
ច្រកផ្លូវចេញ-ចូលទៅផ្សាររ៉ុងក្លឿនៅក្នុងប្រទេសថៃ កាលពីពេលកន្លងមក។ ហេង ជីវ័ន
បន្ទាយមានជ័យៈ អាជ្ញាធរថៃបានសម្រេចផ្អាកមិនឲ្យអាជីវករខ្មែរទៅលក់ដូរ និងដឹកទំនិញចេញ-ចូលផ្សាររុងក្លឿជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១ រហូតមានការជូនដំណឹងជាថ្មីក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសមួយនេះ។
យោងតាមលិខិតជូនដំណឹងមួយរបស់អាជ្ញាធរខេត្តស្រះកែវផ្ញើមកអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៥ ខែមករា បានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងជាថ្មីនៃការឆ្លងជំងឺកូវីដ ១៩ ត្រូវបានរកឃើញ និងបានចាប់ផ្តើមរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងតំបន់ជាច្រើន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃខេត្តស្រះកែវបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី ១ ខែមករា ដោយបានពិចារណាក្នុងការអនុវត្តនូវវិធានការមួយចំនួនជាមួយនឹងខាងភាគីកម្ពុជា។
លិខិតបានលើកឡើងថា៖ «លុបចោលវិធានការនានាដែលអនុញ្ញាតឱ្យពលរដ្ឋខ្មែរចេញ-ចូលក្នុងការដឹកជញ្ជូនទំនិញជាចាំបាច់នៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ តទៅ»។
រដ្ឋបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ៦ ខែមករា ក៏បានចេញនូវសេចក្តីជូនដំណឹងមួយផងដែរស្តីពីការផ្អាកប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងពិនិត្យទំនិញក្នុងផ្សាររ៉ុងក្លឿស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា ប្រទេសថៃមានការរីករាលដាលខ្លាំងនូវការឆ្លងជំងឺកូវីដ ១៩ ដែលជារលកថ្មីក្នុងប្រទេស និងមានខេត្តជាច្រើន ពិសេសបណ្តាខេត្តនៅតាមព្រំដែន។ លិខិតនេះបញ្ជាក់ថា រាជរដ្ឋាភិបាលនៃប្រទេសថៃនឹងធ្វើការផ្អាកការអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងត្រួតពិនិត្យទំនិញនៅក្នុងផ្សាររ៉ុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។
លិខិតបន្តថា៖ «ចំពោះអាជីវករដែលកំពុងស្នាក់នៅទឹកដីនៃប្រទេសថៃ និងក្នុងផ្សាររ៉ុងក្លឿ សូមមេត្តាបន្តចូលរួមសហការ និងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលថៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បន្តទៀត»។
ជាមួយគ្នានេះដែររដ្ឋបាលក្រុងប៉ោយប៉ែតបានសម្រេចផ្អាកការបំពេញបែបបទអនុញ្ញាតឱ្យអាជីវករលក់ដូរនៅផ្សាររ៉ុងក្លឿចេញ-ចូលដឹកជញ្ជូន និងត្រួតពិនិត្យទំនិញចាប់ពីថ្ងៃទី ៨ ខែមករា នេះតទៅ។
ទាក់ទងនឹងការប្រកាសបិទការចេញ-ចូលផ្សាររ៉ុងក្លឿនេះខាងអាជ្ញាធរកម្ពុជា លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ការប្រកាសហាមឃាត់នេះដោយសារតែមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ។ ដូចនេះការចេញបម្រាមនេះគឺក្នុងគោលបំណងការពារសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង ២។
លោកបន្តថា៖ «សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋសំខាន់ជាងការចេញ-ចូលទំនិញនៅក្នុងកាលៈទេសៈនេះ។ សេដ្ឋកិច្ចសំខាន់ប៉ុន្តែអាយុជីវិតរបស់ប្រជាពលរដ្ឋយើងក៏សំខាន់ដូចគ្នា បើមនុស្សស្លាប់អស់ទំនិញក៏មិនអាចចេញ-ចូលបានដែរ»។
