សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រុះរើ​ស្ពាន​បណ្តោះអាសន្ន​ដែល​ឆ្លងទៅ​ប្រាសាទបុរាណ​នៅ​កណ្តាល​ស្រះស្រង់ ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​រក្សា​តម្លៃ និង​ភាពដើម​នៃ​ប្រាសាទបុរាណ បន្ទាប់ពី​គម្រោង​ជួសជុល​ប្រាសាទ​ដ៏ចំណាស់​នេះ​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពីពេល​ថ្មីៗ​នេះ​។

ដើម្បី​អបអរសាទរ​ការបញ្ចប់​គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ពិធី​សម្ពោធ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ដោយ​មាន​ការចូលរួម​ពី​លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា បច្ចុប្បន្ននេះ​ដោយសារ​ប្រាសាទ​នៅ​កណ្តាល​ស្រះស្រង់ និង​មាន​ទឹក​ព័ទ្ធជុំវិញ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាងសង់​ស្ពាន​បណ្តោះអាសន្ន​ដើម្បី​ធ្វើ​ពិធី​សម្ពោធ និង​ឱ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់ ប៉ុន្តែ​លោក​ថា ស្ពាន​នេះ​ទុក​ត្រឹម​រយៈពេល​ប្រហែល​ ២ ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​រុះរើ​ចេញ​វិញ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កូន​ស្ពាន​មួយ​ ដើម្បី​​ឱ្យ​ភ្ញៀវទេសចរ និង​ទុកពេល​ឱ្យ​​ប្រជាពលរដ្ឋ​ដែលមាន​ចំណាប់​អារម្មណ៍​បាន​ចូល​ទស្សនា​ទៅដល់​ប្រាសាទ​ស្រះស្រង់​ដោយផ្ទាល់ ក៏ប៉ុន្តែ​កូន​ស្ពាន​នេះ​មិន​ទុក​នៅ​យូរ​ទេ អាស្រ័យ​តាម​ការពិនិត្យ​មើល​ជាក់ស្តែង​ប្រហែល​ត្រឹម​មួយ​សប្តាហ៍ ឬ​ ២ ​សប្តាហ៍​នឹង​ត្រូវ​រើចេញ​វិញ ពីព្រោះ​ស្រះស្រង់ ដើមឡើយ​ក៏​អត់​មាន​ស្ពាន​ឆ្លង​ដែរ​។

លោក​បន្តថា៖ «​ព្រោះ​យើង​មិនអាច​មាន​ស្ពាន​ឆ្លងកាត់​ទៅ​បែបនេះ​ទេ យើង​មិនអាច​បង្កើត​អ្វី​ថ្មី​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ដើម​នៃ​តំបន់​នោះទេ ព្រោះ​គោល​គំនិត​នៃ​ក្រុមការងារ​ថែរក្សា​បេតិកភណ្ឌ​គឺ​ចៀសវាង​បង្កើត​អ្វីដែល​ថ្មី​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​នៃ​ប្រាសាទ​»​។

យ៉ាងណាក្តី អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​កន្លែង​បិទ​ផ្ទាំង​ព័ត៌មាន ទាក់ទង​ប្រាសាទ​ស្រះស្រង់​នៅ​ទីនោះ ដើម្បីឱ្យ​ភ្ញៀវទេសចរ​​បានដឹង និង​ស្វែងយល់​ពី​ប្រាសាទ​ដែល​បាន​បាត់​ខ្លួន​ជាច្រើន​ឆ្នាំ​មកនេះ​។

លោក​ថា​៖ «​តែ​ប្រជាពលរដ្ឋ​ដែល​ចង់ឃើញ និង​ទស្សនា​អាច​មើល​ពី​ចម្ងាយ និង​អាច​ស្វែងយល់​ពី​ប្រាសាទ​ស្រះស្រង់​នេះ​បាន​តាមរយៈ​ការសរសេរ​ព័ត៌មាន​បិទ​នៅមុខ​នោះ ឬ​រៀបចំ​វិធី​ផ្សេងទៀត ព្រោះ​យើង​កំពុង​រៀបចំ​បន្ត​ទៅលើ​ការងារ​នេះ​»​។

បើតាម​លោក​ កុសល ក្រោយពី​ដាក់​សម្ពោធ​ជា​សាធារណៈ​ប្រាសាទ​នេះ​ទទួលបាន​ចំណាប់​អារម្មរណ៍​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​ទូទាំង​ប្រទេស​ដោយ​ពួកគាត់​បាន​អញ្ជើញ​មក​ទស្សនា​ជា​ហូរហែ​។

ជាមួយ​គ្នា​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រហាត់ទឹក​បុរាណ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខេត្តសៀមរាប​ផងដែរ​។ លោក​ថា​៖ «​យើង​ដឹង​ហើយ​តាម​ដងស្ទឹង​សៀមរាប​ពី​ដើម​មក បងប្អូន​ពលរដ្ឋ​តែងតែ​ប្រើប្រាស់​រហាត់​ទឹកជា​វិធីសាស្ត្រ​ដើម្បី​ប្រមូល​ទឹក​យកមក​ប្រើប្រាស់​ជា​លក្ខណៈ​ចិញ្ចឹមជីវិត និង​ប្រើប្រាស់​សម្រាប់​កសិកម្ម​»​។

លោក កុសល បន្ត​ថា​រហាត់ទឹក​នេះ​ត្រូវ​បាន​កសាង​តាំងពី​ទសវត្សរ៍​ទី​ ៦០ ​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​មាន​សភាព​ទ្រុឌទ្រោម​ទើប​ក្រុម​ការងារ​ជំនាញ សម្រេច​ជួសជុល និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ ដោយ​រក្សា​នូវ​ទ្រង់ទ្រាយ​ដើម និង​រក្សា​កម្ពស់​ដដែល​ដើម្បី​បម្រើ​កិច្ចការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ជាតិ​អប្សរា​។

បើតាម​ឯកសារ​ជាច្រើន ស្រះស្រង់ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជេន្ទ្រវរ្ម័ន ទី​២ នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១០ បន្ទាប់មក​ត្រូវបាន​កែលម្អ​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ នៅ​សតវត្សរ៍​ទី១២ ​ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនា​។ ចំណែក​រហាត់ទឹក​មាន​បណ្តោយ​ ១៨ ​ម៉ែត្រ កម្ពស់​ ១២ ​ម៉ែត្រ អង្កត់ផ្ចិត​ ១១,៦ ​ម៉ែត្រ គឺ​ត្រូវបាន​កសាងឡើង​តាំងពី​ទសវត្សរ៍​ទី៦០ ក្នុងសម័យ​សង្គម​រាស្ត្រនិយម​៕