
ទិដ្ឋភាពផ្លូវនៅខាងមុខប្រាសាទអង្គរវត្ត។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានចេញបម្រាមមិនឱ្យសាធារណជនទូទៅ បើកបរទោចក្រយានយន្ត (ម៉ូតូ) លើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះតទៅ ដើម្បីចូលរួមថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាកាលពីម្សិលមិញបានឱ្យដឹងថា ក្រៅពីនេះក៏ដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុ ដល់រចនាសម្ព័ន្ធបុរាណ និងដើម្បីជួយសម្រួលដល់ការងារជួសជុលខ្លោងទ្វារតាកាវដែលបាននិងកំពុងអនុវត្តដោយអ្នកជំនាញខ្មែរ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖ «ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ការអនុញ្ញាតឱ្យធ្វើដំណើរលើកំពែងក្រុងអង្គរធំ សម្រាប់តែអ្នកថ្មើរជើង និងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា តួនាទីរបស់កំពែងអង្គរធំនេះ គឺមិនមែនតម្រូវឱ្យមានការជិះម៉ូតូនោះទេ ប៉ុន្តែកន្លងមកមានផ្លូវសម្រាប់ដឹកសម្ភារយកទៅជួសជុលប្រាសាទ ហើយអ្នកជិះម៉ូតូកម្សាន្តមួយចំនួនបានឃើញក៏ជិះតាមផ្លូវនោះដែរ។
លោកបានថ្លែងថា៖ «នាពេលបច្ចុប្បន្ននេះ ការជួសជុលអង្គរធំស្ទើរតែបញ្ចប់ ១០០ ភាគរយ អ៊ីចឹងទេ យើងមិនអនុញ្ញាតឱ្យគាត់ជិះកម្សាន្តនៅលើហ្នឹងទេ។ ប៉ុន្តែ យើងអនុញ្ញាតឱ្យអ្នកជិះកង់ ឬដើរកម្សាន្តបានដោយឡែកសម្រាប់អ្នកជិះម៉ូតូនៅលើកំពែងនោះ គឺមិនអនុញ្ញាតទេ ហើយបម្រាមនេះនឹងត្រូវអនុវត្តជារៀងរហូត ដើម្បីចូលរួមថែរក្សាទីកន្លែងនោះឱ្យកាន់តែប្រសើរ» ។ បើតាម លោក ឡុង កុសល កំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ គឺមានប្រវែង ៣ គីឡូម៉ែត្រ ៤ ជ្រុង។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ ទេសចរណ៍អង្គរបានស្វាគមន៍ចំពោះការជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលមិនឱ្យមានការជិះម៉ូតូ នៅលើកំពែងក្រុងអង្គរនេះ ដើម្បីចូលរួមអភិរក្ស និងថែរក្សាប្រាសាទ។
លោកយល់ឃើញថា ការជិះម៉ូតូនឹងធ្វើឱ្យមានរំញ័រប៉ះពាល់ដល់ប្រាសាទ ហើយអាយុកាលរបស់ប្រាសាទក៏ជិត ១ ០០០ ឆ្នាំដែរ។ បើនៅតែបន្តជិះទៀត វានឹងធ្វើឱ្យប៉ះទង្គិច និងធ្វើឱ្យប្រេះតួប្រាសាទ។ លោកបញ្ជាក់ទៀតថា បើជិះម៉ូតូឆ្លងកាត់គគ្រឹកគគ្រេងមានទាំងម៉ូតូតូច ម៉ូតូធំឆ្លងកាត់ប្រាសាទ និងបើកលើកំពែង វាអត់មានការគោរពដល់ដួងព្រលឹងរបស់បុព្វបុរសខ្មែរដែលខិតខំកសាង ព្រោះដួងព្រលឹងរបស់បុព្វបុរសខ្មែរត្រូវការភាពស្ងប់ស្ងាត់។
លោកបញ្ជាក់ថា៖ «អ៊ីចឹងការហាមប្រាមមិនឱ្យជិះម៉ូតូនេះគឺជាការល្អ ដើម្បីអភិរក្សប្រាសាទបុរាណរបស់យើង ប៉ុន្តែឃើញមានការអនុញ្ញាតឱ្យជិះកង់បាន ហើយការជិះកង់នេះ វាល្អជាងក៏ដូចជាហាត់ប្រាណផងដែរ»៕