សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ផែនការ​ចុះ​រុះរើ​សំណង់ និង​តូប​លក់ដូរ​ក្នុង​តំបន់​ប្រាសាទ​អង្គរវត្ត​ឲ្យ​អស់​នៅត្រឹម​ចុងឆ្នាំ​ ២០២០ ​នេះ ខណៈ​សំណង់​ និង​តូប​លក់ដូរ​ចំនួន​ ១០ ​ទីតាំង​ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​សហការ​គ្នា​រុះរើ​ចេញពី​មុខ​ប្រាសាទ​អង្គរវត្ត​ក្នុង​រយៈពេល​ ៦ ​ខែ​នៃ​ឆ្នាំ​ ២០២០ នេះ​។

លោក​ ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពី​ថ្ងៃ​ ១៤ ​មិថុនា​ថា​ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំ​នេះ​មាន​សំណង់ និង​តូប​លក់ដូរ​ដែល​អាជីវករ​សាងសង់​ក្នុង​តំបន់​ប្រាសាទអង្គរវត្ត​ចំនួន​ ១០ ​ទីតាំង​ត្រូវ​បាន​រុះរើ​ដោយ​ស្ម័គ្រចិត្ត និង​ប្រគល់​ទីតាំង​នោះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍​។

លោក​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​ផែនការ​រុះរើ​សំណង់​ទាំងនេះ​ឲ្យ​អស់​ត្រឹម​ចុង​ឆ្នាំនេះ​។ អាជីវករ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​សម្រេច​រុះរើ​ខ្លួនឯង​ និង​មួយចំនួន​ទៀត​កំពុង​រក​ពេល​សមស្រប​ដើម្បី​រុះ​រើចេញ​ ប៉ុន្ដែ​មិនមាន​អ្នក​ជំទាស់​នឹង​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទេ​។

លោក​ ឡុង កុសល បាន​បញ្ជាក់​​ថា​៖ «​សំណង់​ដែល​រុះរើ​ទាំង​​ ១០ ​ទីតាំង​នេះ​គឺជា​ប្រភេទ​ហាង​ធំៗ និង​ភោជនីយដ្ឋាន​ធំៗ​ដោយ​មាន​ប្រក់​ក្បឿង ខ្លះ​ប្រក​ស័ង្កសី ខ្លះ​ប្រក់​ស្បូវ​។ មើល​ទៅ​សល់​មិន​ច្រើន​ទៀត​ទេ គឺ​ពួកគាត់​រុះរើ​ជិត​អស់ហើយ ប៉ុន្ដែ​ខ្ញុំ​អត់​ចាំ​ចំនួន​ដែល​នៅ​សល់​សំណង់​ទាំង​ហ្នឹង​ទេ តែ​យ៉ាងណា​យើង​បាន​ដាក់​ផែនការ​រុះរើ​សំណង់​ និង​តូប​លក់ដូរ​ទាំងអស់​នៅ​ចុង​ឆ្នាំ​ ២០២០ ​នេះ​»​។

លោក​ ស្រ៊ុន គីមសេង ម្ចាស់​ភោជនីយដ្ឋាន​ «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ​ដែល​មាន​ទីតាំង​ខាងមុខ​ប្រាសាទអង្គរវត្ត​ថ្លែង​កាលពី​ថ្ងៃ​ ១៤ ​មិថុនា​ ថា ភោជនីយដ្ឋាន​របស់​លោក​មាន​បណ្ដោយ​ ២០​ ម៉ែត្រ​ និង​ទទឹង​ប្រវែង​ ៣០​ ម៉ែត្រ​ដោយ​លោក​បាន​រុះរើ​រួចរាល់​កាលពី​ខែ​មុន ដើម្បី​ចូលរួម​រក្សា​សោភណភាព​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បន្តថា ការរុះរើ​នេះ​លោក​ក៏មាន​ការសោកស្ដាយ​សម្ភារ​ដែល​បាក់បែក​មួយចំនួន​ដែរ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​លោក​បាន​ចូលរួម​លើកកម្ពស់​សោភណភាព​តំបន់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ការសហការ​ទាំងអស់​គ្នា​។ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​មាន​តម្លាភាព និង​យុត្តិធម៌​អាច​ទទួល​យក​បាន ព្រោះ​សំណង់ ឬ​តូប​ដែល​ប៉ះពាល់​ត្រូវតែ​រុះ​រើចេញ​ទាំងអស់​ដូចៗ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​រុះរើ​ភោជនីយដ្ឋាន​នេះ ធម្មតា​វា​ប៉ះពាល់​ហើយ​គឺ​ទាំង​ជីវភាព​ទាំង​សម្ភារ​នានា ប៉ុន្ដែ​យើង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​លើកកម្ពស់​បរិស្ថាន វប្បធម៌ សោភណភាព​បរិវេណ​ប្រាសាទ​។ ខ្ញុំ​នៅមាន​ភោជនីយដ្ឋាន​មួយទៀត​នៅ​ក្រុង​សៀមរាប​ដែរ​ដូច្នេះ​ខ្ញុំ​មក​បើក​ដំណើរការ​មួយ​នេះ​សិន ប្រសិន​បើ​អាជ្ញាធរ​ជាតិ​អប្សរា​អាច​រក​ទីតាំង​ណាមួយ​សមរម្យ​ឲ្យ​ពួកខ្ញុំ​គឺ​ពួកខ្ញុំ​នឹង​គោរព​តាម​ការណែនាំ​គាត់​ទៀត​»​។

លោក​ យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​គេហទំព័រ​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​ដកស្រង់​សម្ដី​កាលពី​ថ្ងៃទី​ ១២ ខែមិថុនា ​ថា ការរុះរើ​សំណង់​ទាំងអស់​មុខ​ប្រាសាទ​អង្គរវត្ត​គឺ​មិន​ត្រូវបាន​លើកលែង​អគារ​ណាមួយ​ទេ សូម្បីតែ​សំណង់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ខ្លួនឯង​ផ្ទាល់ ក៏​ត្រូវ​តែ​រុះរើ​ចេញពី​តំបន់​ហាមឃាត់​ដែរ​។

ជាមួយ​នេះ​ដែរ​ក្នុង​នាម​អាជ្ញាធរ​ជាតិ​អប្សរា​លោក យិត ចាន់ដារដ្ឋ បាន​អរគុណ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​​សៀមរាប ក៏ដូចជា​ក្រុមអាជីវករ​ដែល​បាន​លះបង់​ទ្រព្យធន​របស់​ខ្លួន​នៅក្នុង​ការបម្រើ​ផលប្រយោជន៍​រួម​ និង​ស្គាល់​ពី​តម្លៃ​អង្គរ ដើម្បី​ទុក​លទ្ធភាព​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍ​ទីលាន​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ឲ្យ​ក្លាយ​ទៅ​ជា​ទី​ចាប់អារម្មណ៍​បំផុត​៕