ពោធិ៍សាត់: អាជ្ញាធរខេត្តពោធិ៍សាត់បានទុកពេល ៧ ថ្ងៃ ដល់ពលរដ្ឋចំនួន ២១ គ្រួសារ ដែលអាជ្ញាធរអះអាងថា បានតាំងលំនៅមិនស្របច្បាប់ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុសឲ្យប្រញាប់រុះរើផ្ទះ និងខ្ទមចំនួន ៤៣ ខ្នង របស់ខ្លួនចេញពីតំបន់នោះជាបន្ទាន់ និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ក្រោយពេលផុតឱសានវាទនេះ។
សេចក្តីជូនដំណឹងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ចុះថ្ងៃទី ៣ ខែកញ្ញា ដែលភ្នំពេញប៉ុស្ដិ៍ទើបបានទទួលពីថ្ងៃ ៦ កញ្ញា ឲ្យដឹងថា បច្ចុប្បន្ននេះផ្ទៃដីតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុសចាប់ពីចំណុចស្ពានអូរ ១៧ រហូតដល់លើភ្នំ ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់កំពុងត្រូវបានជនខិលខូចមួយចំនួនទន្ទ្រានព្រៃកាន់កាប់ដីយ៉ាងអនាធិបតេយ្យ បើទោះជាអាជ្ញាធរដែនដី និងមន្ត្រីជំនាញធ្លាប់បានណែនាំក៏ដោយ។
សេចក្តីជូនដំណឹងបន្តថា ដូច្នេះដើម្បីថែរក្សាព្រៃ និងដីតំបន់ការពារធម្មជាតិដែលជាប្រភពធនធានធម្មជាតិដ៏សំខាន់ រដ្ឋបាលសាលាខេត្តពោធិ៍សាត់នឹងចាត់វិធានការរដ្ឋបាលបោសសម្អាតទីតាំងរស់នៅមិនស្របច្បាប់ក្នុងតំបន់នោះ។ រដ្ឋបាលខេត្តទុកពេល ១ សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅសម្រាប់ឲ្យពលរដ្ឋចំនួន ២១ គ្រួសាររុះរើផ្ទះ និងខ្ទមទាំង ៤៣ ខ្នង ដែលសង់មិនស្របច្បាប់ចេញពីចំណុចខាងលើដោយខ្លួនឯង និងឲ្យបញ្ឈប់សកម្មភាពកាប់រុករានដីព្រៃក្នុងតំបន់នោះតទៅទៀត។
សេចក្តីជូនដំណឹងបញ្ជាក់ថា «ដល់ថ្ងៃផុតកំណត់នៃសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិនោះទេ ក្នុងករណីនេះប្រជាពលរដ្ឋណាដែលរឹងរូស ឬប្រឆាំងតបតដោយហិង្សាត្រូវទទួលទោសតាមច្បាប់ជាធរមាន»។
លោក ផាន់ សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសស្រុកវាលវែងបានថ្លែងពីថ្ងៃទី ៦ កញ្ញា ថា លោកបានយកសេចក្ដីជូនដំណឹងនេះទៅពន្យល់ក្រុមពលរដ្ឋទាំង ២១ គ្រួសារនោះឲ្យរួចរាល់ហើយកាលពីថ្ងៃទី ៥ ខែកញ្ញា ដោយលោកជំរុញឲ្យពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីថែរក្សាតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស។
លោកបន្តថា ពលរដ្ឋទាំងនោះគឺជាអ្នកចំណាកស្រុកមកពីតំបន់ និងខេត្តផ្សេងៗគ្នាដែលបាននាំគ្នាមកកាប់រុករានដីព្រៃភ្នំសំកុសចាប់ពីឆ្នាំ ២០១៨ ឬឆ្នាំ ២០១៩ ហើយមានអ្នកខ្លះបានលក់បន្តឲ្យអ្នកផ្សេងផង។ ពួកគាត់បានសាងសង់ខ្ទមតូចៗប្រមាណ ៤៣ ខ្នង ដើម្បីសម្គាល់ និងកាន់ដីនៅតំបន់នោះ ប៉ុន្ដែមិនមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទេ។
លោកថា៖ «ដល់ថ្ងៃកំណត់នៃឱសានវាទ គឺពួកគាត់ត្រូវចុះរុះរើផ្ទះ ឬខ្ទមដែលនៅមិនទាន់មានការរុះរើទាំងអស់ចេញពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរមូលដ្ឋាននឹងតាមដាន និងគ្រប់គ្រងជនចំណូលស្រុកដោយមិនត្រូវចេញលិខិតបញ្ជាក់លំនៅឋាន ឬលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីជូនអ្នកដែលរំលោភយកដីនៅតំបន់ការពារធម្មជាតិឡើយ»។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់បានថ្លែងពីថ្ងៃទី ៦ កញ្ញា ថា លោកមិនទាន់បានទទួលដំណឹងនេះទេ ប៉ុន្តែលោកថានឹងចុះស៊ើបអង្កេតពីករណីពលរដ្ឋ ២១ គ្រួសារនេះ។
លោកថា៖ «ខ្ញុំអត់ទាន់ហ៊ានមានមតិជុំវិញករណីនេះទេ ព្រោះខ្ញុំមិនទាន់បានចុះទៅស៊ើបអង្កេតច្បាស់ពីទីតាំង ហើយនឹងស្ថានភាពសាច់រឿងច្បាស់លាស់។ ប៉ុន្តែខ្ញុំគ្រោងចុះទៅស៊ើបអង្កេត ដើម្បីចង់ដឹងថា តើពួកគាត់ជាជនខិលខូចដើរចាប់ដីទន្ទ្រានដីខុសច្បាប់ ឬពួកគាត់ជាជនរងគ្រោះ? ខ្ញុំនឹងចុះស៊ើបអង្កេតសិន»។
តំណាងពលរដ្ឋទាំង ២១ គ្រួសារ ដែលកំពុងរស់នៅតំបន់នោះមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ កាលពីម្សិលមិញ៕