
សកម្មភាពជួសជុលប្រសាទ ដែលជាការសហការរវាង អាជ្ញាធរជាតិអប្សរា និងប្រទេសអាល្លឺម៉ង់។ រូបថត GARCP
សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងស្ថាប័ន German Apsara Restoration Conservation Project (ARCP) នៃប្រទេសអាល្លឺម៉ង់ កំពុងជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២ នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ មេសា ថា ក្នុងការជួសជុលនេះ គឺមានការលំបាក និងជួបបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងអាយុកាលនៃថ្មប្រាសាទមានវ័យចំណាស់ និងទ្រុឌទ្រោមផងដែរ។
លោកថា ជាមួយគ្នានេះ ថ្មមួយចំនួនទៀត ក៏ទទួលរងនូវការរេចរិល ដោយសារកត្តាពេលវេលា និងធម្មជាតិ ដែលធ្វើឲ្យអ្នកជំនាញដែលជាជនជាតិខ្មែរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងដោយមិនអាចចេះតែធ្វើបាននោះទេ ព្រោះថ្មនៃតួប្រាសាទមានអាយុកាលច្រើនឆ្នាំ និងប្រឈមនឹងការធ្លាក់ចុះគុណភាពដែលទាមទារក្នុងការជួសជុលត្រូវការពេលច្រើនឆ្នាំ។
បើតាមអ្នកនាំពាក្យរូបនេះ កត្តាប្រឈមផ្សេងទៀត គឺបញ្ហាអាកាសធាតុ និងទីកន្លែងក៏មានលក្ខណៈខ្ពស់ ដែលពិបាកក្នុងការជួសជុល អាចធ្វើឲ្យមានភាពយឺតយ៉ាវខ្លះផងដែរ។
ទោះជាយ៉ាងណា បញ្ហានេះក៏មិនអាចបង្អាក់ដំណើរការជួសជុលនោះដែរ។ ក្រុមអ្នកជំនាញនឹងខិតខំប្រឹងប្រែងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។
លោកបញ្ជាក់ថា មិនត្រឹមតែចំពោះការជួយពីសំណាក់ប្រទេសអាល្លឺម៉ង់ នោះទេ គឺមានប្រទេសផ្សេងៗទៀតជាច្រើន ដែលជាដៃគូសហការជាមួយកម្ពុជា ក៏បានជួយផងដែរ ដោយសារប្រាសាទអង្គរត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

សកម្មភាពជួសជុលកំពូលប្រាសាទអង្គរវត្ត ដែលជាការសហការរវាង អាជ្ញាធរជាតិអប្សរា និងប្រទេសអាល្លឺម៉ង់។ រូបថត GARCP
លោក ឡុង កុសល ថ្លែងថា៖ «បើយើងពិនិត្យមើលកាលពី ២៥ ឬ ២៧ ឆ្នាំមុន នៅពេលដែលប្រាសាទអង្គរវត្តត្រូវបានចុះបញ្ជីចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់គណៈកម្មាធិការអង្គការយូណេស្កូ នៅពេលនោះ កម្ពុជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកខ្លាំង ដែលមានការខ្វះខាតទាំងថវិកា ទាំងធនធានមនុស្ស និងខ្វះខាតស្ទើរតែទាំងអស់»។
លោកបន្ថែមថា ការចុះបញ្ជីជាមួយយូណេស្កូ ក៏តម្រូវឲ្យមានការបង្កើត ICC Angkor ដើម្បីអនុញ្ញាតឲ្យមានសហគមន៍បរទេសមកជួយថែទាំ និងជួសជុលអង្គរ និងដោះស្រាយបញ្ហាខូចខាតនានារបស់ប្រាង្គប្រាសាទអង្គរ។
លោកថ្លែងថា៖ «អ៊ីចឹងហើយ បានជាអង្គការ ស្ថាប័នអន្តរជាតិ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន គេនៅជាមួយយើង ជួយយើង ដែលបង្ហាញពីប្រសិទ្ធភាព និងដៃគូដែលមានទំនុកចិត្តរវាងគ្នានិងគ្នាទៅវិញទៅមក និងគ្រប់ដៃគូសហការរបស់កម្ពុជាទាំងអស់»។
តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ការជួសជុល អភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ ២០១៩ មកដល់បច្ចុប្បន្នអនុវត្តបានប្រមាណ ៤០ ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៣៕