មណ្ឌលគិរីៈ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដាក់​ឱសានវាទ​ដល់​អ្នក​ដែល​បាន​សាងសង់​ផ្ទះ ​និង​សំណង់​នានា ដែល​រំលោភ​យក​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​ស្ថិត​នៅ ឃុំ​សុខដុម ក្រុង​សែនមនោរម្យ ដោយ​អាជ្ញាធរ​តម្រូវ​ឱ្យ​រុះរើ​ចេញ​ជាបន្ទាន់​ពីថ្ងៃទី ១ ដល់​ថ្ងៃ​ទី ៦​ ធ្នូ ​ជា​កំហិត ​ខណៈ​មន្ត្រី​ជំនាញ​ក៏​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាម​នីតិវិធី​ច្បាប់ ​បើ​ជន​ទាំងនោះ​មិន​ព្រមអនុវត្ត​។

លោក​ សី ទូច ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី​ ឱ្យ​ដឹង​ពី​ម្សិលមិញ​ថា ​បន្ទាប់ពី​មាន​ការចង្អុលបង្ហាញ ​និង​ណែនាំ​ដោយ​ផ្ទាល់​ពី​លោក​ ស្វាយ សំអ៊ាង ​អភិបាល​ខេត្ត​​មណ្ឌលគិរី​ ក្រុម​ការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោកស្រី ជុំ ណារី ​នាយករង​រដ្ឋបាល​ខេត្ត ​និង​មាន​ការចូលរួម​ពី​រដ្ឋបាល​ក្រុង​សែនមនោរម្យ ​មន្ទីរ​ជំនាញ ​អង្គភាព​ពាក់ព័ន្ធ​បាន​ចុះ​ណែនាំ និង​ដាក់​ឱសានវាទ​ដល់​អ្នក​ដែល​សាងសង់​ផ្ទះ និង​សំណង់​ចំនួន​ ១២ ​ខ្នង​រំលោភ​យក​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​។

បើ​តាម​លោក សី ទូច ក្នុង​ប្រតិបត្តិការ​នេះ​អាជ្ញាធរ​បាន​ដក​បង្គោល​របង​មួយ​ចំនួន​ដែល​ក្រុម​ជនល្មើស​បាន​បោះ​រំលោភ​យក​ដី​ភ្នំ​ដោះ​ក្រមុំ។ គណៈកម្មការ​ចម្រុះ​ក៏បាន​តម្រូវ​ឱ្យ​រុះរើ​ផ្ទះ ​ក៏ដូចជា​សំណង់​រឹង​មួយ​ចំនួន​ចេញ​ជា​បន្ទាន់​ដោយ​កំណត់​ត្រឹម​ថ្ងៃ​ទី៦ ​ធ្នូ​ ជា​កំហិត​។ ក្នុង​ករណី​ជន​ទាំងនោះ​មិន​ព្រម​អនុវត្ត ​ក្រុម​ការងារ​នឹង​ចុះមក​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត។

លោក​ សី ទូច ថ្លែងថា​៖ «ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ជាតិ ក្រុម​ការងារ​យើង​មិន​ខ្លាច​នឿយហត់ និង​ការប្រឈម​ជាមួយ​ជនល្មើស​ឡើយ។ ខ្ញុំ​សូម​អរគុណ​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​គាំទ្រ ​និង​លើក​ទឹកចិត្ត​ក៏ដូចជា​អរគុណ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​ប្រជាសហគមន៍​ដែល​បាន​សហការ និង​ចូលរួម»។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា​៖ «​យើង​នឹង​បន្ត​ធ្វើ​កិច្ចការងារ​នេះ​ទៀត​រហូត​ទទួល​បាន​ភ័ស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ»។