អភិបាលរងក្រុងប៉ោយប៉ែតលោក ទូច មុនី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជាការពិតផ្សាររ៉ុងក្លឿជាផ្សារក្នុងស្រុករបស់ប្រទេសថៃ ហើយកន្លងមកអាជ្ញាធរថៃបានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញចូលចំនួន ៥០ រថយន្ត និងមានមនុស្សចំនួន ១០០ នាក់ចូលទៅក្នុងផ្សាររ៉ុងក្លឿដែលជាការអនុគ្រោះតាមការចរចាគ្នារវាងភាគីប្រទេសទាំង ២។
លោកបានថ្លែងថា៖ «កាលពីមុនយើងមានគោលការណ៍អនុគ្រោះនេះគឺដោយសារតែស្ថានភាពកូវីដ ១៩ មានភាពធូរស្រាល ប៉ុន្តែកូវីដបានផ្ទុះឡើងខ្លាំង ដូចនេះប្រទេសគេគឺគេមានសិទ្ធិក្នុងការបិទនេះ ហើយប្រទេសគេក៏បានជូនដំណឹងត្រឹមត្រូវមកដល់យើងផងដែរ»។
លោក ទូច មុនី បន្តទៀតថា គោលការណ៍ឆ្លងដែននៅពេលនេះគឺតម្រូវឱ្យធ្វើចត្តាឡីស័កទាំងអស់ទោះបីជាពួកគាត់អះអាងថា មិនបានដើរទៅណាមកណាពេលចូលទៅក្នុងផ្សារនោះក្តី។
លោកប្រាប់ថា ប្រទេសថៃកំពុងតែរងការរីករាលដាលធ្ងន់ធ្ងរ ហើយប្រសិនបើប្រទេសកម្ពុជាមិនមានវិធានការទប់ស្កាត់ការពារទេគឺនឹងរងគ្រោះពីការរីករាលដាលដូចគេដែរ។
លោកបន្តថា៖ «អាជីវករមិនសូវពិបាកដូចកម្មករដែលរកបាន ១ ថ្ងៃ សម្រាប់ ១ ថ្ងៃទេ ប៉ុន្តែកម្មករអាចរកការងារធ្វើបណ្តោះអាសន្នបន្តិចបន្តួចក្នុងស្រុកបាន ដោយសារឱកាសការងារក្នុងស្រុកយើងនៅតែមាន»។
កាលពីថ្ងៃទី ៦ ខែមករា នោះដែរថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យក៏បានជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្តសុរិន្ទនៃប្រទេសថៃ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ឆងចម។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ភាគីទាំង ២ បានជួបពិភាក្សាក្នុងគោលបំណងបន្តរួមសហការគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ឆ្លងដែនដោយបន្តសហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ-ចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំង ២, បន្តរួមគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ពិសេសឆ្លងដែនចូលកាប់ឈើ និងការលួចនាំរថយន្តឆ្លងដែនខុសច្បាប់ ហើយបន្តទំនាក់ទំនង និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «តាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលរបស់យើង គឺពលករដែលបានចូលមកក្នុងប្រទេសត្រូវតែយកសំណាកទាំងអស់ដូចនេះហើយយើងបានស្នើសុំភាគីថៃ ជួយទប់ស្កាត់និងពង្រឹងកុំឱ្យពលករឆ្លងកាត់តាមច្រករបៀង តែត្រូវឱ្យគាត់ឆ្លងចូលតាមច្រកអន្តរជាតិ ដើម្បីធ្វើការពិនិត្យសុខភាពគាត់»។
លោកបន្ថែមថា ពលករជាង ២ ៥០០ នាក់ បានចូលមកក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ៧ ខែមករា ហើយមកដល់ពេលនេះមានពលករជាង ២០ នាក់ប៉ុណ្ណោះ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក។
នៅថ្ងៃទី ៦ ខែមករា ពលករខ្មែរចំនួន ២ នាក់ បានតេស្តវិជ្ជមានកូវីដ ១៩ ក្នុងនោះមានបុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំស្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី ២ ខែមករា។
ចំណែកពលករម្នាក់ទៀតអាយុ ២៥ ឆ្នាំ ស្នាក់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានត្រឡប់មកពីប្រទេសថៃ វិញកាលពីថ្ងៃទី ៤ ខែមករា។
គិតត្រឹមថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៨៥ នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣៦២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ២៣ នាក់៕
វីដេអូ៖