
ស្ថានភាពចរាចរណ៍ នៅតាមផ្លូវមួយ ក្នុងក្រុងព្រះសីហនុ កាលពីខែមុន។ ហេង ជីវ័ន
សីហនុៈ រដ្ឋបាលខេត្ដព្រះសីហនុ គ្រោងនឹងបញ្ឈប់លែងឱ្យរថយន្ដធុនធំ បើកចូលក្នុងក្រុង និងទីប្រជុំជននាពេលឆាប់ៗនេះ ខណៈដែលមានកំណើនប្រជាជន និងកំណើនយានយន្ដយ៉ាងគំហុក ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ក្នុងខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ។
បើតាមអាជ្ញាធរខេត្ត និងសង្គមស៊ីវិល បញ្ហាកកស្ទះចរាចរណ៍នៅក្រុងព្រះសីហនុនេះបានកើតឡើងបន្ទាប់ពីខេត្ដទេសចរណ៍ជាប់សមុទ្រមួយនេះ ត្រូវបានបង្កើតជាប៉ូលសេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញយកវិនិយោគិនបរទស ពិសេសវិនិយោគិនជនជាតិចិនទៅវិនិយោគ ដែលធ្វើឲ្យមានជនជាតិចិនជាច្រើនចូលទៅវិនិយោគនិងស្នាក់នៅក្នុងខេត្តនេះ។
លោក ឃាង ភារម្យ បានឱ្យដឹងកាលពីម្សិលមិញថា នារយៈកាលចុងក្រោយនេះ ពិតជាមានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសនៅតាមទីប្រជុំជនខេត្ដនិងនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗចូលមកក្រុងព្រះសីហនុ។
លោកបន្ថែមថា ឆ្លងកាត់ការវាយតម្លៃរបស់រដ្ឋបាលខេត្ដ បញ្ហានេះ គឺបង្កឡើងដោយកំណើនយានយន្ដ ដោយកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យផ្លូវសំខាន់ធំៗមួយចំនួន ក្នុងខេត្ដត្រូវបានកកស្ទះ។
ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងបានទទួលរងការខូចខាតនាពេលកន្លងមក ពីការសាងសង់សំណង់អគារធំៗ ដោយមានការដឹកជញ្ជូនសម្ភារសំណង់ និងឡានដឹកបេតុងជាដើម ទើបនាំឱ្យមានការខូចខាតដល់ផ្លូវថ្នល់យ៉ាងដំណំទាមទារត្រូវធ្វើការជួសជុលជាបន្ទាន់។
លោកបានថ្លែងថា៖ «ផ្លូវមួយចំនួន យើងបានជួសជុលជាបន្ទាន់ហើយផ្លូវមួយចំនួនទៀត ក៏កំពុងស្ថិតក្នុងការជួសជុល។ ការកកស្ទះចរាចរណ៍នេះវា ស្របជាមួយកំណើនយានយន្ដផ្សំបញ្ចូលគ្នាទើបបណ្ដាលឱ្យមានការកកស្ទះនៅកន្លែងសំខាន់ៗ»។
បើតាមលោក ភារម្យ ទិសដៅរបស់រដ្ឋបាលខេត្ដនៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមិនអនុញ្ញាតឱ្យរថយន្ដធុនធំ ធ្វើចរាចរណ៍នៅក្នុងទីរួមខេត្ដ ឬទីប្រជុំជនក្នុងក្រុងព្រះសីហនុតទៅទៀតហើយ ព្រោះរថយន្ដធុនធំបានបង្កឱ្យមានការកកស្ទះខ្លាំង។
