
ផ្ទះនិគមជនជាតិវៀតណាមរស់នៅលើបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងនាពេលកន្លងមក។ ផា លីណា
កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានទុកពេលប្រមាណជាកន្លះឆ្នាំទៀតឲ្យពលរដ្ឋជិត ៨០០ គ្រួសារដែលក្នុងចំណោមនោះមានមួយចំនួនជាជនជាតិវៀតណាមអាចបន្តរស់នៅលើផ្ទះបណ្តែតទឹកក្នុងបឹងទន្លេសាបរហូតដល់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយសារពលរដ្ឋទាំងនោះកំពុងតែជាប់ចិញ្ចឹមត្រីក្នុងបែក្រោមផ្ទះរបស់ពួកគេ។
លោក ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងកាលពីថ្ងៃពុធថា អាជ្ញាធរខេត្តតែងតែគិតពីសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈដែលនាពេលបច្ចុប្បន្ននេះពលរដ្ឋដែលរស់នៅលើទឹកទាំងនោះពួកគាត់មានរបរចិញ្ចឹមត្រីក្នុងបែនៅក្រោមផ្ទះរបស់ពួកគាត់។ លោកបញ្ជាក់ថា៖ «យើងទៅយកបែនោះឡើងគោកវាមិនងាប់ត្រី។ អ៊ីចឹងហើយ យើងរក្សាទុកបន្ដទៅហើយផ្ទះគាត់រស់នៅលើបែហ្នឹង គាត់នៅបន្ដទៅ ហើយអាជ្ញាធរយើងក៏គិតគូរពីទីតាំងដែរ ជាជម្រើសឲ្យពួកគាត់ប្រុងប្រៀបក្នុងរង្វង់ ៥-៦ ខែខាងមុខពួកគាត់ត្រូវតែចាកចេញមកនៅលើគោក ហើយបែហ្នឹង គាត់នៅបន្ដចិញ្ចឹមត្រីរបស់គាត់ដដែលទេ តែដោយមិនមានតាំងទីលំនៅអចិន្រៃ្តយ៍លើបែហ្នឹង»។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ដកំពង់ឆ្នាំងក៏បានឲ្យដឹងដែរថា ការណ៍ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងឲ្យពលរដ្ឋជិត ៨០០ គ្រួសារក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៤ ពាន់គ្រួសារបន្តស្នាក់នៅបណ្ដោះអាសន្នក្នុងទីតាំង៦ គោលដៅនៅលើផ្ទៃទឹកនៃបឹងទន្លេសាបនេះព្រោះចង់ទុកពេលឲ្យពួកគេ មានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្លាស់មករស់នៅកន្លែងថ្មី និងកុំឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមត្រីរបស់ពួកគាត់។ លោកបន្ដថា៖ «ពលរដ្ឋទាំង ៧៥០ គ្រួសារដែលមិនទាន់ឡើងមករស់នៅដីគោកគឺស្ថិតនៅក្នុង ៦ គោលដៅផ្សេងៗគ្នា។ ដោយឡែកសម្រាប់ក្រុងកំពង់ឆ្នាំងមានពលរដ្ឋជាង ៤៩០ គ្រួសារដែលបន្ដរស់នៅនេះ»។
