ព្រះសីហនុៈ អាជ្ញាធរ​អះអាង​ថា​ ពលរដ្ឋ​ខ្លះ ក្នុងចំណោម ១០០ គ្រួសារ​ដែល​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​ ក្នុង​ជម្លោះ​ដីធ្លី ​នៅ​ស្រុក​​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ពី​សប្តាហ៍​មុនគឺជា​អ្នក​កាន់​​កាប់​ដី​មិន​ស្រប​ច្បាប់​ ព្រោះ​មិនមាន​បណ្ណ​កម្ម​សិទ្ធិ​ត្រឹមត្រូវ​ ប៉ុន្តែ​ពលរដ្ឋ​​អះអាងថា ​ពួកគេ​បាន​រស់នៅ​លើ​ដីនេះ​យូរមក​ហើយ​ គ្រាន់តែ​គ្មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ។

លោក​ ឱ សារឿន ​អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ ​ថ្លែងថា ​កាលពី​ដើម​ឡើយ ​តំបន់នេះ ​គឺជា​ដីព្រៃ ​ស្ថិត​នៅក្នុង​ដី​គម្រប​ព្រៃ​ឈើ ​តែក្រោយ​មក​ក៏មាន​ការចេញ​ប្លង់​ជូន​ប្រជាពលរដ្ឋ ​ដែលហៅថា ​ប្លង់​ស្លាប​មាន់ ​នៅ​ឆ្នាំ ២០០២ ​ប៉ុន្តែ ​តុលា​ការ​កំពូល​ បាន​សម្រេច​និរា​ករណ៍​លិខិត​កាន់កាប់​នានា ​ហើយ​ប្រគល់​ដីនេះ​ឲ្យ​ទៅ​ពលរដ្ឋ​ ៩ គ្រួសារ​កាន់កាប់​ដែលឈាន​ដល់​ការអនុវត្ត​សាលដីកា​ នាំ​ឲ្យ​មានការប៉ះ​ទង្គិច​គ្នា ​កាលពី​ថ្មីៗ​នេះ។

លោកថា​៖ «ខ្លះ​មាន​ ខ្លះអត់ ​ហើយ​អ្នកខ្លះ​មក​ពី​ចម្ងាយ​ ហើយ​​ដោយសារតែ​យើង​មិន​បាន​គ្រប់គ្រង​គាត់​បាន​ត្រឹមត្រូវ​ហ្នឹង​ហើយ ​បានចុះ​ទៅ​ពិនិត្យ ​និង​សុំ​ការសហការ​ពី​ពលរដ្ឋ​ស្រង់​នូវ​ស្ថិតិ​ឲ្យ​មានភាព​ច្បាស់​លាស់ ហើយ​ដោយសារតែ​ពួកគាត់​ មិនមាន​ភាពស្របច្បាប់​ហ្នឹង​ហើយ​ បាន​បណ្តាល​ឲ្យ​មាន​ជម្លោះ»។

លោក​ថា​៖ «និយាយ​រួម​គ្រាន់តែ​មានអនុក្រឹត្យ​និរាករណ៍​ប្លង់​ស្លាបមាន់​ហ្នឹង​ ប៉ុន្តែ​ដំណើរ​នីតិវិធី​បន្តទៅ​ទៀត​របស់​ជំនាញ​សុរិយោដី​គាត់​ធ្វើ​យ៉ាង​ម៉េច ​សម្រាប់​ឯកសារ​យ៉ាង​ណា ​អនុក្រឹត្យ​យ៉ាងណា​ទៀត ​ខ្ញុំ​ក៏មិន​ច្បាស់​ដែរ ព្រោះ​នីតិវិធី​កើត​ម​កក្រោយៗ​ទៀត ​ជំនាញ​គេ​អ្នក​ទទួល​ខុស​ត្រូវ ​ពាក់ព័ន្ធ​គម្រប​ដី​ព្រៃ​ឈើ ​តាំង​ពី​ ​២០០២ ​ឯណោះ»។

