ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៥ ឆ្នាំ ២០១៩-២០២៣ ដើម្បីបង្ហាញឆន្ទៈនយោបាយឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍នៅត្រឹមឆ្នាំ ២០២៥។
តាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីម្សិលមិញ បានឲ្យដឹងថា ពិធីនេះមានការចូលរួមពីប្រធាន អនុប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ពីបណ្តាក្រសួង ស្ថាប័ន រាជធានីសរុបប្រមាណ ៦០ នាក់ នៅសណ្ឋាគារភ្នំពេញ និងមានការចូលរួមតាមបណ្តាញវីដេអូកម្មវិធី BlueJeans សរុប ៣៨ គណនីផងដែរ។
លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិលើកទី៥ នេះគឺបានរៀបចំឡើងក្រោមចក្ខុវិស័យរួមមួយ ដើម្បីបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងឆ្នាំ ២០២៥ ដោយមិនទុកឱ្យមានប្រជាពលរដ្ឋកម្ពុជាណាម្នាក់រងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍នោះឡើយ ដែលនេះជាក្តីសង្ឃឹមដ៏មុតមាំក្នុងការកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានមេរោគអេដស៍ និងជំងឺអេដស៍ដោយផ្អែកលើវិធានជាក់លាក់ដើម្បីរួមគ្នា អនុវត្តទាំងអស់គ្នា។
ធានាឱ្យមានការបញ្ចូលអន្តរាគមន៍ប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយផ្អែកលើភ័ស្តុតាងវិទ្យាសាស្ត្រ តាមរយៈវិធីសាស្ត្រសម្របសម្រួល និងពហុវិស័យ។
សមាហរណកម្មកម្មវិធីបង្ការ ថែទាំ និងការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ដើម្បីទទួលបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងចីរភាព។
-បង្កើនលទ្ធភាពទទួលបាននូវយន្តការគាំពារសង្គម និងសេវាសង្គម សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។
-ត្រូវបង្កើនថវិកាជាតិ និងអន្តរជាតិគាំទ្រដល់ការផ្តល់សេវាសំខាន់ៗដែលអនុវត្តដោយអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងចីរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់ គ្របដណ្តប់ទៅលើក្រុមគោលដៅ ទៅលើភូមិសាស្ត្រ និងទៅលើសេវាបានគ្រប់ជ្រុងជ្រោយថែមទៀត។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា ការដែលកម្ពុជាបានប្រកាសការតាំងចិត្តក្នុងការបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍ ២០២៥ មុន អង្គការសហប្រជាជាតិរយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានភាពជោគជ័យក្នុងការសម្រេចបានគោលការណ៍ ៩០-៩០-៩០ កាលពីឆ្នាំ ២០១៧។ «នៅក្នុងផែនការយុទ្ធសាស្ត្រនេះគឺបានកំណត់ហើយ តាមការសម្រេចរបស់រដ្ឋាភិបាលគឺមានការប្តេជ្ញាចិត្តថា នឹងសម្រេចបាននៅគោលដៅ ៩៥-៩៥-៩៥ ជាក់ជាមិនខាន ប្រសិនបើយើងធ្វើការឆ្លើយតបរួមគ្នា ក្រោមស្ថាប័នសម្របសម្រួលតែមួយ ផែនការយុទ្ធសាស្ត្រតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ»។
តាមការប៉ាន់ប្រមាណតាមបែបប្រជាសាស្ត្រ នៅកម្ពុជាបច្ចុប្បន្នមានអ្នកផ្ទុកមេរោគអេដស៍មានប្រមាណ ៧ ម៉ឺន ៣ ពាន់នាក់ក្នុងនោះ អ្នកដែលដឹងពីស្ថានភាពរបស់ខ្លួនថាមានផ្ទុកមេរោគអេដស៍ ហើយមកទទួលសេវាសុខាភិបាលមានចំនួន ៨៤ ភាគរយ។ ក្នុងចំណោម ៨៤ ភាគរយ ដែលជាអ្នកប្រើប្រាស់ឱសថ ដើម្បីកាត់បន្ថយមេរោគនៅក្នុងឈាម ដែលធ្វើឱ្យអ្នកជំងឺមានភាពល្អប្រសើររហូតទៅដល់ ៩៦ ភាគរយ៕