បើតាមលោក សុវណ្ណារិទ្ធ ក្នុងចំណោមពលរដ្ឋជាង ៤០០០ គ្រួសារដែលរស់នៅលើភូមិបណ្តែតទឹកក្នុងខេត្តកំពង់ឆ្នាំងមានជាង ១៨៦០ គ្រួសារគឺជាជនជាតិវៀតណាម ក្រៅពីនេះគឺពលរដ្ឋខ្មែរ និងខ្មែរអ៊ិស្លាម។
លោកបន្ថែមថា៖ «គម្រោងរបស់យើងបានចែកចេញជា ២ បងប្អូនដែលគាត់មកបំផ្លាស់ទីអត់មានបែត្រីឲ្យគាត់ឡើងមកលើគោកដោយចាត់ចែងឲ្យក្រុមការងារយើងចាក់ដីធ្វើផ្លូវធ្វើថ្នល់ រៀបចំហេដ្ឋារចនាសម្ព័ន្ធជូនដល់ពួកគាត់។ ដោយឡែកបងប្អូនដែលកំពុងរស់នៅផ្ទះបណ្តែតទឹកជាង ៧៥០ គ្រួសារយើងទុកពេលឲ្យគាត់ដល់ខែ ៧ (ខែកក្កដា ឆ្នាំ ២០១៩) ដើម្បីឲ្យពួកគាត់រៀបចំខ្លួន ហើយដល់ខែ ៧ យើងនឹងឲ្យពួកគាត់រុះរើឈប់ឲ្យមានផ្ទះទឹកទៀតហើយទុកតែរបរដែលគាត់ចិញ្ចឹមត្រីទេ»។ លោក សុវណ្ណារិទ្ធ ឲ្យដឹងថា ជំហានបន្ទាប់ចំពោះការបំផ្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើទឹក និងកំពុងមានរបរចិញ្ចឹមត្រី ក្រុមការងារថ្នាក់ខេត្ដកំពង់ឆ្នាំងកំពុងសិក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីរៀបចំបែត្រីរបស់ប្រជាពលរដ្ឋទាំងនោះទៅជាស្ដង់ដារមួយដែលជាប្រភេទបែត្រីទេសចរណ៍។ លោកបន្ថែមថា៖ «យើងចង់ឲ្យពួកគាត់នៅមួយកន្លែងហើយសិក្សាពីភូមិសាស្ដ្ររបស់ពួកគាត់ដើម្បីឲ្យការចិញ្ចឹមត្រីរបស់ពួកគាត់ទៅជាសហគមន៍ទេសចរណ៍តែម្ដងដែលអាចលក់សំបុត្របាន»។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា បានសម្តែងការព្រួយបារម្ភចំពោះការបន្ដឲ្យប្រជាពលរដ្ឋជាង ៧៥០ គ្រួសារបន្ដរស់នៅលើផ្ទៃទឹកបឹងទន្លេសាបនេះ ខណៈដែលមានប្រជាពលរដ្ឋជាង ៣ ពាន់គ្រួសារទៅហើយបានយល់ព្រមចាកចេញដោយស្ម័គ្រចិត្ដ។ លោកបន្ដថា៖ «ហេតុអី្វមានអ្នកដែលអាចរស់នៅបន្ដទៀតបាន គេមានលទ្ធភាពជាថៅកែ គេមានលុយរៀបចំបែចិញ្ចឹមត្រី បែរជាមានលទ្ធភាពក្នុងការរស់នៅ និងបន្ដចិញ្ចឹមត្រីទៀត!»។ លោកបន្ថែមថា៖ «ប៉ុន្ដែដល់តែផ្ដល់ឱកាសឲ្យមានអ្នករស់នៅបន្ដបែបនេះ ខ្ញុំព្រួយបារម្ភថាមានប្រជាពលរដ្ឋដែលពួកគាត់បានឡើងមករស់នៅលើគោកហើយ ពួកគាត់មានការបះបោរដោយគាត់យល់ថា ហេតុអ្វីមានគេមានសិទ្ធិរស់នៅ ចំណែកពួកគាត់អត់មានសិទ្ធិរស់នៅដែលនេះជាបញ្ហាត្រូវដោះស្រាយ។ អ៊ីចឹងយើងចង់ឲ្យធ្វើម៉េច ឲ្យមានការអនុវត្ដច្បាប់ឲ្យមានការស្មើភាពគ្នា ហើយបើសិនជាទុកឲ្យនៅ តើយើងមានហេតុផលអ្វីដើម្បីឆ្លើយតបទៅអ្នកដែលគាត់បានផ្លាស់ទីនោះ»។