អ្នក​នាំពាក្យ​រូប​នេះ​អះអាងថា​ ជំហាន​បន្ទាប់ ​មន្ត្រី​ជំនាញ​នៅតែ​បន្ត​អនុវត្ត​តាម​សាល​ដីកា​នេះ។ លោក​បន្ថែមថា​៖ «រឿង​ការត​តាំងប្រឆាំង ​បង្កើត​ហិង្សា​ហ្នឹង ​អត់​អាចកើត​ឡើង​បានទេ​ តែ​អាជ្ញាធរ​ខេត្ត​បានផ្តល់​គំនិត​ជូន​គាត់​មួយ​ បើសិនជា​គាត់​ដកថយ​ទៅ ​ធ្វើជា​សំណើ ​ឬ​ពាក្យ​បណ្តឹង​តតាំង​សុំ​ជាផ្លូវការ​មកវិញ ​គាត់​កើត​ទុក្ខ​មិន​សុខចិត្ត​រឿង​អី ​ចំពោះ​​ការសម្រេច​របស់​តុលាការ​កំពូល​។ អាជ្ញាធរ​នឹង​ពាំនាំ​យក​សំណុំរឿង​របស់​គាត់​ដាក់ជូន​ទៅ​តាម​លំដាប់​លំដោយ​ដើម្បី​ជួយ​សម្រួល​ឲ្យ​គាត់​ឬក៏​ពិនិត្យ​សើរើ​ឡើង​វិញ»។

លោក​ អុឹម សារ៉ុម ​អតីត​មេ​ឃុំ​បិតត្រាង​ ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍ថា ​កាលពី​លោក​នៅជា​មេឃុំ​បិតត្រាំង​ មានប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាន​មក​រស់នៅ​តំបន់​ដីមាន​វិវាទ​នេះ​បានសម្រុក​មក​កាប់​ទន្រ្ទាន​យកដី​ ទោះបីមានការ​ហាម​ឃាត់​ពីអាជ្ញាធរ​ក៏ដោយ​ពួកគេ​មិនព្រម​​ឈប់​និង​នៅតែ​បន្តការ​កាន់​កាប់។

លោក​បន្តថា​៖ «តាមពិត​ដីនេះ ​តាមដែល​ខ្ញុំ​ដឹង​គឺជា​ដី​ក្រុមហ៊ុន​ មានម្ចាស់​រួចហើយ​ ប៉ុន្ដែ​ម្ចាស់​ទុកចោល​មិន​ដែលមក​ខ្វាយ​ខ្វល់​អីទេ ​ទើប​នៅ​អំឡុង​ឆ្នាំ ២០១៦-​២០១៧​ រហូតមក​ចេះតែ​មាន​ប្រជាពលរដ្ឋ​ទៅ​កាប់​ទន្រ្ទាន​កាន់កាប់​យក​រៀងៗ​ខ្លួន​រហូត​មក»។

លោក​ថា​៖ «កាលនោះ​ខ្ញុំ​ស្មានតែក្រុមហ៊ុន​ គេ​ជួល​ពួក​គាត់​(ពលរដ្ឋ)​មកកាប់​ព្រៃ​អី​ ទើប​ក្រោយ​ៗ​មកទើប​មានរឿង​ផ្ទុះ​ការ-​តវ៉ា​ពី​ប្រជាពលរដ្ឋ​ទាមទារ​ដី​នោះ ​ប៉ុន្ដែ​តាំងពី​ដើម​មក​ ដីនេះ​ខ្ញុំ​មិន​ដែល​ឃើញ​មានប្លង់​មាន​អី​ទេ»។

