តាកែវ: អភិបាលខេត្តតាកែវលោក អ៊ូច ភា បានអះអាងកាលពីម្សិលមិញថា អាជ្ញាធរខេត្តកំពុងរកដំណោះស្រាយជូនក្រុមអាជីវករផ្សារព្រៃសណ្តែកប្រមាណជាង ១០ នាក់ បន្ទាប់ពីពួកគាត់បាននាំគ្នាតវ៉ាពាក់ព័ន្ធនឹងម្ចាស់ក្រុមហ៊ុនវិនិយោគផ្សារដំឡើងតម្លៃតូបខ្ពស់ជាងមុន។
លោក អ៊ូច ភា បានបញ្ជាក់ថាអាជីវករជាង ១០ នាក់បានអះអាងពីការបាត់តូប និងបាត់ទំហំតូបដោយទាមទារឲ្យអ្នកវិនិយោគផ្សារផ្ដល់សំណង និងសុំបានលក់នៅកន្លែងដដែលព្រមទាំងសុំឲ្យលក់តូបក្នុងតម្លៃសមរម្យ ប៉ុន្ដែម្ចាស់ក្រុមហ៊ុន ខេង យ៉ារី ឌីវេឡុបមេន អេន អ៊ិនវេសមេន (ខេ. វ៉ាយឌី. អ៊ី) មិនព្រម ដោយលើកឡើងថាដោយសារចំណាយលើការសាងសង់អស់ច្រើន។
លោកបានបញ្ជាក់ថា៖ «រឿងហ្នឹងយើងកំពុងដោះស្រាយជាបន្តបន្ទាប់ហើយគឺសល់ប្រហែលជាង ១០ នាក់ទៀតទេ ព្រោះអាហ្នឹងជាធម្មតាទេ ក្រុមហ៊ុនហ្នឹង គាត់បានសាងសង់ផ្សារថ្មីមួយនៅលើទីតាំងចាស់ ហើយគេពង្រីកធំជាងមុន ហើយតូបលក់ដូរហ្នឹងក៏ច្រើនជាងមុនដែរ។ អ៊ីចឹងវាមានកិលទៅនោះតិច បាត់ត្រង់នេះតិច អ៊ីចឹងហើយ ហើយគាត់ចង់បានតែតូបគាត់ចាស់ដដែលៗហ្នឹង»។ ប៉ុន្តែលោកថាអាជ្ញាធរនៅតែបន្តជួយរកដំណោះស្រាយ ដើម្បីឲ្យមានការឯកភាព។
បើតាមលោក អ៊ូច ភា កន្លងមកក៏ធ្លាប់មានកិច្ចប្រជុំរវាងក្រុមអាជីវករផ្សារ និងម្ចាស់វិនិយោគផ្សារក្រោមការសម្របសម្រួលពីលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និងលោក ខឹម ឆន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួចហើយដែរ ប៉ុន្ដែមិនបានលទ្ធផលក៏បញ្ជូនមកឲ្យខេត្តជួយ។
លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងបានថ្លែងថាលោកធ្លាប់បានសម្របសម្រួល ប៉ុន្ដែក្រុមអាជីវករមិនព្រមទទួលយកសំណើ បន្ទាប់មកលោកក៏បញ្ជូនរឿងនេះទៅសាលាខេត្ត។
លោកបន្តថាក្រុមអាជីវករបានសំណូមពរឲ្យលក់សម្រាប់អាជីវករចាស់ ក្នុងតម្លៃ ៥០០ ដុល្លារ និងតូបនៅខាងមុខតម្លៃតែ ២០០០ ដុល្លារបានហើយ សម្រាប់អ្នកលក់ដូរយូរ។
លោកថា៖ «ខ្ញុំសម្របសម្រួលរួចហើយ ប៉ុន្ដែភាគីទាំង ២ មិនទទួលយកដំណោះស្រាយ ឥឡូវនេះខ្ញុំបានបញ្ជូនទៅថ្នាក់ខេត្តដោះស្រាយហើយ»។
