ភ្នំពេញ: អាជ្ញាធរ​ខណ្ឌ​ចំការមន​ពី​ម្សិលមិញ​បាន​រារាំង​ក្រុម​យុវជន​ជាង​ ២០ ​នាក់ និង​ព្រះសង្ឃ​ប្រមាណ​ជា​ជិត​ ១០ ​អង្គ​ ដែល​មក​ជួបជុំ​គ្នា​ប្រារព្ធ​ខួប​ ៤ ​ឆ្នាំ​ នៃ​ការស្លាប់​លោក កែម ឡី នៅ​​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ខណៈ​អាជ្ញាធរ​ហៅ​បុរស​ម្នាក់​ដែល​ពាក់អាវ​មាន​រូបលោក កែម ឡី ទៅ​សាកសួរ ប៉ុន្ដែ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។

បុរស​ម្នាក់​ឈ្មោះ​ ខាន់ ចាន់ថន ​វ័យ​ប្រមាណ ៣០ ​ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការមន​ហៅ​ទៅ​សួរនាំ ខណៈ​បុរស​នោះ​បាន​ជិះកង់​ដោយ​ពាក់អាវ​មាន​រូបលោក កែម ឡី ចូល​ទៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែ​កក្កដា ដែល​ជា​កន្លែង​ឃាតករ​បាញ់​សម្លាប់​លោក កែម ឡី កាលពី​ ៤ ​ឆ្នាំ​មុន​។

លោក ហុង ចាន់ថេង នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា យុវជន និង​ព្រះសង្ឃ​បាន​ចាកចេញ​ពី​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ​អស់​ហើយ ក្រោយពី​មាន​ការណែនាំ និង​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ម្យ៉ាងទៀត​បរិវេណ​នេះ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ចំការមន​ជូនដំណឹង​ពី​ការហាមឃាត់​ប្រារព្ធ​ពិធី​នេះ​។

លោក​បន្តថា ក្នុង​អំឡុង​ពេលនោះ​អាជ្ញាធរ​បាន​ហៅ​បុរស​ម្នាក់​ដែល​ពាក់អាវ​មាន​រូប​លោក កែម ឡី ចូល​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ប៉ុន្ដែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ពេល​ហៅ​សាកសួរ និង​ណែនាំ​ជិត ១ ​ម៉ោង​ដោយ​គ្រាន់តែ​អប់រំ​គាត់​ប៉ុណ្ណោះ និង​គ្មាន​ការធ្វើ​កិច្ចសន្យា​អ្វី​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​សាកសួរ​គាត់​ប្រហែល​កន្លះ​ម៉ោង យើង​ឲ្យ​គាត់​ទៅវិញ​ហើយ អត់​មាន​ឃាត់ខ្លួន​អ្វី​ទេ គាត់​គ្រាន់តែ​ពាក់​មាន​រូបលោក កែម ឡី ទេ​។ គាត់​អត់​មាន​ធ្វើ​សកម្មភាព​អ្វីដែល​ប៉ះពាល់​សណ្ដាប់ធ្នាប់ ខ្ញុំ​បាន​សួរ​គាត់ គាត់​ថា គាត់​ជិះ​កង់​កាត់​តាមផ្លូវ​ហ្នឹង ហើយ​ឃើញ​គេ​ឈរ​ជុំៗ​គ្នា ក៏​ចូល​ទៅ​មើល​គេ​លេង គាត់​អត់​ដឹង​រឿង​អី​ទេ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខណ្ឌ​ចំការមន​ចុះ​ថ្ងៃទី​ ៧ ខែកក្កដា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ម្ចាស់​ស្ថានីយ​កាល់តិច ស្តុប​បូកគោ​បាន​ស្នើសុំ​មក​អាជ្ញាធរ​ឲ្យ​ជួយ​ចាត់វិធានការ​នានា ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ការប្រកប​អាជីវកម្ម សណ្ដាប់ធ្នាប់​សាធារណៈ​សន្ដិសុខ និង​ធានា​បាន​នូវ​ហានិភ័យ​នៃ​អគ្គិភ័យ​ដែល​អាច​កើត​មាន​ជាយថាហេតុ​នៅក្នុង​ស្ថានីយ​ប្រេង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ដោយ​យោង​តាម​សំណូមពរ ហើយ​ផ្អែក​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា រដ្ឋបាល​ខណ្ឌចំការមន នឹង​ចាត់​វិធានការ​មិន​ឲ្យ​មាន​ការជួបជុំ​នៅ​ទីតាំង​នោះ​ឡើយ ដោយសារ​មាន​ការស្នើសុំ​ពី​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​យោង​តាម​ស្មារតី​នៃ​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី អ្នក​ចង់​សម្ដែង​មតិ​ត្រូវ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ស្ថានភាព​ជំងឺ​កូវីដ​១៩ កំពុង​រីករាលដាល​ជា​សកល ក្រសួង​សុខាភិបាល​បាន​បិទ​នូវ​ការជួបជុំ​គ្រប់​ប្រភេទ​នៅ​​ទូទាំង​ប្រទេស​។

រដ្ឋបាល​ខណ្ឌ​ចំការមន​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋបាល​ខណ្ឌ​ចំការមន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​»​។

លោក ថុន រដ្ឋា សកម្មជន​បរិស្ថាន​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ប្រារព្ធ​ខួប​ ៤ ​ឆ្នាំ​នៃ​ការស្លាប់​លោក កែម ឡី បាន​ថ្លែង​ថា​កាលពី​ម្សិលមិញ​ថា តាម​គម្រោង​យុវជន និង​ព្រះសង្ឃ​គ្រោង​ជួបជុំ​គ្នា​ហូប​កាហ្វេ និង​បង្សុកូល ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែល​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០១៦ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការជួបជុំ​ធ្វើ​ពិធី​បែប​សាសនា​នោះ​ឡើយ ក្រោម​ហេតុផល​មាន​ការស្នើសុំ​ពី​ម្ចាស់​ស្ថានីយ និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​៕