ក្រចេះ: ក្នុង​នាម​អាជ្ញាធរ​ខេត្តក្រចេះ​អភិបាលរង​ខេត្ត​លោក​ គង់ គឹមនី ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រាវជ្រាវ​រកមុខ​មេខ្យល់​ដែល​កៀរគរ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ទន្ទ្រាន​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច CHPB Development នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​ដោយ​តម្រូវ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់ បន្ទាប់ពី​មាន​ការស្នើ​ពី​ក្រុមហ៊ុន​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​។

លោក​ គង់ គឹមនី ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៦ តុលា​ថា លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ទប់ស្កាត់​សកម្មភាព​រំលោភ​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន CHPB Development​។ ក្នុងនោះ​មាន​ដីព្រៃ​របស់​រដ្ឋ​មួយចំនួន​ក៏​ត្រូវ​បាន​គេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។

ពលរដ្ឋ​ទាំងនោះ​ជឿ​តាម​ការញុះញង់​របស់​មេខ្លោង ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដោយ​ប្រាប់​ឱ្យ​ពួកគាត់​ទៅ​ចាប់យក​ដី​នៅ​តំបន់​នោះ ព្រមទាំង​និយាយ​កុហកថា​អាជ្ញាធរ​នឹង​កាត់​ចែក​ដី​ឱ្យ​ពលរដ្ឋ​ដែល​មក​រស់នៅ និង​អាស្រ័យផល​លើដី​ជាក់ស្ដែង​។ ដូច្នេះ​ពួកគាត់​បាន​នាំគ្នា​ទៅ​សង់រោង សង់​ខ្ទម និង​យក​ដើម​ចេក ដូង ស្វាយ និង​ដំណាំ​មួយចំនួនទៀត​ទៅ​ដាំ​នៅលើ​ដី​នោះ ដើម្បី​សម្គាល់​ជា​ដី​របស់​ពួកគាត់​។

លោក​ថា​៖ «​ខ្ញុំ​អត់​ចាំ​ចំនួន​អ្នក​ទៅ​ទន្ទ្រាន​ដី​ហ្នឹង​ទេ ប៉ុន្ដែ​ក្នុង​នាម​អាជ្ញាធរ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​គោរព​ច្បាប់ កុំ​ធ្វើ​អ្វី​បំពាន​ច្បាប់​។ បើសិន​ជា​បងប្អូន​ខ្វះ​ដី​ពិតប្រាកដ ខ្ញុំ​សុំ​ឱ្យ​បងប្អូន​ដាក់ពាក្យ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច និង​មូលដ្ឋាន ឬ​បងប្អូន​ផ្ទាល់​មក​អាជ្ញាធរខេត្ត​។ យើង​នឹង​ពិចារណា​ផ្ដល់​ជូន​ពួកគាត់ ហើយ​ជាក់ស្ដែង​ដូច​យើង​បានធ្វើ​កន្លងមកនេះ គឺ​យើង​បាន​ចែក​ដី​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ​រួចមកហើយ​»​។

លោក​ ឈិត ណន មេឃុំ​កំពង់ចាម ស្រុក​សំបូរ​ថ្លែង​កាលពី​ថ្ងៃទី​ ២៦ តុលា ថា លោក​បាន​ទទួល​អនុសាសន៍​ពី​ថ្នាក់លើ​ហើយ​ដោយ​តម្រូវ​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ ឬ​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​ដឹង​គ្រប់ៗ​គ្នា​សិន ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់​អំពី​នីតិវិធី​ច្បាប់​។ ពួកគាត់​ជា​ពលរដ្ឋ​ចំណាកស្រុក​ខ្លះ និង​មួយ​ចំនួន​ទៀត​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឃុំ​កំពង់ចាម ប៉ុន្ដែ​ពួកគាត់​បាន​ជឿ​តាម​ការញុះញង់​របស់​មេខ្លោង​។

លោក​បញ្ជាក់ថា​៖ «​មេខ្លោង​ដែល​ញុះញង់​ពលរដ្ឋ គឺ​គាត់​ធ្វើ​អ្វីមួយ​មិន​បើកចំហ​ទេ គឺ​គាត់​បំផុសបំផុល​ឱ្យ​ពលរដ្ឋ​ទៅ​ចាប់យក​ដី​ក្រុមហ៊ុន បន្ទាប់មក​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ទទួលស្គាល់ សិទ្ធិ​កាន់កាប់​ដី​ជូន​គាត់ ហើយ​គាត់​ក៏​លក់​ទៅឱ្យ​មេខ្លោង​ហ្នឹង​តែម្ដង​។ ពួកគាត់​មិនមែន​ជា​អ្នក​ខ្វះខាត​ដី ឬ​ជា​គ្រួសារ​ក្រីក្រ​អ្វី​ទេ គឺ​និយាយ​រួម​គាត់ ដើរ​ចាប់ដី​រដ្ឋ​លក់​»​។