លោកបញ្ជាក់ថា៖ «យើងកំពុងពិចារណាលែងឱ្យចូលទាំងយប់ទាំងថ្ងៃចំពោះរថយន្ដធំៗ ក្នុងក្រុងព្រះសីហនុ ហើយរដ្ឋបាលខេត្ដនឹងត្រៀមចេញលិខិតជូនដំណឹងក្នុងពេលឆាប់ៗពាក់ព័ន្ធនឹងរឿងនេះ»។
ជាដំណោះស្រាយ ពាក់ព័ន្ធនឹងរថយន្ដធុនធំលែងឱ្យចូលក្រុងនេះ បើតាមលោក ភារម្យ រដ្ឋបាលខេត្ដនឹងរៀបចំទីតាំងផ្សេងនៅជាយក្រុង ដោយឲ្យរថយន្ដតូចៗទៅដឹកជញ្ជូនទំនិញទម្ងន់ត្រឹម ៥ តោន ដឹកជំនួសរថយន្តធុនធំចូលក្រុងវិញ។
ប៉ុន្តែបើតាមសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅក្នុងខេត្តព្រះសីហនុ លើកឡើងថា ការកកស្ទះចរាចរណ៍មួយផ្នែកក៏បណ្ដាលមកពីជនបរទេស ជាពិសេសជនជាតិចិនមួយចំនួន បើកបរមិនគោរពច្បាប់ និងមន្រ្ដីអនុវត្ដច្បាប់ មិនទាន់ពង្រឹងការគោរពច្បាប់ឲ្យបានល្អផងដែរ។
ឆ្លើយតបជុំវិញបញ្ហានេះ លោក ភារម្យ ក៏បានថ្លែងផងដែរថា ការកកស្ទះចរាចរណ៍ ក៏បណ្ដាលមកពីប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្ដ មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។
លោកថា៖ «ពលរដ្ឋមួយចំនួនធំ បើកបរដោយជែងគ្នា ដណ្ដើមផ្លូវគ្នាបើកបរមិនយោគយល់គ្នា ទើបបណ្ដាលឱ្យកកស្ទះ កត្ដាទាំងនេះ យើងកំពុងប្រឈម»។
ប៉ុន្ដែនារយៈពេលចុងក្រោយនេះ លោក ភារម្យបញ្ជាក់ថា បន្ទាប់ពីលោកអភិបាលខេត្ដ បានដាក់វិធានការបន្ទាន់ ដើម្បីដោះស្រាយឃើញថា បញ្ហាស្ទះចរាចរណ៍មានការធូរស្រាលមកវិញខ្លះអាចសម្រួលបានមួយចំនួនធំ។
លោកថា ក្នុងនោះរដ្ឋបាលខេត្ដ ក៏បានជំរុញការជួសជុលផ្លូវសំខាន់ៗ នៅក្នុងទីប្រជុំជន ដោយផ្លូវមួយចំនួនបានធ្វើរួចរាល់ និងមួយចំនួនទៀតកំពុងជំរុញធ្វើឱ្យបានឆាប់ ដើម្បីដោះបញ្ហាកកស្ទះនេះផងដែរ។
ក្នុងកិច្ចប្រជុំលើបញ្ហាកកស្ទះចរាចរណ៍នេះរបស់មន្ត្រីនគរបាល និងមន្ទីរសារធារណការខេត្តព្រះសីហនុ កាលពីសប្ដាហ៍មុនបង្ហាញថា ការកកស្ទះចរាចរណ៍ខ្លាំង ចាប់ពីចំណុចផ្លូវជាតិលេខ ៤ មានចម្ងាយជិត ៦ គីឡូម៉ែត្រ។
របាយការណ៍ដដែលថា ការកកស្ទះនេះ គឺបានកើតឡើងខ្លាំង នៅពេលល្ងាច ជាពិសេសជាប់គាំងខ្លាំង នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្រៅពីផ្លូវជាតិលេខ ៤ ចំណុចមុខផ្សារឃ្លាំងលើ ក៏មានការកកស្ទះខ្លាំង តាមបណ្ដោយផ្លូវឯករាជ្យ ផ្លូវអិលវី ផ្លូវមុខផ្សារលើ ផ្លូវមហោស្រពចាស់ ផ្លូវជាប់ផ្សារពាណិជ្ជកម្មផ្លូវចាប់ពីអូរ ១ ដល់អូរ ៣ ក៏ត្រូវកកស្ទះចរាចរណ៍រាល់ថ្ងៃដែរ។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដព្រះសីហនុ បានមើលឃើញថា បញ្ហាកកស្ទះចរាចរណ៍នេះ ក្រៅពីរថយន្ដធុនធំ ក៏បណ្ដាលមកពីជនជាតិចិន ដែលចូលមករស់នៅក្នុងក្រុងព្រះសីហនុមួយចំនួន បើកបរមិនគោរពច្បាប់ និងមន្រ្ដីចរាចរណ៍អនុវត្ដច្បាប់ចំពោះជនល្មើសមិនទាន់បានម៉ឺងម៉ាត់។
