ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវប្រាប់ពីម្សិលមិញថាករណីប្រជាពលរដ្ឋផ្អើលតម្រង់ជួរឈរតម្រៀបគ្នា ដើម្បីយកស្ទីកឃ័រកាត់ឆុងពីផ្ទះអ្នកគ្រូហុងស៊ុយ ឈ្មោះ ឡុង ណាលី នោះគឺមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងតំបន់នោះទេ។ ប៉ុន្តែអាជ្ញាធរខណ្ឌរបស់លោកជួយកម្លាំងទៅរៀបចំសណ្តាប់ធ្នាប់ឱ្យប្រជាពលរដ្ឋរក្សាគម្លាតសង្គមដើម្បីការពារការឆ្លងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបន្តថា ចំពោះថាអាជ្ញាធរខណ្ឌអញ្ជើញអ្នកគ្រូទស្សន៍ទាយរូបនោះមកណែនាំគឺគ្មានទេដោយគ្រាន់តែណែនាំឱ្យចេះបង្ការ និងទប់ស្កាត់ពីវិធីការពារការឆ្លងជំងឺកូវីដតែប៉ុណ្ណោះ។ លោកបានចុះទៅមើលទីនោះហើយឃើញថាការតម្រង់ជួររបស់ប្រជាពលរដ្ឋទាំងនោះមិនទាន់បានរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវនៅឡើយទេ។
លោកថ្លែងថា៖ «បើទោះជាមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្តីតែយើងជាអាជ្ញាធរត្រូវតែជួយមើលការខុសត្រូវ និងជួយរៀបចំសណ្តាប់ធ្នាប់បន្ថែមទៀត។ ធ្វើយ៉ាងណាមានការអនុវត្តតាមនីតិវិធីរបស់ក្រសួងសុខាភិបាល»។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទូរស័ព្ទទៅលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែរតែទូរស័ព្ទរបស់លោកស្រីជាប់រវល់។ ប៉ុន្តែលោកស្រីធ្លាប់មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា ការចូលរួម និងការទទួលខុសត្រូវរបស់បុគ្គលលើការការពារការចម្លងវីរុសកូវីដ ១៩ គឺជាការអនុវត្តសិទ្ធិរបស់បុគ្គល។ ប៉ុន្តែក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឱ្យមានការចូលរួមការពារការចម្លងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងមានការប្រុងប្រយ័ត្នជាប់ជានិច្ចរាល់ពេលដែលបុគ្គលចល័ត ឬធ្វើដំណើរ។ ម្យ៉ាងទៀតការសំខាន់នោះ បុគ្គលគ្រប់រូបត្រូវអនុវត្តសិទ្ធិក្នុងការមិនចម្លងវីរុសកូវីដ ១៩ ទៅអ្នកដទៃ។
លោកស្រីថ្លែងថា៖ «ការព្រងើយកន្តើយ មិនអនុវត្តវិធានការការពារខ្លួន និងភាពសន្តិភាពនិយមជាមួយវីរុសកូវីដ ១៩ នេះជាការបើកលម្ហដ៏ធំសម្រាប់ឱ្យវីរុសកូវីដមានលទ្ធភាពក្នុងការវាយលុកសរីរាង្គលោកអ្នកដោយងាយស្រួល។ ក្នុងនោះលោកអ្នកក៏បង្កលក្ខណៈ និងដាក់ខ្លួនលោកអ្នកចូលទៅក្នុងហានិភ័យខ្ពស់នៃការចម្លងជំងឺនេះដែរ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទំនាក់ទំនងអ្នកគ្រូទស្សន៍ទាយ ឈ្មោះ ឡុង ណាលី បានទេពីម្សិលមិញ។ ប៉ុន្តែបើតាមផេចឡាយផ្ទាល់ដែលអ្នកគ្រូ ឡុង ណាលី បានរៀបរាប់ថា គាត់បានបោះពុម្ពសៀវភៅ ១ ក្បាលនិយាយពីហុងស៊ុយក្នុងឆ្នាំ ២០២១ រៀបរាប់អំពីទិសហេង និងទិសឆុងឆ្នាំដែលផ្ទះបែរទៅទិសណាខ្លះត្រូវឆុង និងផ្ទះបែរទៅទិសណាមានរាសីហេង។ ប្រទេសប្រេស៊ីល ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន ឬភាគខាងត្បូងនៃសហរដ្ឋអាមេរិក។
ដូច្នេះប្រជាពលរដ្ឋនៅតាមប្រទេសដូចរៀបរាប់នោះត្រូវមានការប្រុងប្រយ័ត្នពិសេសប្រជាពលរដ្ឋកម្ពុជានៅទីនោះ។ ចំណែកនៅប្រទេសកម្ពុជាគឺមិនជួបបញ្ហាអ្វីទេដោយសារហ្សូនឆ្នាំឆ្លូវ និងហ្សូនឆ្នាំមមែ មិនចំប្រទេសកម្ពុជាទេ៕
វីដេអូ៖