បើ​តាម​មេឃុំ​រូបនេះ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច CHPB Development មាន​ដី​ចំនួន​ ១២ ១៩០ ​ហិកតា​ សម្រាប់​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​លើ​ដំណាំ​កៅស៊ូ​។ តែ​បច្ចុប្បន្ននេះ​ដីព្រៃ​ក្រុមហ៊ុន​ ១ ​ផ្នែក​ធំ កំពុង​រង​ការកាប់​ទន្ទ្រាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំណាកស្រុក​យក​ធ្វើជា​កម្មសិទ្ធិ និង​បាន​សាងសង់​សំណង់​អនាធិបតេយ្យ​ដូចជា កូនខ្ទម សង់រោង និង​ដាំ​ដើម​ចេក​លើដី​ក្រុមហ៊ុន​នោះ​ទៀតផង​។

លោក​ ជា ចំរើន តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច CHPB Development បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៦ តុលា ថា ការចុះ​ពិនិត្យមើល​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ពី​សំណាក់​អាជ្ញាធរ​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ស្នើ​ដល់​ក្រសួង អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ការកាប់​រានដីព្រៃ​របស់​ក្រុមហ៊ុន​ធ្វើជា​កម្មសិទ្ធិ​ពី​ពលរដ្ឋ​ចំណាកស្រុក​ជាច្រើន​គ្រួសារ​។

លោក​បន្តថា អាជ្ញាធរ​បាន​ជួយ​អន្តរាគមន៍​ហើយ​ដោយ​ជំរុញ​ឱ្យ​មាន​មន្ត្រី​មូលដ្ឋាន​ចុះ​ផ្សព្វផ្សាយ ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ឈូសឆាយដី​របស់​ក្រុមហ៊ុន​បន្ត​ទៀត​។ ក្រុមហ៊ុន​ធ្លាប់បាន​ហាមឃាត់​ជាច្រើន​លើក​មកហើយ ប៉ុន្ដែ​ពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​តាម​ការញុះញង់​របស់​មេខ្លោង​ម្នាក់​។

លោក​ថា​៖ «​យើង​មិនមាន​វិធានការ​ក្ដៅ​អ្វី​ដាក់​ពួកគាត់​ទេ គឺ​គ្រាន់តែ​ហាមឃាត់ ឬ​ជូនដំណឹង ប៉ុន្ដែ​មិនមាន​ប្រើ​ហិង្សា​អ្វី​ដាក់​ពួកគាត់​ទេ តែ​ពួកគាត់​មិន​ស្ដាប់​យើង​។ អ៊ីចឹង​យើង​បាន​តែ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ព្រោះ​ដី​ក្រុមហ៊ុន​មួយចំនួន​ធំ​ត្រូវបាន​គេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ទៅហើយ​»​។

មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ​លោក​ ធីម ហ៊ន ថ្លែង​កាលពី​ថ្ងៃទី​ ២៦ តុលា ថា​លោក​មិនទាន់​បាន​ចុះទៅ​សិក្សា​ករណីនេះ​បាន​ស៊ីជម្រៅ​ទេ ប៉ុន្ដែ​លោក​ថា ប្រសិន​មាន​ករណី​ដូច​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​លើកឡើង​មែន គឺ​ពិតជា​ខុសច្បាប់​។ លោក​ស្នើឱ្យ​អាជ្ញាធរ​គួរតែមាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​សមរម្យ ដោយ​ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា​ដាក់​ពួកគាត់​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា មុន​ដាក់​វិធានការ​ទប់ស្កាត់​ទៅលើ​ពួកគាត់ អាជ្ញាធរ​គួរតែ​មាន​ការសិក្សា​ពី​ដើមហេតុ​ឱ្យបាន​ច្បាស់លាស់​សិន​ថា តើ​ពលរដ្ឋ​ជា​អ្នក​ខិលខូច​ទៅ​រំលោភ​យក​ដី​ក្រុមហ៊ុន ឬ​ក្រុមហ៊ុន​ខិលខូច​ទៅ​ឈូសឆាយ​លើស​ដែនកំណត់​ដី​របស់​ខ្លួន ហើយ​មក​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ទៀត​ឬ​យ៉ាងណា​។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​ត្រូវ​តែ​ព្យាយាម​រក​វិធានការ​ដោះស្រាយ​ដោយ​សន្ដិវិធី​តាមផ្លូវ​ច្បាប់​»៕