លោកស្រីថា៖ «ជនជាតិចិននេះ ដែលមករស់នៅក្រុងព្រះសីហនុនេះ បើកបរមិនដឹងទិសតំបន់អីទេ ពេលខ្លះដល់ភ្លើងស្ដុបក៏មិនឈប់ដែរ។ ឥឡូវនេះ យើងមិនដឹងធ្វើម៉េចទេ ខ្ញុំធ្លាប់នៅកំពង់សោមយូរហើយធ្លាប់តែរីករាយ ដល់ពេលឥឡូវស្ត្រេសខ្លាំងណាស់បញ្ហាស្ទះចរាចរណ៍នេះ»។
លោកស្រីលើកឡើងថាកំណើនប្រជាជនកើនឡើងច្រើន យានយន្ដក៏ច្រើនក្នុងក្រុងព្រះសីហនុ គឺជាមូលហេតុដែលនាំឲ្យមានការកកស្ទះចរាចរណ៍។ «យើងឃើញថា ផ្លូវសាធារណៈយើងកន្លែងខ្លះក្នុងក្រុង យើងខំធ្វើផ្លូវធំៗប៉ុន្ដែអ្នកចតយានយន្ដនោះទៅចតនៅលើផ្លូវ ទើបនាំឱ្យកកស្ទះ ស្របពេលរាល់ថ្ងៃហ្នឹង ឡានកុងតឺន័រធំៗក៏ច្រើនទៀត»។
លោក ង៉ែត វិចិត្រ ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងក្រុងព្រះសីហនុ គាំទ្រប្រសិនបើអាជ្ញាធរ អនុវត្ដច្បាប់តឹងរឹុងចំពោះអ្នកបើកបរនៅលើដងផ្លូវ ដែលមិនគោរពច្បាប់ ដោយលោកថ្លែងថា នាពេលបច្ចុប្បន្នរូបលោក ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ មានការព្រួយបារម្ភចំពោះជនបរទេស ពិសេសជនជាតិចិនដែលបើកបរដោយមិនគោរពច្បាប់ ដែលមិនត្រឹមតែធ្វើឱ្យកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សថែមទៀត។
លោកបានបន្ថែមថា៖ «ខ្ញុំឃើញប៉ូលិសខ្លះពេលឃាត់ជនជាតិចិនបើកបរខុសច្បាប់ មិនបានអនុវត្ដច្បាប់ឲ្យបានល្អទេ ត្រឹមទទួលលុយបន្តិចបន្តួចក៏ឱ្យជនល្មើសរួចខ្លួន ប៉ុន្ដែក៏មានប៉ូលិសខ្លះ គាត់មិនទទួលដែរ។ ដូច្នេះខ្ញុំចង់ឱ្យអាជ្ញាធរអនុវត្ដច្បាប់ឱ្យបានតឹងរឹុង កុំឱ្យជនជាតិចិនគេមើលងាយ ព្រោះតែលុយបន្តិចបន្ទួច។ ត្រូវអនុវត្ដច្បាប់ឱ្យតឹងរឹុងដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អ ប្រជាពលរដ្ឋរស់នៅបានរីករាយដូចពីមុនឡើងវិញ»។
បើតាមលោក ភារម្យ នាពេលបច្ចុប្បន្ន ប្រជាជនរស់នៅខេត្ដព្រះសីហនុ មានប្រមាណជាង ២ សែននាក់ ខណៈកាលពីប្រមាណ ៣ ឆ្នាំមុនមានជាង ១០ ម៉ឺននាក់ប៉ុណ្ណោះ។ ដោយឡែកចំពោះជនជាតិចិនដែលទៅរស់នៅ និងវិនិយោគលើវិស័យនានាក្នុងខេត្ដនេះមានចំនួនជាង ៤ ម៉ឺននាក់ ដែលចំនួននេះមានការឡើងចុះទៅតាមរដូវកាល៕