សៀមរាបៈ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ ២៤ ​មិថុនា​បាន​យក​សិលាចារឹកចារ​ជា​ភាសាសំស្ក្រឹត​លើ​ផ្ទាំង​ថ្មភក់​ដែល​គេ​តម្រៀប​ជា​គ្រឿង​ផ្គុំ​​ក្រាល​មុខ​ខ្លោងទ្វារ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​ទន្លេស្ងួត​ក្នុង​តំបន់​អង្គរ​មក​រក្សាទុក​ដើម្បី​ស្រាវជ្រាវ បន្ទាប់ពី​រកឃើញ​នៅ​ទីនោះ​ពេល​កំពុង​លាង​សម្អាត កាលពី​ថ្ងៃ​ទី​ ២៣ ខែមិថុនា​។

លោក អ៊ឹម សុខរិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សិលាចារឹក​នេះ​ត្រូវ​បាន​យក​ទៅ​​រក្សាទុក​ក្នុង​ទីស្នាក់ការ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ដើម្បី​ស្រាវជ្រាវ​បន្ថែមទៀត​។

លោក​បានឱ្យ​ដឹងថា ផ្ទាំង​សិលា​​ចារឹក​នេះ​អាច​ពុំមែន​ជា​របស់​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ទេ ប៉ុន្ដែ​ប្រហែល​គេ​យក​ចេញ​ពី​ប្រាសាទ​ណាមួយ​ក្នុង​តំបន់​អង្គរ​មក​ប្រើ​ធ្វើ​ជា​ថ្ម​កម្រាល​ដោយ​រៀប​ដាក់​ផ្កាប់​ផ្ទៃ​មាន​អក្សរ​ចារឹក​ទៅ​ក្រោម​។

ឯ​ផ្ទៃ​ខាងក្រោយ​ដែល​ពុំមាន​អក្សរ​គេ​ដាក់​ផ្ងារ​ឡើងលើ​តែ​បាន​ដាប់​ធ្វើ​ជា​ល្បាក់​សម្រាប់​ទ្រ​ថ្ម​ធ្នឹម​ទ្វារ​។

លោក​ថា​៖ «​ករណី​នេះ​បាន​ធ្វើ​​ឱ្យ​បាត់បង់​តួអក្សរ​មួយផ្នែក តែ​ក៏​នៅមាន​សេចក្តី​ច្រើន​ដែល​អាច​សិក្សា​ស្រាវជ្រាវ​បន្ថែម​បាន ហើយ​នេះ​ក៏​មិន​ចាត់ទុក​ជា​ការបំផ្លាញ​ដែរ ព្រោះ​គេ​កាត់​តម្រឹម​ឱ្យ​ត្រូវ​ចន្លោះ​ដើម្បី​ធ្វើ​ជា​កម្រាល​ក្នុង​ការកសាង​ប្រាសាទ​ទន្លេស្ងួត​​ពី​បុរាណ​។ ការយក​ថ្ម​ចាស់​ពី​កន្លែង​ផ្សេង​មក​កសាង​ប្រាសាទ​ថ្មី​ក៏​ជា​ទម្លាប់​ធម្មតា​នា​សម័យ​បុរាណ​ដែរ​»​។

លោក សុខរិទ្ធី បាន​ឱ្យ​ដឹងថា លក្ខណ​ពិសេស​នៃ​សិលាចារឹក​នេះ​គឺមាន​សរសេរ​សំស្ក្រឹត​ ៥៥ ​បន្ទាត់ កម្ពស់​ ១០០ ​សង់ទីម៉ែត្រ​ទទឹង​ ៤០ ​សង់ទីម៉ែត្រ និង​កម្រាស់​ ២០ ​សង់ទីម៉ែត្រ តែ​ពុំទាន់​មានការ​សិក្សា​នៅឡើយ​។

លោក​ថា តាម​ការសន្និដ្ឋាន​ដំបូង​លើ​តួអក្សរ​ឆ្មារៗ​ និង​ពិចិត្រ​ដែល​ប្រៀប​នឹង​សិលាចារឹក​នៅ​ប្រាសាទ​ភ្នំដី​ខាងជើង​ប្រាសាទ​ទន្លេស្ងួត​អាច​ស្មាន​បាន​ថា​សិលា​នេះ​ប្រហែល​ចារ​នៅ​ចុង​សតវត្សរ៍​ទី​ ១១ ​ដល់​ដើម សតវត្សរ៍​ទី​ ១២ នៃ​គ្រិស្តសករាជ​។

លោក សុខរិទ្ធី បញ្ជាក់​ថា​៖ «​ពេល​នេះ​យើង​មិនទាន់​ដឹង​ខ្លឹមសារ​ក្នុង​សិលាចារឹក​នេះ​ទេ​គឺ​ត្រូវការ​ពេលវេលា​ដើម្បី​ឱ្យ​អ្នកជំនាញ​ប្រែ​សម្រួល​ពី​ភាសាសំស្ក្រឹត​ដើម្បី​ស្វែងយល់​ពី​រឿងរ៉ាវ​ផ្សេងៗ និង​កាលបរិច្ឆេទ​នៃ​អក្សរ​ចារឹក​ ១ ​ផ្ទាំង​នេះ​»​។

ក៏ប៉ុន្តែ​លោក​ថា សិលាចារឹក​​នេះ​បាន​ផ្តល់​ព័ត៌មាន​សំខាន់​មួយ​ពី​ប្រវត្តិ​នៃ​ការសាងសង់​ប្រាសាទ​ទន្លេស្ងួត និង​ភ័ស្តុតាង​បុរាណវិទ្យា​ដែល​បង្ហាញ​អំពី​ការតាំង​ទីលំនៅ​សម័យអង្គរ​ក្នុង​រាជព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ (​ពី​ឆ្នាំ​ ១១៨១ ដល់​ ១២១៨ ​នៃ​គ្រិស្តសករាជ​)៕