បើតាមលោក ស៊ុន សុវណ្ណារិទ្ធពលរដ្ឋទាំងវៀតណាម អ៊ិស្លាម និងខ្មែរដែលចាកចេញពីបឹងទន្លេសាបនាពេលកន្លងមកកំពុងរស់នៅលើគោកដោយអាជ្ញាធរកំពុងសម្រុករៀបចំរចនាសម្ព័ន្ធថ្មី ដោយរួមមានការស្ថាបនាផ្លូវថ្នល់ ការតបណ្ដាញទឹកស្អាត និង ភ្លើង រួមនឹងមានគម្រោងសាងសង់សាលារៀន និងមន្ទីរពេទ្យជាដើមក្រោមការសម្របសម្រួលពីអង្គការ និងសមាគមមួយចំនួននៅកម្ពុជា។
ពលរដ្ឋជាង ៤ ពាន់គ្រួសារត្រូវផ្លាស់ទីចេញពីគោលដៅចំនួន ៦ នៅទូទាំងខេត្តកំពង់ឆ្នាំងរួមមាន ឃុំឆ្នុកទ្រូ ឃុំកំពង់ប្រាសាទ ស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំងទៅរស់នៅកន្លែងថ្មីស្ថិតនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ដែលមានចម្ងាយ ២ គីឡូម៉ែត្រពីទន្លេសាបដែលជាទីតាំងចាស់។
លោក ប៊ូ យ៉ាងប៊ី ប្រធានសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំង និងពលរដ្ឋមួយចំនួនដែលត្រូវបានផ្លាស់ទីលំនៅ និងពុំទាន់ផ្លាស់ទីលំនៅ មិនអាចទាក់ទងសុំអធិប្បាយបានទេ ដោយទូរស័ព្ទរបស់ពួកគាត់ពុំមានអ្នកទទួល។ ប៉ុន្តែលោក យី ភួន មេឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ ជាទីតាំង តាំងទីលំនៅថ្មីសម្រាប់ពលរដ្ឋដែលបំផ្លាស់ទីចេញពីបឹងទន្លេសាបបានថ្លែងពីម្សិលមិញថា ដោយមានការខិតខំពីក្រុមការងារថ្នាក់ខេត្ដបានប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្ដែមិនទាន់បានរួចរាល់អស់ទេ ទើបធ្វើបានមួយចំនួនដូចជាផ្លូវថ្នល់ និងប្រព័ន្ធទឹកស្អាតជាដើម។ លោកបន្ដថា៖ «យើងកំពុងខិតខំប្រឹងប្រែងរៀបចំផ្នែកអនាម័យ និងទឹកស្អាត និងកំពុងពន្លឿនឲ្យក្រុមហ៊ុនឡានដឹកដីឲ្យដឹកដីមកចាក់ដើម្បីបន្ដរៀបចំលំនៅឋានឲ្យពលរដ្ឋឲ្យបានចប់ឆាប់ៗ»។ លោកបន្ថែមថា៖ «ឥឡូវទើបមានប្រជាពលរដ្ឋប្រហែលជាង ២០០ គ្រួសារដែលបានមកសាងសង់ទីលំនៅបានរួចរាល់ ចំណែកពលរដ្ឋផ្សេងទៀតពួកគាត់ឡើងពីទឹកមក ប៉ុន្ដែកំពុងតែស្នាក់នៅតាមក្បែរៗមាត់ទឹកនៅឡើយ»។
បើតាមលោកមេឃុំពលរដ្ឋដែលត្រូវផ្លាស់ប្ដូរទីលំនៅពីលើផ្ទៃទឹកគឺត្រូវរៀបចំផ្ទះសំបែងដោយខ្លួនឯង អាជ្ញាធររៀបចំតែហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវ និងទឹកស្អាតតែប៉ុណ្ណោះ៕