មេឃុំ​ សុខដុម លោក​ ពៅ សុផាត ​ថ្លែង​ពី​ម្សិលមិញ​ថា ​អាជ្ញាធរ​ខេត្ត ​និង​មន្ត្រី​ជំនាញ​បាន​ចុះមក​ធ្វើ​កិច្ចការ​នេះ​ហើយ​ដោយ​បាន​ដាក់​ឱសានវាទ​ទៅ​ក្រុម​អ្នក​ដែល​សាងសង់​ផ្ទះ ​និង​រោង​សរុប​ចំនួន​ ៤ ទីតាំង​ដែលរំលោភ​យក​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ។ ប្រសិន​ពួកគាត់​មិន​ព្រម​រុះរើ​តាម​ឱសានវាទ​របស់​មន្ត្រី​ជំនាញ​ទេ អាជ្ញាធរ​នឹង​ចុះ​រុះរើ និង​ចាត់វិធានការ​តាម​ច្បាប់។

លោក​ថា​៖ «យើង​បាន​បង្ក្រាប​ជាច្រើន​លើក​មក​ហើយ​ ប៉ុន្ដែ​ពួកគាត់​នៅ​តែ​នាំគ្នា​មក​រំលោភ​យក​ដីធ្លី​នៅ​តំបន់​នេះ​ទៀត។ ​យើង​​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន​លើក​ដែរ ​គឺ​កុំ​ឱ្យ​ពួកគាត់​ទៅ​ចាប់​យក​ដី​នៅ​តំបន់​គេ​ហាម​ឃាត់​​នេះ ​ព្រោះ​ដី​គេ​អភិរក្ស។ អ្នក​ដែល​រំលោភ​យក​ដី​នេះ ​គឺ​មិនមែន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ហ្នឹង​ទេ ​គឺ​គាត់​ចំណាក​ស្រុក​មកពី​តំបន់​ផ្សេង»​។

អ្នកស្រី​ ភ្លឹក ភីរម្យ ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ឃុំ​សុខដុម​ពី​ម្សិលមិញ​សម្តែង​ការខកចិត្ត​ចំពោះ​អ្នក​គ្រប់គ្រង​ដី​តំបន់​នេះ ​ដែល​អ្នកស្រី​ថា ​អសមត្ថភាព​ បណ្តែតបណ្តោយ​ឱ្យ​មាន​ការទន្ទ្រាន​យក​ដីភ្នំ​ដោះក្រមុំ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​អនាធិបតេយ្យ។

អ្នកស្រី​ថា​កាលពី​ឆ្នាំ ២០០៤ ​ពេលដែល​ភ្នំ​ដោះក្រមុំ​ត្រូវ​បាន​ស្នើសុំ​ដាក់​បញ្ចូល​ជា​តំបន់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ គឺ​ផ្ទៃដី​នេះ​មាន​ទំហំ​ ១០១ ​ហិកតា។ ប៉ុន្ដែ​ដោយ​ការគ្រប់គ្រង​ចន្លោះ​ប្រហោង​ធ្វើឱ្យ​ទំហំ​ផ្ទៃដី​ភ្នំ​នេះ​មាន​គេ​ចូល​កាន់កាប់​ជា​បន្តបន្ទាប់​នៅ​សល់​ទំហំ​ប្រមាណ​ ៨០ ហិកតា​ប៉ុណ្ណោះ។

អ្នកស្រី​ ភីរម្យ និយាយ​ថា​៖ «ខ្ញុំ​សូម​ជំរុញ​​ឱ្យ​អាជ្ញាធរ​ដាក់​វិធានការ​ជាក់លាក់​ណាមួយ​ ដើម្បី​កុំ​ឱ្យ​ការបង្ក្រាប​ករណី​ដដែល​អ៊ីចឹង។ សព្វ​ថ្ងៃនេះ​ យើង​អត់​បាន​ធ្វើ​កិច្ចការងារ​អ្វី​ផ្សេង​ទេ​ គឺ​ម្នាក់ៗ​រវល់​តែ​មក​ការពារ​ដី​ភ្នំ​ហ្នឹង»៕