
ដីដែលជនខិលខូចចាក់រំលោភឆ្នេរកោងកាង។ CNRO
ព្រះសីហនុៈ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ករណីជនខិលខូចចាក់ដីលុបសមុទ្រទន្ទ្រានយកដីព្រៃកោងកាងទៅដាំដើមដូង ក្នុងតំបន់ឆ្នេរពយយាយម៉ី និងពយតាបារាំង នៅភូមិរិទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រដ្ឋបាលស្រុកបានបញ្ជាឱ្យជនទន្រ្ទាននោះកាយដីដែលចាក់លុបនោះចេញរួចដាំដើមកោងកាងឡើងវិញ។
លោកបានថ្លែងថា៖ «យើងបានចុះទៅធ្វើកំណត់ហេតុ ហាមឃាត់គាត់កុំឱ្យចាក់ទន្រ្ទានរំលោភដីនៅតំបន់ឆ្នេររួចហើយនាពេលកន្លងមក ប៉ុន្ដែឥឡូវនេះបន្ទាប់ពីគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរចុះទៅពិនិត្យកាលពីថ្ងៃចន្ទ គឺតម្រូវឱ្យអាជ្ញាធរអញ្ជើញគាត់មក (ជនទន្ទ្រានដីព្រៃកោងកាង) ឱ្យគាត់ផ្អាកសកម្មភាពទាំងស្រុង និងឱ្យគាត់កាយឡើងវិញនូវដីដែលចាក់ចូលឆ្នេររួចដាំដើមកោងកាងឡើងវិញ។ ក្នុងករណីដែលគាត់មិនអនុវត្ដតាមទេ យើងនឹងបញ្ជូនសំណុំរឿងទៅតុលាការ»។
លោក សុគន្ធដា ថ្លែងថា៖ «តាមនីតិវិធីយ៉ាងយូរទុកពេលឱ្យត្រឹម ១ ខែប៉ុណ្ណោះ ដើម្បីឱ្យគាត់កាយដីដែលចាក់លុបនោះចេញ និងដាំកោងកាងឡើងវិញនេះ»។
លោកថា ជនដែលចាក់លុបនោះ គឺជាបុគ្គលនៅក្នុងទឹកដីខេត្ដព្រះសីហនុតែម្ដង ដោយបានចាក់ដីលុបសមុទ្រដែលជាដីព្រៃកោងកាងអស់ប្រមាណជាង ១ ហិកតា យកទៅធ្វើជាចម្ការ ដាំដើមដូងផ្ទាល់ខ្លួន។
កាលពីថ្ងៃចន្ទ ទី ២៩ មេសា ក្រុមការងារថ្នាក់ជាតិដឹកនាំដោយ លោក នី ផល្លី អគ្គលេខាធិការគណ:កម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះពិនិត្យ ទីតាំងជនខិលខូចទន្ទ្រាននោះ ឃើញថា ពិតជាមានការចាក់រំលោភដីព្រៃកោងកាងជាសម្បត្ដិរបស់រដ្ឋមែន និងបានប្រគល់កិច្ចការនេះ ទៅឲ្យគណ:បញ្ជាការឯកភាពស្រុកដោះស្រាយ។
លោកក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋផងដែរថា៖ «ជួយថែរក្សាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នាកុំឲ្យមានការបាត់បង់ រួមមានដី ព្រែក ព្រៃកោងកាង ទាំងនេះជាគ្រាប់ពេជ្រមួយ ជាធនធានរបស់យើងសម្រាប់សម្រេចនូវគោលដៅទេសចរណ៍របស់យើង ប្រសិនបើនៅក្នុងខេត្តតំបន់ឆ្នេររបស់យើងទទួលរងនូវការកាប់បំផ្លាញព្រៃកោងកាង ទទួលរងនូវការបំផ្លាញឆ្នេរ គឺយើងមិនអាចធ្វើការអភិវឌ្ឍកើតនោះទេ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា CNRO ថ្លែងថា ការកាប់ទន្ទ្រាន និងចូលកាន់កាប់ គឺជាបុគ្គលឯកជនដោយកាប់ទន្ទ្រានហើយចាក់ដីដាំដើមដូង។
លោកថា៖ «ចំណុចនេះ កំពុងរំលោភបំពានលើផ្លូវច្បាប់ ជាច្បាប់ស្ដីពីជលផល ហើយកន្លងមកឃើញថា ជំនាញខិតខំទប់ស្កាត់ហើយដែរ ប៉ុន្តែការចាក់ដីនៅតែកើតមាន នៅតែចាក់ជាបន្តបន្ទាប់»។
លោកថ្លែងថា ព្រៃកោងកាងជាមន្ទីរសម្ភពនៃការកកើតជីវចម្រុះនៅតំបន់ឆ្នេរ ហើយចុះបើបំផ្លាញ សម្ភពអស់ មន្ទីរកកើតធនធានធម្មជាតិមិនបាត់បង់អស់៕