ភ្នំពេញ៖ ក្នុង​អំឡុង​ពេល​អនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល អាជ្ញាធរ​នឹង​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នោះ​មាន​ទាំង​ការ​ឃាត់​ទុក​ជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ និង​នីតិវិធី​​ជា​ធរមាន បើ​មាន​ការ​បំពាន​វិធានការ​ហាម​ឃាត់ ការ​ធ្វើ​ដំណើរ​នេះ។

នៅ​ក្នុង​សេចក្តី​សម្រេច​ស្តីពី​ការ​កែ​សម្រួល​វិធានការ ដែល​ត្រូវ​អនុវត្តន៍​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល ដែល​រាជរដ្ឋាភិ​បាល​ចេញ​នូវ​ការ​កែ​សម្រួល​ហាម​បុគ្គល​គ្រប់​រូប មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន។

យោង​តាម​សេចក្តី​សម្រេច​កែ​សម្រួល​ដែល​ចុះហត្ថលេខា​ដោយ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី ១៨ ខែមេសា បាន​លើក​ឡើង​ថា ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ ដោយ​ត្រូវ​មាន​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ​ពី​គណៈកម្មការ​ប្រតិបត្តិ​នៃ គ.ប.ខ (គណៈកម្មការបិទខ្ទប់) អម​ដោយ​ឯកសារ​សម្គាល់ អត្តសញ្ញាណ និង​លិខិត​បញ្ជាក់​ការងារ​ដែល​មាន​កំណត់​ច្បាស់លាស់​ពី​ឈ្មោះ មុខងារ និង​ប្រភេទ អាជីវកម្ម​ចេញ​ដោយ​ទីកន្លែង​អាជីវកម្ម​ពាក់ព័ន្ធ។

ការ​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​នេះ អាច​ធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាង​ច្រើន ២ នាក់ ក្នុង​មួយ​លំនៅឋាន ឬ​ទីសំណាក់ ដោយ​មិន​ឱ្យ​លើស​ពី ៣ ដង ក្នុង​មួយ​សប្តាហ៍ និង​នៅ​ទីតាំង​ដែល​ជិត​បំផុត​ក្នុង​រង្វង់​ភូមិសាស្រ្ត​ក្រុង ឬ​ខណ្ឌ​ដែល​ខ្លួន​រស់នៅ ដោយ​ត្រូវ​យក​តាម​ខ្លួន​នូវ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​បណ្ណ​សម្គាល់​ខ្លួន។

សេចក្តី​សម្រេច​ការ​កែ​សម្រួល​បាន​បញ្ជាក់​ថា ចំពោះ​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​សារព័ត៌មាន​ត្រូវ​មាន​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ការងារ ព្រម​ទាំង​មាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ក្រសួង​ព័ត៌មាន។

ប្រភព​ដដែល​បាន​បន្ត​ថា ចំនួន​បុគ្គលិក​របស់​អង្គភាព​ព័ត៌មាន​នីមួយៗ ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​កម្រិត​អប្បបរមា សម្រាប់​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ដោយ​ក្រសួង​ព័ត៌មាន។

សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព សម្ភព ឬ​ទីកន្លែង​ព្យាបាល ដោយ​មូលហេតុ​សុខភាព​បន្ទាន់​នៅ​ក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ អាច​ធ្វើ​ទៅ​បាន​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ដោយ​កំណត់​ចំនួន​មនុស្ស​មិន​ឱ្យ​លើស​ពី ៤ នាក់ សម្រាប់​ករណី​នីមួយៗ។

ចំពោះ​សកម្មភាព​ការងារ​របស់​ស្ថាប័ន​សាធារណៈ​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ធ្វើ​ការ​ឱ្យ​មក​នៅ​ត្រឹម​កម្រិត​អប្បបរមា​មិន​ឱ្យ​លើស​ពី ២% និង​ត្រូវ​អនុវត្ត​គោលការណ៍​អាហារ​ថ្ងៃ​ត្រង់ នៅ​ហ្នឹង​កន្លែង​បំពេញ​ការងារ ដើម្បី​ធានា​និរន្តរភាព​ការងារ​របស់​ស្ថាប័ន៕