ និងកម្មករកំណាយជាង ១០ នាក់ចូលរួមក្នុងការងារនេះ។
លោកថា៖ «យើងស្តាររៀបចំប្រាសាទនេះក្នុងបំណងលើកតម្លៃឲ្យល្អឡើងវិញ ព្រោះកាលពីមុនយើងបានបោះបង់ចោល និងបានរៀបចំសាងសង់សំណង់ថ្មីលើប្រាសាទនេះ។ ដូច្នេះការធ្វើកំណាយនេះគឺស្វែងរករចនាសម្ព័ន្ធឡើងវិញលើខឿនប្រាសាទលលៃហ្នឹងឲ្យដឹងពីលិចកើត ជើង ត្បូងសិន មុននឹងបន្តគម្រោងសម្អាត ជួសជុល»។
លោក អ៊ា ដារិទ្ធ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ការធ្វើកំណាយប្រាសាទនេះទើបតែចាប់ផ្តើមបាន ១ សប្តាហ៍ដោយបានជីករណ្តៅខ្លះៗ និងធ្វើការសិក្សាជុំវិញបរិវេណប្រាសាទ។ ប៉ុន្តែលោកថា អ្វីដែលក្រុមកំណាយបានជួបប្រទះគឺសំណង់ចាស់ដែលបានសាងសង់ឡើងនៅក្នុងសម័យបារាំង ដូច្នេះទាមទារឲ្យមានការកាយចេញសិន។
លោកបញ្ជាក់ថា៖ «ឧបសគ្គ គឺដោយសារតែមានការសាងសង់សំណង់នៅពីលើហ្នឹង ហើយពីដើមមក រចនាសម្ព័ន្ធខ្លះ បានខូចខាតដែលទាមទារឲ្យយើងមានការកាយកម្ទេចកម្ទីបេតុងចាស់ដែលនៅលើហ្នឹងចេញហើយបានយើងអាចធ្វើការស្រាវជ្រាវបាន»។
បើតាមលោក អ៊ា ដារិទ្ធ ក្រៅពីប្រាសាទលលៃដែលមានសភាពចាស់ទ្រុឌទ្រោមនោះ ក្រុមអ្នកកំណាយបានសិក្សាជាជំហានដំបូងឃើញមាន ដូចជា ខ្លោងទ្វារព័ទ្ធជុំវិញប្រាសាទកម្រាលឥដ្ឋដែលក្រាលជុំវិញប្រាសាទ និងនៅតាមកំពែងជុំវិញប្រាសាទដោយបច្ចុប្បន្ននៅមានបន្សល់ស្លាកស្នាមខ្លះ៕