អតីត​មេឃុំ​បិត​ត្រាំង រូបនេះ ​រៀបរាប់​ទៀតថា ​បើតាម​លោក​ចាំ ​កាលពី​ឆ្នាំ ២០០៥ ​និង ​២០០៦ ​ដី​វិវាទនេះក៏ធ្លាប់មាន​ការទិញ​លក់​ពី​មន្រ្ដី​ធំៗ​នៅ​ភ្នំ​ពេញ​មួយ​ចំនួន​ដែរស្របពេល​នោះក៏មាន​ពល​រដ្ឋចំណាក​ស្រុក​ដទៃៗ​ទៀត​ បាន​មក​តាំង​លំ​នៅ​ជាបន្ត​បន្ទាប់។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ចេះតែ​ផ្អើល​តាមគ្នា ​ព្រោះ​ដី​ហ្នឹង​វា​អត់​មានការ​អភិវឌ្ឍ។ ពួក​គាត់​អ្នក​អនាធិបតេយ្យ ​ដែល​គាត់​សុទ្ធ​តែ​មាន​បណ្ដាញ​គ្នា​គាត់។ ពលរដ្ឋ​រស់នៅ​លើ​ដី​បច្ចុប្បន្ននេះ ​គឺ​គ្មាន​ប្រជាពលរដ្ឋ​ជាក់ស្ដែង​ក្នុង​ទឹ​កដី​ស្រុក​ភូមិ​នេះទេ​ គឺ​គ្មាន​តែម្ដង​ ភាគ​ច្រើន​គឺ​ពួកគាត់​មកពី​ខាង​ស្រុក​ក្រៅ ​មកពី​កោះកុង​ មកពី​កំពត​អី​ណា​នោះ»។

ស្រដៀង​គ្នានេះមេ​ភូមិ​គគីរ ​លោក​សុខ ណារ៉ា អះអាងថា ​ពលរដ្ឋ​ដែលកំពុង​តវ៉ា​ក្នុង​វិវាទ​ដី​នេះមិនមែន​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ស្ថិតិ​រស់​នៅ​ក្នុង​ភូមិ​នេះ​ទេ ​ពួកគេ​ជា​ប្រជាពលរដ្ឋ​ចំណូល​ថ្មី។

លោក​បន្ដថា​៖ «ពួក​គាត់​ជា​ប្រជា​​ពលរដ្ឋ​ចម្រុះ​ចេញ​ចូល​ចេញ​ចូល​ក្នុង​ភូមិនេះ ​យើង​មិនទាន់​អាច​ស្រង់​ស្ថិតិ​ពួក​គាត់​បាន​នៅ​ឡើយ​ទេ។ កន្លង​មក​ពួក​គាត់​ធ្លាប់​មក​ស្នើ​សុំ​លិខិត​ស្នាម​អី​ដែរ​ តែ​យើង​មិនដែល​ចេញឲ្យ​គាត់​ទេ ​យើង​ប្រាប់​គាត់​ថាដីនេះ​ធ្លាប់​មានប័ណ្ណ​កាន់​កាប់​ពី​មុនៗ​មក»។

លោក​បន្ថែមថា​៖ «យើង​គ្រាន់តែ​ដឹងថា​ដីនេះ ​គេ​មាន​បណ្ណ​កម្មសិទ្ធិ​ពី​មុន​មក​ តែ​យើង​មិនដែល​ឃើញ​ប័ណ្ណ​នោះទេ ​មិនដឹង​ថា​ជាប័ណ្ណ​យ៉ាង​ម៉េច​ទេ។ ប៉ុន្ដែ​ជាក់ស្ដែង​គឺ​ពិតជា​មានប្រជាពលរដ្ឋ​ខ្លះ​គាត់​រងគ្រោះ​ជាក់ស្ដែង​មែន​ ព្រោះ​ពួកគាត់​អត់​លំ​នៅ ​បាន​ទៅ​ទិញ​ដី​ពី​អ្នក​ដែល​ទន្រ្ទាន​ដី​នោះ ​ចំណែក​អ្នក​លក់​គេ​បាន​លុយ​ទៅ​បាត់​អស់​ហើយ»។

