សៀមរាប: អាជ្ញាធរ​ក្រុង​សៀមរាប​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​រស់នៅ​អម​ផ្លូវជាតិ​លេខ​ ៦៣ ​ម្ដុំ​ផ្សារក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​ត្រូវ​ធ្វើការ​រុះរើ​សំណង់​តូប សំយាប ខឿន ខ្សាច់ ថ្ម ការ៉ូឡា ឥដ្ឋ និង​បណ្តាញ​ខ្សែភ្លើង​ដែល​ធ្លាក់​រាយប៉ាយ​តាមផ្លូវ​សាធារណៈ​ឲ្យ​អស់​ក្នុង​រយៈពេល ១៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ២៩ ខែ​មេសា​ ជា​កំហិត ដើម្បី​ពង្រីក​ផ្លូវ​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​។

តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​សៀមរាប​ចុះ​ថ្ងៃទី ១៥ ខែ​មេសា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ បាន​ឲ្យ​ដឹងថា រដ្ឋបាល​ខេត្ត​សៀមរាប​នឹង​បន្ត​ធ្វើ​ការជួសជុល កែលម្អ​ផ្លូវ​ផ្សារក្រោម​ចាប់ពី​ចំណុច​បំបែក​ផ្លូវ​បៀលប្រាយ​ដល់​ក្រវាត់ក្រុង​សៀមរាប​។ ដោយឡែក​ចំពោះ​នៅ​មុខ​ផ្សារ​ក្រោម​កែលម្អ​ចំណត​រថយន្ត​ធុន​តូច និង​សួន ព្រមទាំង​គម្រោង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ចាប់ពី​ផ្លូវ​ក្រវាត់ក្រុង​ដល់​កែង​ច្រមុះជ្រូក​ផ្លូវជាតិ​លេខ ៦៣ ទៅ​ភ្នំក្រោម​កាត់​តាម​ភូមិ​ត្រៀក និង​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប​។

លិខិត​បន្ត​ថា ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវកម្មដ្ឋាន ផ្សារ គេហដ្ឋាន គ្រឹះស្ថាន​ឯកជន និង​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើការ​រុះរើ​សំណង់​តូប សំយាប ខឿន ខ្សាច់ ថ្ម ការ៉ូឡា ឥដ្ឋ បណ្តាញ​ខ្សែភ្លើង​ដែល​ធ្លាក់​រាយប៉ាយ សួនច្បារ សម្ភារ និង​សំណង់​ការដ្ឋាន​ផ្សេងៗ​ទាំងអស់​ព្រមទាំង​បញ្ឈប់​ការលក់ដូរ​នៅលើ​សួនច្បារ និង​ផ្លូវ​សាធារណៈ​ឲ្យ​បាន​អស់​ក្នុង​រយៈពេល ១៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១៥ ខែមេសា​។ ក្នុង​ករណី​មិន​គោរព និង​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តី​នេះ​រដ្ឋបាល​ក្រុង​សៀមរាប​នឹង​ចាត់​វិធានការ​រដ្ឋបាល​ធ្វើការ​រុះរើ​ដកហូត​សម្ភារ​ទាំងនោះ​ចេញ​ដោយ​ពុំ​ទទួល​ខុសត្រូវ ឬ​បាត់បង់​នូវ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ​។

លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋបាល​ក្រុង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​នឹង​គោរព​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប​បាន​ថ្លែងថា ក្នុងអំឡុង​ពេលនេះ ក្រុមហ៊ុន​សាងសង់​ផ្លូវ និង​អាជ្ញាធរ​ជំនាញ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ធ្វើការ​វាស់វែង និង​សិក្សា​ការស្ថាបនា​ផ្លូវ​ ១ ​ខ្សែ​ទំហំ ២២ ​ម៉ែត្រ (​ទទឹង​) ​នេះ​។ ពលរដ្ឋ​មិនមាន​ការជំទាស់​អ្វី​ទេ ព្រោះ​វា​ជា​ការបម្រើ​ឲ្យ​ផលប្រយោជន៍​រួម​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដឹងថា គម្រោង​ផ្លូវ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុង​ធ្វើការងារ​វាស់វែង បើ​វាស់វែង​រួចរាល់ យើង​អាច​ដឹង​ពី​ចំនួន​ពលរដ្ឋ​ប៉ះពាល់​ពី​គម្រោង​នេះហើយ ប៉ុន្ដែ​ខ្ញុំ​គិតថា វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ បើ​ប៉ះពាល់​គឺ​ប៉ះ​តែ​តូប​លក់ដូរ របង​ផ្ទះ និង​អីវ៉ាន់​តិចតួច​ដែល​ពួកគាត់​ដាក់​នៅខាងមុខ​ផ្ទះ​ប៉ុណ្ណោះ​»​។

លោក​បន្តថា ចំពោះ​ផលប៉ះពាល់​ពលរដ្ឋ​នេះ​អាជ្ញាធរ​នឹងធ្វើ​ការយក​ចិត្ត​ទុកដាក់​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បានល្អ​។ ជាពិសេស​តំបន់​ស្មុគស្មាញ​ចាប់ពី​កែង​ច្រមុះជ្រូក​រហូត​ដល់​ផ្សារ​ក្រោម​អាច​នឹង​ពិបាក​ក្នុង​ការដោះស្រាយ ព្រោះ​ទីនោះ​ជា​តំបន់​ទីប្រជុំជន និង​ជា​កន្លែង​លក់ដូរ​របស់​អាជីវករ ប៉ុន្ដែ​យ៉ាងណា​អាជ្ញាធរ​ជំនាញ​នឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​បាន​ល្អ​បំផុត​។

លោក ឈុន ឡេង ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ប៉ះពាល់​ផ្សេង​ទៀត​រស់នៅ​ម្ដុំ​ផ្សារក្រោម​បាន​ថ្លែងថា ផ្ទះ​របស់​លោក​ក៏​រង​ផលប៉ះពាល់​ពី​ការពង្រីក​ផ្លូវ​នេះដែរ ដោយ​ត្រូវ​រុះរើ​សំយាប​ខាងមុខផ្ទះ​ចំនួន ៣ ​ម៉ែត្រ​ចូលមក​ក្នុង​ផ្ទះ​។ ការពង្រីក​ផ្លូវ​នេះ​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ផ្ទះ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​បាន​សាងសង់​របង​ថ្ម​ខ្ពស់ៗ និង​អ្នកខ្លះ​បាន​ប៉ះពាល់​ផ្ទះ​តែម្ដង​។ លោក ឡេង ​បាន​បន្តថា លោក​មិន​មាន​អ្វី​តវ៉ា​ជាមួយ​អាជ្ញាធរ​ទេ ដោយ​គ្រាន់តែ​ស្នើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​មាន​តម្លាភាព និង​យុត្តិធម៌​តាម​ច្បាប់ ដោយ​ឥត​លម្អៀង​ចំពោះ​អ្នកមាន​លុយ ឬ​អ្នក​មាន​អំណាច​។

លោក​ថា​៖ «​ខ្ញុំ​អត់​មាន​អ្វី​តវ៉ា​ទេ ចាំ​មើល​តែ​ពលរដ្ឋ​យើង​ដទៃទៀត គាត់​គិត​យ៉ាងណា ហើយ​អាជ្ញាធរ​អនុវត្ត​បែបណា​? ព្រោះ​ផ្ទះ​ខ្ញុំ​នេះ ប៉ះពាល់​សំយាប​ខាងមុខ​ចំនួន ៣ ​ម៉ែត្រ​ដែរ​។ យើង​សោកស្ដាយ​ដែរ ព្រោះ​សំយាប​ហ្នឹង សម្រាប់​ដាក់​អីវ៉ាន់​លក់ដូរ​ទំនិញ​តិចតួច​នៅ​ខាង​មុខ​ផ្ទះ​»៕