ភ្នំពេញ: សម​ត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ឫ​ស្សី​កែវ ​កាល​ពី​ម្សិល​មិញ​ បាន​ប្រឈម​មុខគ្នា​ជា​មួយ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១​០​នាក់​​ ​នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌ​ឫស្សី​កែវ។ ​ពលរដ្ឋ​ចោទ​ប្រកាន់​អាជ្ញា​ធរ​ថា ​បាន​ចាប់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​អាយុ ១០ឆ្នាំ ​ដែល​បាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​ដី​កំ​ពុង​មាន​ទំ​នាស់។​

ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ​កាល​ពី​ម្សិល​មិញ​ មាន​ករណី​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​​ក្មេង​ប្រុស​ម្នាក់​ ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​ ខណៈ​ដែល​ក្មេង​ប្រុស​នោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​កាត់​ដី​ដែល​​កំពុង​មាន​ទំនាស់​ជា​មួយ​ក្រុម​ហ៊ុន។​

ប្រ​ភព​ដដែល​​ថ្លែង​បន្ត​​ថា​ ក្រោយ​ពី​ឃើញ​អាជ្ញាធរ​បាន​ចាប់​ក្មេង​បែប​នេះ​ ពល​រដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ បាន​នាំ​គ្នា​មក​សុំ​ក្មេង​នោះ​មក​វិញ ​ប៉ុន្ដែ​សមត្ថ​កិច្ច​មិន​ព្រម​ប្រគល់​ក្មេង​នោះ​ទេ ​ខណៈ​នោះ​ក៏​មាន​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ចេញ​មក​សុំ​អង្វរ​ដែរ​ ក៏​នៅ​តែ​មិន​ព្រម​ប្រគល់​ឲ្យ​ដែរ។ ​ភ្លាមៗ​នោះ​ ពួក​គាត់​ក៏​បាន​នាំ​គ្នា​យក​កាំបិត​ ដំបង ​ពូថៅ​ ដើម្បី​តតាំង​នឹង​អាជ្ញាធរ​ទាំង​នោះ។​

ប្រ​ភព​នេះ​អះ​អាង​​ថា៖​«​ក្មេង​នោះ​គ្មាន​កំហុស​ទេ ​ហេតុ​អ្វី​ចាំ​បាច់​ចាប់​គ្នា​ធ្វើ​អ្វី? ​បើ​ដីធ្លី​នៅ​ទីនោះ ​កំពុង​មាន​ទំនាស់ ហេតុ​អ្វី​ក៏​មិន​នាំគ្នា​ដោះ​ស្រាយ​តាម​ច្បាប់​?​»​។​

លោក​ ទៀង​ ច័ន្ទ​សារ ​អធិការ​នគរ​បាល​ខ​ណ្ឌ​ឫ​ស្សី​កែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ​គណៈ​បញ្ជា​ការ​ឯក​ភាព ​និង​ព្រះរាជ​អាជ្ញារ​បាន​ចុះ​ដឹក​នាំ​សម្រប​ស​ម្រួល​លើ​សកម្ម​ភាព​ពលរដ្ឋ​មួយ​ក្រុម​កំពុង​មាន​វិវាទ​ដីធ្លី។

លោក ថ្លែង​ថា​៖​«​ក្នុង​នាម​អាជ្ញា​ធរ​ យើង​ចុះ​មក​ ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ករណី​អំពើ​ហិង្សា​កើត​ឡើង​ ហើយ​កិច្ចការ​នេះ សួរ​ទៅ​គណៈ​បញ្ជាការ​ឯក​ភាព​ ព្រោះ​​ខ្ញុំ​គ្រាន់​តែ​សហ​ការ​ទេ​ ហើយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិ​ង្សា​កើត​ឡើង​ទេ។​ រហូត​មក​ដល់ពេល​នេះ​​មិនទាន់​មាន​អំពើ​ហិ​ង្សា​អ្វី​កើត​ឡើង​ទេ ហើយ​យើង​កំពុង​ធ្វើ​ការ​ណែ​នាំ​ពួក​គាត់​ ដើម្បី​ពួក​គាត់​ផ្អាកសកម្ម​ភាព ​និង​ចរចា​គ្នា​តាម​ផ្លូវ​ច្បាប់​»​។​

លោ​ក ​កែវ ​ពិសី ​អភិបាល​ខណ្ឌ​ឫស្សី​កែវ ​កាល​ពី​ម្សិល​មិញ​បាន​បដិ​សេធ​ការធ្វើ​អត្ថាធិ​ប្បាយ​ជុំវិញ​ករណី​នេះ៕​