បើតាម​ការអះអាងថា ​មាន​ពលរដ្ឋ​យ៉ាងហោច​ណាស់​ ១០០ ​​គ្រួសារ ​ដែលបាន​នៅ​លើ​ដី​មាន​ជម្លោះ​នេះ ​ហើយ​ពួក​គេ​ភាគ​ច្រើន​សុទ្ធតែ​អះអាង​ដូចៗ​គ្នាថា ​បានរស់​នៅ​លើ​ដីនេះ​ជាយូរ​ឆ្នាំ​មក​ហើយ ​តែ​អាជ្ញាធរ​មិនចេញ​បណ្ណ​កម្ម​សិទ្ធិ​ឲ្យ។

កាលពី​ថ្ងៃទី២៤ ​មករា ​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ​រវាង​ពលរដ្ឋ​ជិត​ ៣០០ នាក់ ​ដែល​អះអាង​ថា​ ជាដី​របស់​ខ្លួន ​ដោយបាន​ដុត​កង់​ឡាននិង​បិទ​ផ្លូវ​ជំទាស់​នឹង​អាជ្ញាធរ​ចម្រុះ​ប្រមាណ ២០០ នាក់​ ចុះទៅ​រុះរើ​ផ្ទះ​របស់​ពួកគេ ដើម្បី​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។ ក្នុងការ​ប៉ះទង្គិច​នោះ ​មាន​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់​ដោយ​គ្រាប់​កាំភ្លើង​ដឹក​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ​និង​ម្នាក់ទៀត​រងរបួស​ស្រាល ​ចំណែក​ពលរដ្ឋ៤នាក់​ផ្សេង​ទៀត ​ត្រូវបាន​ឃាត់ខ្លួនតែ​ត្រូវបាន​ដោះលែង​វិញ​នៅថ្ងៃ​ដដែល។

លោក​សឿង សាង ​អាយុ ៦០ ឆ្នាំ ​ជាពលរដ្ឋ​កំពុង​រង​វិវាទ​ដីធ្លីនេះ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ ខ្លួន​បានមក​រស់នៅ​ទីតាំង​ដីនេះ​ជិត​ ២០ ឆ្នាំ​ហើយ​ ប៉ុន្ដែ​លោក​មិនមាន​ឯកសារ​បញ្ជាក់​អ្វី​ទេព្រោះ​អាជ្ញា​ធរ​មិនធ្វើ​ជូន​ពួក​គាត់ ​បើ​ទោះជា​បាន​ស្នើ​សុំ​ក៏​ដោយ។

លោក​ថា​៖ «ខ្ញុំ​មិន​ដឹង​ទៅ​ណា​ទៀត​ បើ​គេ​មក​រុះរើ​កម្ទេច​ទី​នេះ។ ខ្ញុំ​នឹង​នៅតតាំង ​សុខចិត្ដ​ងាប់​នៅ​តស៊ូ​នៅ​ទឹក​ដី​នេះ»។ លោក​ ចង់​ឲ្យ​មានដំណោះ​ស្រាយ​សម​ស្រប​ណាមួយ​សម្រាប់​ពួក​ខ្លួន។

លោក​ឆីវ ឆេង​ តំណាង​ប្រជា​ពលរដ្ឋ​ជិត​ ១០០​ គ្រួសារ ​ដែល​កំពុង​ទាមទារ​ដី​ក្នុង​តំបន់​ខាងលើ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ​ពួកគាត់​បាន​មក​រស់​នៅ​លើ​ដីនេះ ​ជាច្រើន​​ឆ្នាំ​មក​ហើយប៉ុន្ដែ​ពួកគាត់​មិន​មាន​ប័ណ្ណ​បញ្ជាក់​កម្មសិទ្ធិ​ដី​ធ្លី​ទេ។

លោក​ថា​៖ «គេ​គំរាម​ថា ​បើ​មិន​រុះរើ​តង់​និង​ខ្ទម​ចេញ​ទេ ​គេ​នឹង​កាយ​កម្ទេច​ទាំង​អស់។ ប៉ុន្ដែ ​ឥឡូវ​គេ​មិន​ប្រើអាវុធ​បាញ់​មក​លើ​ពល​រដ្ឋ​ដូច​មុន​ទេ ពេល​ឃើញ​ពលរដ្ឋ​តវ៉ា​ច្រើន​គេ​ទៅ​វិញ​អស់​ហើយ»។

