កោះកុងៈ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញខេត្តកោះកុងបានដាក់ឱសានវាទឱ្យពលរដ្ឋដែលចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដែលស្ថិតនៅស្រុកគិរីសាគរកាយអាចម៍ដីនោះចេញវិញឱ្យអស់ក្នុងរយៈពេល ៣០ ថ្ងៃហើយបានព្រមានថា ប្រសិនបើពុំបានធ្វើតាមកំណត់ទេអាចប្រឈមនឹងច្បាប់។
ការដាក់កំហិតនេះបានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋមួយចំនួនលួចចាក់អាចម៍ដីចូលសមុទ្រដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាពសមុទ្រព្រៃកោងកាង និងបរិស្ថាននៅជុំវិញនោះ។
ក្រោយមានហេតុការណ៍នេះអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ពាក់ព័ន្ធនឹងការចាក់ដីចូលចំណីសមុទ្រការកាប់ព្រៃកោងកាង និងការសង់ស្ពានខ្ទមនៅស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងសមត្ថកិច្ចជាដើម។
លោក សុខ សុទ្ធី បានថ្លែងថា ការចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រកើតឡើងនៅចំណុច ពយតាឃួន ក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានអ្នកពាក់ព័ន្ធចំនួន ៣ នាក់ រួមមាន ឈ្មោះ ហួត ឃៀន និងឈ្មោះ ហួត ង៉ែត ឈ្មោះ ឈឹម ចាន់ឌី (ប្តីប្រពន្ធ)។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងករណីនេះមន្ត្រីជំនាញបានចុះវាស់វែងដីដែលចាក់រំលោភចូលចំណីសមុទ្រដើម្បីឱ្យសាមីខ្លួនកាយអាចម៍ដីនោះឡើងវិញដោយប្រើរយៈពេលយ៉ាងយូរ ១ ខែ (៣០ ថ្ងៃ) [គិតពីថ្ងៃកិច្ចសន្យា] ត្រូវកាយអាចម៍ដីនោះឡើងវិញឱ្យអស់»។
បើតាមលោក សុទ្ធី សាមីខ្លួនទាំង ៣ នាក់ក៏បានចូលរួមកិច្ចប្រជុំផងដែរ ព្រមទាំងបានទទួលស្គាល់កំហុសរបស់ខ្លួនដែលបានចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រ និងបានស្ម័គ្រចិត្តកាយអាចម៍ដីដែលខ្លួនបានចាក់នោះចេញពីចំណីសមុទ្រវិញ។
លោកបានបញ្ជាក់ថា ក្រោយទទួលបានដំណឹង អាជ្ញាធរមានចំណាត់ការភ្លាមៗពុំដូចមតិមួយចំនួនដែលបានលើកឡើងថា ការចាក់ដីចូលសមុទ្របានកើតឡើងយូរនោះទេ។ លោកថា៖ «អត់មានចាក់ដីយូរហើយទេ គេចាក់តែប៉ុន្មានថ្ងៃពេលចាក់ភ្លាម ឃាត់ភ្លាម»។
យ៉ាងណាក៏ដោយ លោក ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគម អាដហុកប្រចាំខេត្តកោះកុងបានថ្លែងថា ករណីនេះអាចជាការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ដោយសារការចាក់ដីចូលសមុទ្រនោះមានលក្ខណៈទ្រង់ទ្រាយធំ មិនមែនជាករណីតូចតាចឡើយ។
លោកថា៖ «ជាការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានព្រោះដំណើរការចាក់ដីទ្រង់ទ្រាយធំចាក់ដីអស់ច្រើនហើយដល់ពេលបែកធ្លាយព័ត៌មានទើបខេត្តមានចំណាត់ការ...សំខាន់អាជ្ញាធរមូលដ្ឋាន ប្រសិនបើមានបាតុភាពបែបនេះ គួររាយការណ៍ទៅស្រុក ឬខេត្តទាក់ទងបទល្មើសបំផ្លាញធនធានធម្មជាតិពេលខ្លះអាជ្ញាធរខេត្តសមត្ថកិច្ចគាត់មិនដែលរកឃើញអ្នកនៅពីក្រោយខ្នងទេ គ្រាន់តែធ្វើចំណាត់ការ ធ្វើបែបនេះអត់មានតម្លាភាពក្នុងការស្វែងរកជនល្មើសនៅពីក្រោយខ្នង»។
លោកចាត់ទុកថា ការចាក់ដីចូលសមុទ្របែបនេះជាការបំផ្លាញដល់ជីវចម្រុះធនធានធម្មជាតិ និងប៉ះពាល់ការប្រកបរបរនេសាទរបស់ពលរដ្ឋជាដើម។ លោកថា៖ «ព្រោះថា សហគមន៍ធ្លាប់នេសាទជាលក្ខណៈគ្រួសារបំផ្លាញព្រៃកោងកាង ធនធានធម្មជាតិ វាប៉ះពាល់ច្រើនទាក់ទងជីវិតជីវសាស្ត្រ»។
ពលរដ្ឋដែលរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ លោក សែម ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចាក់ដីចូលសមុទ្របែបនេះ ធ្វើប៉ះពាល់ព្រៃកោងកាង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលអាស្រ័យលើការនេសាទ។
លោកថា៖ «ការចាក់ដីនេះប៉ះពាល់ដល់ព្រៃកោងកាងខ្លាំងបំផុតពួកខ្ញុំធ្លាប់រើសខ្យង-ងាវ ឥឡូវមិនសូវមានទេ»។
កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានណែនាំទៅលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលខេត្តជាប់មាត់សមុទ្រទាំង ៤ មានខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុដោយធ្វើយ៉ាងណា ការពារតំបន់ឆ្នេរឱ្យបានពីការរំលោភបំពាន៕