ភ្នំពេញៈ អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី​ ១៥ កក្កដា បាន​បន្ត​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយសារ​តំបន់​នេះ​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ​ដែល​ត្រូវការពារ​ក្នុង​កម្រិត​ខ្ពស់បំផុត ប៉ុន្តែ​នៅតែ​មាន​សកម្មភាព​ពុះ​ដី​លក់​ជា​បន្តបន្ទាប់ ថ្វីបើ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់​បាន​ហាម និង​ប្ដឹងទៅ​តុលាការ​ក៏ដោយ​។

លោក ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សកម្មភាព​លក់ដូរ​ដីធ្លី​ក្នុង​​តំបន់​រមណីយដ្ឋាន​អង្គរ​នៅតែ​កើតមាន បើទោះបី​ជាថ្មីៗ​នេះ អាជ្ញាធរ​ជាតិអប្សរា​បាន​ប្រកាស​ហាមឃាត់ និង​អនុវត្ដ​វិធានការ​ចុះ​បិទ​ទីតាំង​លក់ដូរ​ដីធ្លី​មួយចំនួន​ក៏ដោយ​។

លោក​បាន​ថ្លែងថា​៖ «​បញ្ហា​ដែល​យើង​នៅតែ​ឃើញ​នោះ​គឺថា បុគ្គល និង​ឈ្មួញ​លក់ដូរ​ដីធ្លី​មួយចំនួន​នៅតែ​មក​បន្ត​លក់ដូរ​ដីធ្លី​នៅ​តំបន់​នេះ​ដដែល​។ ​យើង​ក៏​​បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្ដឹង​បុគ្គល​ទាំងនោះ​ទៅ​តុលាការ​មួយចំនួន​រួចហើយ​ដែរ​»​។

បើ​តាម​លោក កុសល អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ការព្រួយបារម្ភ​នោះ គឺ​ប្រជាពលរដ្ឋ​ដែល​មកពី​ខេត្ដ​ផ្សេងៗ មិនមែន​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ដ​សៀមរាប​បាន​នាំគ្នា​មក​ទិញ​ដី​ទុក​ដើម្បី​សាងសង់​ទី​លម្ហែ ឬ​ទិញ​ទុក​លក់​យកចំណេញ​ទេ​។ ​ប៉ុន្ដែ​ទិញ​រួច​បែរជា​ខាត​ប្រយោជន៍​ទៅវិញ ព្រោះ​ដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ទោះបី​ជា​ទិញ​ហើយ​ក៏​ច្បាប់​​មិន​អនុញ្ញាត​ឱ្យធ្វើ​អ្វី​បាន​ទាំងអស់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ដ​ឆ្ងាយៗ សូម​កុំឱ្យ​ចាញ់បោក​ឈ្មួញ​មក​ទិញ​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ​បើ​ចង់​មក​ទិញ​ដី​ក្នុង​ខេត្ដ​សៀមរាប គួរ​សាកសួរ​ពី​ប្រភព​ដី​នោះ​ឱ្យ​បាន​ច្បាស់លាស់​សិន​ថា តើ​ជា​ដី​ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​ដែរ​ឬ​យ៉ាងណា​?

បើ​ស្ថិត​នៅក្នុង​តំបន់​ទាំងនេះ​សូម​កុំ​ទិញ​ឱ្យសោះ​»​។

កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ព្រមាន​ជា​សាធារណៈ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «​បុគ្គល​ដែល​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​អាច​នឹង​ប្រឈម​វិធានការ​ផ្លូវច្បាប់​ប្រសិន​បើ​មិន​បញ្ឈប់​»​។

ជាមួយ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​គណនី​ហ្វេសប៊ុក Choch Choub និង​បុគ្គល​ផ្សេងទៀត​ផងដែរ ខណៈ​ហ្វេសប៊ុក​ទាំងនេះ​កំពុង​ប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​បាន​រំឭក​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់​។ ក្នុង​ករណី​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ទៅ​តាម​​ផ្លូវច្បាប់​ជា​ធរមាន​។

ទន្ទឹមនឹងនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ដល់​សាធារណជន​ដែល​មាន​បំណង​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ​កុំ​ទិញ​ឱ្យ​សោះ ហើយ​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សូម​ទាក់ទង​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​លេខ​ទូរស័ព្ទ ០៩២ ៨៩ ៩៩ ៦៦​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ​ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់​បំផុត​ (​ក្នុង​តំបន់​ ១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ​ដែល​ត្រូវការពារ​ទប់ទល់​នឹង​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស និង​ការអភិវឌ្ឍ​មិន​សមស្រប​ (​ក្នុង​តំបន់​ ២)​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ​គឺ​ផ្ទុយ​នឹង​ព្រះរាជក្រឹត្យ​លេខ ០០១ ន.ស ​ចុះ​ថ្ងៃទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​សេចក្តី​សម្រេច​លេខ ៧០ សសរ ចុះ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០០៤ របស់​រាជរដ្ឋាភិបាល​ស្តីពី​​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​ ១ ​និង​តំបន់​ ២​។

លោក សួស ណារិន មន្ដ្រី​អង្កេត​នៅ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​សៀមរាប​បាន​លើកឡើង​ថា ការទិញ-លក់​ដីធ្លី​នៅ​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ភាគច្រើន​កើតឡើង​រវាង​តែ​ភាគី​អ្នកទិញ និង​អ្នកលក់​។ ចំណែក​អាជ្ញាធរ​ភូមិ-ឃុំ និង​ស្រុក​មិន​ដែល​ឃើញ​មាន​ការចុះហត្ថលេខា​លើ​លិខិត​ទិញ-លក់​នោះឡើយ​។

លោក​ថា​៖ «​យើង​ចាត់ទុក​ថា ការលក់ដូរ​ដីធ្លី​នៅ​តំបន់​រមណីយដ្ឋានអង្គរ​គឺជា​ការខុសច្បាប់​។ ​សង្គម​ស៊ីវិល​​យើង​មិន​គាំទ្រ​ចំពោះ​ការទិញ-លក់​ដីធ្លី​នៅ​តំបន់​នេះ​ទេ​។ ​បើ​បុគ្គល​ណា​នៅតែ​បន្ត​ទិញ​លក់​ដីធ្លី​នៅ​តំបន់​នេះ​ទៀត​​អាជ្ញាធរ​គួរតែ​មាន​វិធាន​តាមផ្លូវ​ច្បាប់​កុំឱ្យ​បញ្ហា​នេះ​រឹតតែ​រីក​រាលដាល​»៕