លោក​បន្ដថា​៖ «ប្រជាពលរដ្ឋ​នឹង​នៅ​តវ៉ា​នៅ​ដីនេះ​រហូត​ទទួល​បាន​ដំណោះ​ស្រាយ​ ទោះ​មាន​ការវាយ​កម្ទេចនិង​ដេញ​យ៉ាង​ណា​​ក៏​ពួក​យើង​មិន​ចេញ​ទៅ​ណា​ដែរ»។

តាម​សំអាង​ហេតុ​ក្នុង​សាល​ដីកា​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី ១ ធ្នូ ឆ្នាំ២០១៧ បាន​ឲ្យដឹងថា ដី​មាន​ជម្លោះ​នេះ​ចំនួន ៧១ ហិកតា ត្រូវបាន​ទិញ​លក់​ តាំងពី​ឆ្នាំ ១៩៩៣ ដោយ​ភាគី​ឈ្មោះ ហេង អ៊ុយ​ហុក បាន​ទិញ​ពី​ពលរដ្ឋ ៩ ​គ្រួសារ​ មានឈ្មោះ​គង់ វណ្ណា,​ ទឹម យាន, ស៊ឹង ស៊ាន, ច្រឹង វុត្ថា, ​សៀន​ សុខ ​និង​ឈ្មោះ​ឯម អ៊ិន តែ​ដោយ​ការទូទាត់​ប្រាក់​ពុំ​គ្រប់​ចំនួន ​ទើប​ពួកគេ​ទាំង​ ៩ ​គ្រួសារ​នោះ​បញ្ចប់​កិច្ច​សន្យា​ទិញ​លក់និង​បន្តកាន់កាប់​ដី​នេះ។

ការ​សំអាង​ហេតុនោះ​បន្តថា ​ក្រោយមក ​បុគ្គល​ឈ្មោះ ​ហេង អ៊ុយ​ហុក ដែលជា​ចុង​ច​ម្លើ​យ បាន​លួច​ធ្វើ​ប័​ណ្ឌ​កាន់កាប់​ដោយ​ចុះ​នៅ​ឆ្នាំ ១៩៩៣ ​ទើប​​មានការ-​ប្តឹងផ្តល់​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​អំឡុង​ឆ្នាំ ២០១០ ​រហូតដល់​តុលាការ​កំពូល​ ដោយ​សម្រេច​ចុង​ក្រោយ​ នៅ​ខែវិច្ឆិកា ​ឆ្នាំ ២០១៧ តុលា​ការ​កំពូល​សម្រេច​ផ្តល់​ដី​ទំនាស់នោះ​ ទៅ​ឲ្យ​ពលរដ្ឋ ៩ គ្រួសារ ​ដែល​មាន​តំណាង​ដើម​បណ្តឹង​ឈ្មោះ​ឆាយ ណារិន​ និង ​គង់ ​វណ្ណា។

លោក​ថាន់ ថាវិរៈ ​មេធាវី​ការពារ​​ក្តី​ពលរដ្ឋ ៩ គ្រួសារ​ដែលតុលាការ​កំពូល​កាត់​ឲ្យឈ្នះ​ក្តី ​លើដី ​៧១ ហិកតា​នោះប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញថា ​កូនក្តី​របស់​លោក​បានតតាំង​ក្តី​លើ​ដីនេះ ​តាំងពី​ឆ្នាំ ២០១០ មក ​ដោយ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ រហូត​​តុលាការ​កំពូល​ចេញ​សេចក្តី​សម្រេច​ប្រគល់​ឲ្យ​កូន​ក្តី​ខ្លួន។ លោក​បន្តថា ​ដល់​ពេល​ថ្ងៃ​អនុវត្ត​សាល​ដីកា ​ក៏បាន​ជូនដំណឹង​ជា​ច្រើន​ដង​មក​ដែរ​ តែ​ពលរដ្ឋ​ទាំង​នោះ ​នៅតែ​មិន​ព្រម​ចាកចេញ ​ព្រោះតែ​ពួកគេ​មានការជំរុញ​ពី​ឈ្មោះ​យូ ណារិន ​ដែល​សង្ស័យថា ​បាន​ញុះញង់​ពលរដ្ឋ​ទាំង​ ១០០ គ្រួ​សារ​នោះ។

