សៀមរាបៈ អាជ្ញាធរ​ជាតិអប្សរា​ប្រកាស​ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​បុគ្គល​ដែល​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​ព្រមាន​ថា អាច​នឹង​ប្រឈម​វិធានការ​ផ្លូវច្បាប់​ប្រសិន​បើ​មិន​បញ្ឈប់​សកម្មភាព បន្ទាប់ពី​មាន​បុគ្គល​មួយចំនួន​នៅតែ​ប្រកាស​លក់​ដីធ្លី​ដោយ​ខុសច្បាប់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២០ កញ្ញា ដោយ​​បាន​ភ្ជាប់​មក​ជាមួយ​នឹង​គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះថា Vannchheun Bonjour បន្ទាប់ពី​គណនី​នេះ​បាន​ប្រកាស​លក់​ដី​ទំហំ​ ១០ គុណ​នឹង​ ២០ ​ម៉ែត្រ​មាន​ទីតាំង​នៅ​ជិត​ផ្លូវ ៦០ ​ម៉ែត្រ​ ដោយ​ដី​តំបន់​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

ទំព័រ​ហ្វេសប៊ុក​ដដែល​ព្រមាន​ថា ក្នុង​ករណី​មិន​ព្រម​បញ្ឈប់​សកម្មភាព​នេះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់​វិធានការ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។ ម្យ៉ាងទៀត ដើម្បី​បង្ការ​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការទិញ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​សាធារណជន​សូមកុំ​ទិញ​ដី​ក្នុង​តំបន់​នេះ​ឱ្យសោះ និង​សូម​ធ្វើការ​ទាក់ទង​មកកាន់​អាជ្ញាធរជាតិ​អប្សរា ប្រសិន​បើ​មាន​​ចម្ងល់​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​៖ «​ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​ប្រកប​ដោយ​ចីរភាព អាជ្ញាធរជាតិ​អប្សរា សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​មាន​គណនី​ហ្វេសប៊ុក Vannchheun Bonjour និង​បុគ្គល​ផ្សេងទៀត​ដែល​កំពុងតែ​ប្រកាស​លក់​ដីធ្លី​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់​»​។

លោក រិទ្ធ វ៉ាន់ឈឿន ជា​ម្ចាស់​គណនី​ដែល​បាន​ប្រកាស​លក់​ដី​ក្នុង​តំបន់​អាជ្ញាធរ​ជាតិអប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ដោយ​ព្រម​ទទួល​កំហុស​ថា ដោយសារ​តែ​ទាល់ និង​ត្រូវការ​លុយ​ខ្លាំង ទើប​លោក​សម្រេចចិត្ត​បង្ហោះ​លក់​ដី​ដែល​បាន​ទិញ​បន្ត​ពី​ពលរដ្ឋ​ដទៃ​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បញ្ជាក់ថា ដី​ដែលមាន​ទំហំ ១០ ​ម៉ែត្រ គុណ​នឹង​ ២០ ​ម៉ែត្រ​នេះ គឺ​លោក​បាន​ទិញ​ក្នុង​តម្លៃ​ជិត ១ ​ម៉ឺនដុល្លារ​ ដោយ​សង្ឃឹមថា ​នឹង​អាច​រស់នៅ​អាស្រ័យផល​បាន ព្រោះ​មាន​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ដែនដី​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​ផ្ទាល់ គឺ​ឈប់​ហើយ​បាន​ចំណាយលុយ​ឡើង​ជិត​ ១ ​ម៉ឺន​ដុល្លារ​ថា​ទិញ​ទៅ​បាន​ស្របច្បាប់​អី​អ៊ីចឹង​តែ​ទិញ​ទៅ​ធ្វើ​អី​មិនកើត ហើយ​ត្រូវ​តែ​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ជាតិ​ដែរ​។ យើង​ក៏​ខកបំណង ហើយ​លុយ​ក៏​ពិបាក​រក​ផង​។ ខ្ញុំ​ដាក់​លក់​នេះ​គឺ​ចាល់​ខ្លាំង​មែនទែន ព្រោះ​លុយ​ធនាគារ​មិន​មាន​អី​បង់​ទេ តែ​បើ​មិនអាច​លក់​ដី​នេះ​បាន​មាន​តែ​មិន​លក់ ហើយ​ទៅ​រក​អី​ផ្សេង​ទៅ ស្តាយ​លុយ​ដែល​បាន​ចំណាយ​ទិញ​ដី​នេះ​ណាស់​»​។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ពី​ម្សិលមិញ​ថា តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ​ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត​ (​តំបន់​ ១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ​ដែល​ត្រូវការពារ​ទប់ទល់​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស និង​ការអភិវឌ្ឍ​មិន​សមស្រប (​តំបន់​ ២)​។

លោក​ថា ដី​ក្នុង​តំបន់​ទាំងនេះ​គឺ​មិនអាច​លក់ដូរ​បាន​ទេ ហើយ​ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៨ ខែ ឧសភា ឆ្នាំ​ ១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​ ១៦ ខែ វិច្ឆិកា ឆ្នាំ​ ២០០៤ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​ ១ និង​តំបន់​ ២​។

លោក​បន្តថា​៖ «​ការពិត​ទៅ​អាជ្ញាធរ​ភូមិ ឃុំ-សង្កាត់​ហ្នឹង ក៏​ធ្វើ​ខុសច្បាប់​ដែរ ព្រោះ​រដ្ឋបាល​ខេត្ត​សៀមរាប​បានចេញ​លិខិត​ណែនាំ​មិន​ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់​ហ្នឹង ចុះហត្ថលេខា​លើ​ការទិញ-លក់​ដីធ្លី នៅក្នុង​តំបន់​ការពារ​នោះទេ​។ នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការចេញ​លិខិត​បញ្ជាក់​ការលក់ដូរ​ដី​ហ្នឹង​»​។

បើ​តាម​លោក ឡុង កុសល មកទល់​ពេល​នេះ​អាជ្ញាធរ​ជាតិអប្សរា​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ជាច្រើន​ករណី​រួច​មក​ហើយ​ចំពោះ​បុគ្គល​ដែល​បាន​លក់ដូរ​ដីធ្លី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ខណៈ​លោក​ក៏​សង្ឃឹម​ថា សារ​ទាំងនេះ​នឹង​ជួយ​ដល់​ពលរដ្ឋ​ដទៃ​ទៀត​កុំ​ឲ្យ​ក្លាយ​ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​ការទិញ​ដី​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​៕