ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​កំពុង​លក់ដូរ​ និង​អាស្រ័យផល​នៅ​លើដី​ឆ្នេរ​លម្ហែកាយ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង-ខេត្ដ​ព្រះសីហនុ​ឲ្យ​រុះរើ​តូប ស្តង់ រោង ចេញ​ពី​លើដី​ចំណី​ឆ្នេរ​ដោយ​ទុក​រយៈពេល​ ១៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ២០ ខែឧសភា​នេះ​ជា​កំហិត​។ នេះ​បើ​យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ដ​កាលពី​ថ្ងៃទី​ ៤ ឧសភា​។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែល​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​ព្រះសីហនុ​លោក​ គួច ចំរើន កាលពី​ថ្ងៃទី​ ៤ ឧសភា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​កន្លងមក​នេះ រដ្ឋបាល​ខេត្ដ​​ព្រះសីហនុ​បាន​សង្កេតឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាននិង​កំពុង​លក់ដូរ និង​អាស្រ័យ​ផល​នៅតាម​ឆ្នេរសមុទ្រ​។ ពួកគេ​បាន​សង់​តូប ស្ដង់ រោង ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ដោយ​គ្មាន​សោភណភាព​ និង​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន​នៅ​តំបន់​ឆ្នេរសមុទ្រ​ដែល​ជា​កន្លែង​លម្ហែ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

រដ្ឋបាល​ខេត្ដ​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ដើម្បី​រៀបចំ កែលម្អ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង និង​រក្សា​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព​ស្រប​តាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​លេខ​ ០១ សរណន ចុះ​ថ្ងៃទី​ ៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១២ ស្ដីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​សូម​ឲ្យ​បងប្អូន​រុះរើ​តូប ស្ដង់ រោង ទាំងនោះ​ចេញពី​លើដី​ចំណី​ឆ្នេរ​លម្ហែកាយ​ដោយ​ទុក​រយៈពេល​ ១៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៥ ខែ​ឧសភា​ដល់​ថ្ងៃទី​ ២០ ខែឧសភា​ឆ្នាំ​ ២០២០ ​ជា​កំហិត​»​។

រដ្ឋបាល​ខេត្ដ​ថា​៖ «​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​មិន​រុះរើ​តាមសេចក្ដី​ជូនដំណឹង​នេះ រដ្ឋបាល​ខេត្ដ​នឹង​អនុវត្ដ​វិធានការ​រដ្ឋបាល​ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារ​ ឬ​បាត់បង់​ទ្រព្យសម្បត្ដិ​របស់​បងប្អូន​ឡើយ​»​។

លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការជូនដំណឹង​ឲ្យ​ពលរដ្ឋ​រុះរើ​តូប​នេះ​គឺ​ដើម្បី​រៀបចំ​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​ជា​កន្លែង​លម្ហែ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​តូប​លក់ដូរ​នៅ​ឆ្នេរ​លម្ហែកាយ​មាន​ជាង​ ១០ ​តូប​។ ឆ្នេរ​នេះ​នឹងត្រូវ​បាន​រៀបចំ​ជា​ឆ្នេរ​កម្សាន្ត​សាធារណៈ​។ ដោយឡែក​ [​វិធានការ​នេះ​] ជា​វិធានការ​មាន​ចែង​ក្នុង​លិខិត​ ស.ជ.ណ. ​របស់​ខេត្ត​»​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ​លើកឡើង​ពី​ម្សិលមិញ​ថា​បច្ចុប្បន្ន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ដ-ក្រុង​ព្រះសីហនុ​បានចេញ​ផ្លែផ្កា​មួយចំនួន​ធំ​ហើយ​។ ចំពោះ​ការអភិវឌ្ឍ​តំបន់ឆ្នេរ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ក៏​កំពុង​អនុវត្ដ​តាម​ស្ដង់ដា​តែមួយ​ដោយ​កែប្រែ​ឆ្នេរសមុទ្រ​ឲ្យ​ទៅជា​ឆ្នេរ​លម្ហែ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​ការ​ឲ្យ​រុះរើ​តូប​នៅ​ឆ្នេរ​លម្ហែកាយ​ស្ថិតនៅ​ភូមិ​ ១ ​សង្កាត់​លេខ​ ៣ ​នេះ​គឺជា​ផែនការ​អភិវឌ្ឍន៍​របស់​ខេត្ដ​ដែល​គេ​ធ្វើតាម​ស្ដង់ដា​តែមួយ​។ ការអនុវត្ដ​វិធានការ​នេះ​គឺ​ដូច​ទៅនឹង​វិធានការ​កន្លងមក​ដែល​ធ្លាប់​បាន​ធ្វើ​នៅ​ឆ្នេរ​អូរ​ឈើទាល​ដែរ​។ គឺ​តម្រូវ​ឲ្យ​អ្នកលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​រុះរើ​សំណង់​ចេញ​ដើម្បី​រដ្ឋបាល​ខេត្ដ​គេ​អភិវឌ្ឍ​កែលម្អ​ជា​ឆ្នេរ​ស្ដង់ដា​»៕