លោក​បន្តថា​៖ «អំឡុង​ពេល​ពួក​ខ្ញុំ​កំពុង​ដើរ​ក្តី​នៅ​តុលាការ​ ក្នុង​ឆ្នាំ ២០១២ និង​២០១៣ ​ក្រុមគាត់​(ពលរដ្ឋ)​ហ្នឹង​ បាន​តាំង​លំ​នៅ»។ លោក​បន្តថា​៖​«លោក​ព្រះរាជអាជ្ញា​ចុះ​អនុវត្ត​ដល់​ទីតាំង​ហ្នឹង ​សួរថា​ដឹងថា​គេ ​ចុះ​មក​អនុវត្ត​ទេ? ពួក​គាត់​ (ពលរដ្ឋ) ​ឆ្លើយ​ថា​ដឹង​ តែឲ្យ​សួរ​មេ​គាត់​ឈ្មោះ​យូ ណារិន​ សិន​ ហើយការ​អនុវត្ត​ថ្ងៃ​បន្ទាប់ ​បាន​ជួប​ពលរដ្ឋម្តង​ទៀត។ តែ​ពលរដ្ឋ​បានឲ្យ​ជួប​តំណាង​ពលរដ្ឋ ​ដោយ​ទាមទារ​ឲ្យ​ពួកគាត់​ដែលជា​អ្នក-ឈ្នះ​ក្តី​ហ្នឹង ​ផ្តល់​សំណង​តាម​គោល​នយោបាយ​អីណា ​ដោយ​មានការ​ស្នើ​ឲ្យ​កាត់​ដី ៧ ទៅ ៨ ហិកតា​ឲ្យពលរដ្ឋ​ទាំង​នោះ»។

លោក​ថាន់ ថាវិរៈ​ អះអាងថា ​វា​ជារឿង​អយុត្តិធម៌​បំផុត​សម្រាប់​កូន​ក្តី​លោក ​ទាំង ៩ គ្រួសារ ​ដែល​ជា​អ្នក​ឈ្នះ​ក្តី ​បែរជា​ត្រូវជួប​បញ្ហា​ដូច្នេះ។ លោក​ស្នើឲ្យ​អាជ្ញាធរ​ ជួយ​ដោះស្រាយ​បញ្ហា​ឲ្យកូន​ក្តី​ខ្លួន ​បានសិទ្ធិ​កាន់កាប់​ដោយ​ស្រប​ច្បាប់​ខណៈ​ដី​ជិត ៥០ ហិកតា ​ដែលខ្លួន​បាន​កាន់កាប់​ដោយពុំ​មានការ​ជំទាស់​ ​តែ​ដី​ជិត​ ២០ ហិកតា​ទៀត ​កំពុង​មាន​ជម្លោះ។

លោក​យូ ណារិន ​ដែលម្ចាស់ដី​បានចោទ​ប្រកាន់ថា​នៅពី​ក្រោយ​ការញុះ​ញង់​ពលរដ្ឋ​ទាំងនោះ​ឲ្យ​តវ៉ា​ប្រឆាំង​ការអនុវត្ត​សាលដីកា​​តុលា​ការ​កំពូល​បាន​បដិ​សេធ ​ពីម្សិល​មិញ។ លោក​បញ្ជាក់ថា​ លោក​ក៏ជាជន​រងគ្រោះ​លើ​ជម្លោះ​ដី​ធ្លីនេះ​ដែរ​ ព្រោះ​ខ្លួន​ពិតជា​បានទិញ​ដី​ពី​ប្រជាពលរដ្ឋ​ទាំង​ ១០០ គ្រួសារ​នោះ ​ដោយការទិញ​លក់​ខ្លះមានការ​ទទួលស្គាល់​ពី​ភូមិ​ឃុំ។

