ភ្នំពេញ: លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គ្រោង​ដុតបំផ្លាញ​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ចំនួន​សរុប​ជាង ៥០០ ​គីឡូក្រាម ​នៅ​ថ្ងៃ​ ២៦ ខែ មិថុនា ឆ្នាំ​ ២០២០ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ត្រូវ​នឹង​ថ្ងៃ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​។

លោក ម៉ក់ ជីតូ បាន​ឲ្យ​ដឹងថា​លោក កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ធ្វើជា​អធិបតី​តំណាង​​រាជរដ្ឋាភិបាល​។

លោក​ថ្លែង​បន្ត​ថា កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​តូច​ល្មម​ដែល​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០ ​នាក់​ ដោយសារ​មិនអាច​ប្រមូលផ្ដុំ​គ្នាច្រើន​បាន​ក្នុង​អំឡុងពេល​បង្ការ​ជំងឺឆ្លង​​កូវីដ​ ១៩ ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។

លោក ជីតូ ថ្លែងថា​៖ «​កម្មវិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​អធិកអធម​ដែល​ជា​ឱកាស​បង្ហាញ​ពី​ការយក​ចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការបង្ក្រាប​គ្រឿងញៀន​។ ក្នុងនោះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ចង់​បង្ហាញ​សារ​មួយ​ចំនួន​ពី​ផលប៉ះពាល់​នៃ​សារធាតុ​ញៀន និង​ជះឥទ្ធិពល​ទៅលើ​បុគ្គល គ្រួសារ និង​សង្គមជាតិ​»​។

លោក ម៉ក់ ជីតូ បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​រយៈពេល​ត្រឹម ៦ ​ខែ​ឆ្នាំ​នេះ​ការបង្ក្រាប​គ្រឿងញៀន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​ច្រើន​ករណី ជាពិសេស​ការបង្ក្រាប​ចំ​កន្លែង​កែច្នៃ និង​មេខ្លោង​ជួញដូរ​ធំៗ​តែម្ដង ហើយ​ការចាប់ និង​រឹបអូស​បាន​ភាគច្រើន​នាំចូល​មកពី​វៀតណាម ចិន និង​ថៃ​។ រីឯ​ខាង​ឡាវ​ហាក់បី​ដូច​ស្ងាត់​ហើយ ព្រោះ​អាជ្ញាធរ​ឡាវ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​បាន​យ៉ាង​ជិតស្និទ្ធ​។

លោក ជីតូ ថ្លែង​ឲ្យ​ដឹង​ទៀតថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដាក់ចេញ​វិធានការ​ថ្មីៗ​ជាច្រើន ដើម្បី​បង្ក្រាប ទប់ស្កាត់​ការជួញដូរ និង​ការផលិត​គ្រឿងញៀន​គ្រប់​រូបភាព​។ ក្នុងនោះ​កម្ពុជា​នៅតែ​បន្ត​សហការ​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​ដដែល ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​​ទីតាំង​កែច្នៃ ឬ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជាពិសេស​ការលួច​នាំចូល​តាម​ផ្លូវ​ទឹក និង​ផ្លូវអាកាស​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ក៏​រៀបចំ​កម្មវិធី​នេះដែរ ប៉ុន្ដែ​ត្រូវ​រៀបចំ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​។

លោក​បញ្ជាក់ថា​៖ «​យើង​ប្រារព្ធ​កម្មវិធី​នេះ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្ដែ​ឆ្នាំនេះ​ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្តកណ្ដាល​គឺ​ត្រូវ​មក​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផ្ទាល់​នៅ​កោះពេជ្រ រីឯ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត គេ​ធ្វើ​តាម​តំបន់​គេ ឧទាហរណ៍​ថា ខេត្ត​បាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ គេ​ធ្វើ​ជាមួយ​គ្នា​ទៅ ហើយ​ខេត្ត​ផ្សេងៗ​ដែល​នៅជាប់ៗ​គ្នា​គេ​ធ្វើ​រួមគ្នា​អ៊ីចឹង​ដែរ​»​។

លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ (LICADHO) ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដោយ​ទទួលស្គាល់​ការបង្ក្រាប​របស់​សមត្ថកិច្ច ហើយ​ក៏​ជំរុញ​ឲ្យ​សមត្ថកិច្ច​រក​យុទ្ធសាស្ត្រ​បន្ថែម​ក្នុងការ​បង្ក្រាប​ទ្វេដង​ទៀត ដោយសារ​បទល្មើស​គ្រឿងញៀន​នៅតែ​បន្ត​កើតមាន​។ ជាពិសេស​ហូរហៀរ​ដល់ទី​ជនបទ​ដែល​ធ្វើឲ្យ​មាន​ការព្រួយបារម្ភ​ខ្លាំង​។

លោក​បញ្ជាក់ថា​៖ «​ដូច​យើង​ដឹង​ស្រាប់​ហើយ ភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារ គឺ​អ្នកទោស​ភាគច្រើន​កើតចេញ​ពី​បទល្មើស​គ្រឿងញៀន បញ្ហា​នេះ​គឺ​យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​។ យើង​ទទួលស្គាល់​ហើយ​ការបង្ក្រាប​ធ្វើ​រាល់ថ្ងៃ ប៉ុន្ដែ​យើង​គួរ​រក​វិធីសាស្ត្រ​បែបណា ដើម្បី​បង្ក្រាប​ទីតាំង​ផលិត ​ទីតាំង​ជួញដូរ​ធំៗ​ដែល​ជា​ឫសគល់​ប្រភព​នៃ​គ្រឿងញៀន​ហ្នឹង​»​។

តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា លទ្ធផល​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ២៣ ខែមិថុនា ឆ្នាំ​ ២០២០ ​នេះ​មាន​ចំនួន ៥ ១៧២ ​ករណី ​ដោយ​ឃាត់​មនុស្ស​ចំនួន ១០ ២១៣ ​នាក់​ (​ស្រី ៦៣១ ​នាក់​) ​ក្នុងនោះ​មាន​ជនបរទេស ១៣៨ ​នាក់​ (​ស្រី​ ២១ ​នាក់​) ​ដែល​មាន ៧ ​សញ្ជាតិ​។

ក្នុងចំណោម​ ៥ ១៧២ ​ករណី​ មាន​ការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចំនួន ៣ ២៦៧ ​ករណី និង​ឃាត់​មនុស្ស​ចំនួន ៦ ១៥២ ​នាក់​ (​ស្រី ៤៨០ នាក់​) រីឯ​អ្នកប្រើប្រាស់​ចំនួន​ ៤ ១៦១ ​នាក់​(​ស្រី​ ១៥១ ​នាក់​)​។ ដោយ​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន​ជាង ២៥៧ ​គីឡូក្រាម និង ៨២៣ ​កញ្ចប់​តូច កញ្ឆា​ចំនួន ១៨១ ៩៤២ ​ដើម និង​ជាង​ ២៦៦ ​គីឡូក្រាម និង​សម្ភារ​មួយ​ចំនួន​ទៀត​៕