អ្នកស្រី សុខ ថាវរី ជាអាជីវករដែលលក់នៅផ្សារព្រៃសណ្តែកជាយូរឆ្នាំបានថ្លែងថា អ្នកស្រីមិនពេញចិត្តចំពោះដំណោះស្រាយពីអាជ្ញាធរស្រុកទេ ព្រោះម្ចាស់វិនិយោគបានលក់តូបក្នុងតម្លៃខ្ពស់ពេកពោលគឺអាជីវករចាស់លក់ក្នុងតម្លៃ ២៧០០ ដុល្លារ និងអ្នកថ្មីតម្លៃលើសពីនេះ ជាអ្វីដែលអ្នកស្រីថាធ្វើខុសពីកិច្ចសន្យា និងពន្យុះឲ្យប្ដឹង។
អ្នកស្រី សុខ ថាវរី បញ្ជាក់ថា៖ «ម្ចាស់ផ្សារថា ប្រសិនបើអ្នកណាមិនសុខចិត្តឲ្យទៅប្តឹងទៅគាត់មិនខ្លាចទេ ពេលពួកខ្ញុំទាមទារយកកន្លែងតូបរបស់ខ្លួនវិញ ម្ចាស់ផ្សារហ្នឹងសួរថាមានប្លង់សម្រាប់បញ្ជាក់កន្លែងរបស់អ្នកឯងពីមុនទេ? ផ្ទុយទៅវិញអ្នកវិនិយោគផ្សារនេះបានរក្សាទុកតូបនៅផ្លូវកែង ឬតូបនៅតាមច្រកចេញចូលដែលជាកន្លែងល្អគឺទុកសម្រាប់លក់ឲ្យអ្នកថ្មី ឬបក្ខពួករបស់ខ្លួន»។
យ៉ាងណាក្ដីកាលពីថ្ងៃទី ៧ ធ្នូលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវបានចេញលិខិតមួយដោយបញ្ជាក់ថា សំណង់ផ្សារព្រៃសណ្តែកគ្មានលិខិតអនុញ្ញាតទេ ក្រោយពីលោកទៅពិនិត្យក្នុងពេលផ្សារមួយនេះសាងសង់ជិតរួចហើយនោះ។
លិខិតដដែលបានបញ្ជាក់ថា «ផ្សារព្រៃសណ្ដែកនេះគឺពុំមានលិខិតអនុញ្ញាតឲ្យសាងសង់នោះទេ ទំហំតូបថ្មីគឺតូចជាងដែលបានសន្យាមុនពេលសាងសង់ តូបថ្មីដែលបានសាងសង់មិនគ្រប់ចំនួនតូបចាស់ ឬតូបដែលបានកក់ប្រាក់ និងអាជីវករដែលទទួលបានតូបថ្មីគឺខុសពីទីតាំងចាស់ ឬនៅឆ្ងាយពីទីតាំងចាស់ដែលខ្លួនធ្លាប់លក់»។
តាមក្រុមអាជីវករថាតំណាងក្រុមហ៊ុនប្រាប់ពួកគេមុនសង់ថា អាចទិញតូបខ្លួនវិញក្នុងតម្លៃថោក និងប្រាប់ថា តូបជួរមុខមានទំហំ ៤x៣ ម៉ែត្រ ឯតូបខាងក្នុងមានទំហំ ៣x២ ម៉ែត្រកន្លះ ឮដូច្នោះក្រុមអាជីវករក៏ព្រមផ្តិតមេដៃឲ្យក្រុមហ៊ុនអភិវឌ្ឍ ប៉ុន្តែពេលសង់បានប្រហែល ៣០ ភាគរយក៏ឲ្យអាជីវករកក់ប្រាក់ ហើយបើមិនកក់ទេនឹងអត់តូប។
គួរបញ្ជាក់ថាផ្សារព្រៃសណ្ដែកថ្មីនេះត្រូវបានទទួលការសាងសង់ដោយក្រុមហ៊ុន ខេង យ៉ារី ឌីវេឡុបមេន អេន អ៊ីនវេស មេន (ខេ. វ៉ាយឌី. អ៊ី) ប៉ុន្តែលោក វ៉ែន ចាន់ថូ ប្រធានក្រុមហ៊ុននេះមិនអាចទាក់ទងសុំការបញ្ជាក់ពីករណីនេះបានទេកាលពីម្សិលមិញ៕