លោក​ណារិន បន្តថា​៖ «បាន​ទិញហើយ ​អ្នក​ខ្លះ​ហ្នឹង​ ក៏បាន​ឲ្យ​នៅ​មើល​ដំណាំ​ដាំដុះ​ហ្នឹង​ ហើយ​រួច​ពី​ហ្នឹង​ទៅ ​ចាប់​អភិវឌ្ឍ​លើដី​ហ្នឹង​ ក៏គេ​ចោទ​ថា​ ខ្ញុំ​ហ្នឹង​ហ៊ុមព័ទ្ធ​ដី​រដ្ឋ។ ហ៊ុមព័ទ្ធ​​ម៉េច​ បើ​រដ្ឋ​អនុវត្ត​ឲ្យ​ខ្ញុំ ​រួចរាល់​អស់​ហើយ ​ដោយបាន [ដាំ] ដុះ​រួច​ហើយ ​តែ​ក៏ចាប់​ខ្ញុំ​ដាក់​ពន្ធនា​គារ ថា​ខ្ញុំ​ហ្នឹង​បំផ្លិច​បំផ្លាញ​ដី​រដ្ឋ»។

បើតាម​ការអះអាង​របស់​លោក​យូ ណារិន​ ដីដែល​លោកបាន​ទិញ​នោះ ​គឺ​មាន ២៧ ហិកតា ​ដោយបាន​បង្ក​បង្កើន​ផល​លើ​ដីនោះ ​បន្ទាប់ពី​បានទិញ​ពី​ពលរដ្ឋ​ទាំង​ ១០០ គ្រួសារ​ តែ​លោកថា​ដីនេះ ​មានចម្ងាយ​ឆ្ងាយ​ពី​ដី​កំណត់​ក្នុង​សាលដីកា​ប្រមាណ ​៣ គីឡូ​ម៉ែត្រ។

លោក​ស្រីជាប សុធារី​ មន្ត្រី​សម្របសម្រួល​សមាគម​អាដ​ហុក​​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ថ្លែងថា ករណី​ដី​ជម្លោះ​នេះ ​គឺមាន​ការកាន់​កាប់ ៣ ក្រុម​ខុសៗ​គ្នា ​ដោយ​ក្រុម​ទាំងនោះ ​មួយក្រុម​ជាអ្នក​កាន់កាប់​​មាន​ឯកសារ​ត្រឹម​ត្រូវ ១​ ក្រុម​ គឺជា​ក្រុមដែល​ទទួល​បាន​ការកាន់កាប់​ដីនេះ ​មានការ​ដឹងឮ​ពី​អាជ្ញាធរ​ខណៈ​មួយ​ក្រុម​ទៀត​ ​ជាអ្នកកាន់កាប់គ្មាន​ការដឹង​ឮ​ពី​អាជ្ញាធរ​ និងបាន​លក់​ដី​ដែល​​​គ្មាន​ឯកសារ​នេះ​ទៅឲ្យ​អ្នកផ្សេង​គ្មាន​ការដឹង​ឮ​ពី​អាជ្ញាធរ​។

​បើតាម​ពល​រដ្ឋ ​ដែលកំពុង​បោះ​តង់​លើ​ដី​មាន​ជម្លោះ ​ក្រោយ​​គ្រឿងចក្រ​រុះរើ​ផ្ទះ​របស់​ពួកគេ​ អះអាង​ម្សិល​មិញថា អាជ្ញាធរ​បានដើរ​ស្រង់​ស្ថិ​តិ​តែ​ពួកគាត់​មួយចំនួន​មិន​សហការ​នោះទេ ​ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ ធ្វើ​របាយការណ៍​ខុស​ពី​ការពិត​។

លោក​ចេន ស្រុង ​ប្រធាន​មន្ទីរ​សុរិយោដី ​ខេត្ត​ព្រះសីហនុ ​មិន​អាច​​ទាក់ទង​សុំអត្ថាធិប្បាយ​បាន​​ទេ ពីម្សិល​មិញ៕