ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ដារ និង​ពង្រីក​អូរ​ប្រឡាយ​ទាំង​ ៥ ​ខ្សែ​ ប្រវែង​ប្រហែល ២៦ គីឡូម៉ែត្រ​រួមទាំង​ប្រឡាយ​តូចៗ​ផ្សេងទៀត​នៅ​ថ្ងៃទី​ ៩ ​ខែ​ធ្នូ ដើម្បី​រំដោះ​ទឹក​នៅពេល​ដែលមាន​ភ្លៀង​កុំឱ្យ​មានការ​ជន់​លិច​ទីក្រុង​ទេសចរណ៍​មួយ​នេះ ដូច​កាលពី​ឆ្នាំ​កន្លងមក​ទៀត​។

ជាមួយ​គ្នា​នេះ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ស្នើឱ្យ​មន្ទីរជំនាញ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​ដែល​សង់​រំលោភ​យក​ចំណី​ដី​អូរ​ប្រឡាយ​ទាំងនោះ​ដើម្បី​ពន្លឿន​ដល់​គម្រោង​ស្តារ​អូរប្រឡាយ​រំដោះ​ទឹក​នេះ​។

លោក បុរី វង្សសានិត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា អូរ​ប្រឡាយ​ទាំង​ ៥ ​ខ្សែ​នោះ​គឺ​មាន​អូរប្រឡាយ​អូរឈើទាល អូរប្រឡាយ​អូរអេម៉ារីយូ អូរប្រឡាយ អូរសំអាត អូរ​ប្រឡាយ​ស្ពាន​ឆេះ អូរ​ប្រឡាយ​អណ្ដូង​អ៊ុនតាក់ រួមទាំង​ប្រឡាយ​តូចៗ​ជាច្រើន​ទៀត ដែល​មាន​ទទឹង​ចាប់ពី​ ៣ ​ម៉ែត្រ​ទៅ​ដល់​ជាង ៦០ ​ម៉ែត្រ​នឹង​ត្រូវ​ធ្វើការ​ស្ដារ និង​ពង្រីក​ឡើងវិញ​។

លោក​បន្តថា ការរំលោភបំពាន​ដី​ចំណី​អូរប្រឡាយ​ទាំង​ ៥ ​ខ្សែ ​ដើម្បី​សាងសង់​សំណង់​ខុសច្បាប់​គឺជា​មូលហេតុ​ចម្បង​បណ្ដាល​ឱ្យមាន​ការកកស្ទះ​ធ្វើឱ្យ​មាន​ទឹក​លិចលង់​នៅក្នុង​រដូវវស្សា​។ លោក វង្សសានិត បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ​លោក គួច ចំរើន ​ស្ដីពី​ការងារ​ស្ដារ​អូរប្រឡាយ​ទាំង​ ៥ ​ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៣ ខែ​ធ្នូ​។

លោក គួច ចំរើន បាន​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ មន្ទីរ​រៀបចំ​ដែនដី និង​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​បោះបង្គោល​កំណត់​និយាម​ការទីតាំង​អូរ​ប្រឡាយ​ទាំង ៥ ​ខ្សែ ដើម្បីឱ្យ​ក្រុមការងារ​មាន​ភាពងាយស្រួល​ចុះ​ស្ដារ​អូរប្រឡាយ​ទាំងនោះ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​ទាំងឡាយ​ដែល​ប៉ះពាល់​ចំណី​អូរប្រឡាយ​ចេញ​ដើម្បី​ងាយស្រួល​ក្នុង​ការដាក់​គ្រឿងចក្រ​កាយ​។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ស្រង់​សម្ដី​លោក គួច ចំរើន មក​ចុះផ្សាយ​ថា​៖ «​យើង​កំពុង​មានការ​មមាញឹក​ក្នុង​ការស្ថាបនា​ផ្លូវ​ទាំង ៣៤ ខ្សែ ដូច្នេះ​ប្រព័ន្ធ​អូរប្រឡាយ​នៅក្នុង​ក្រុងព្រះសីហនុ​ក៏​ត្រូវ​ធ្វើការ​ស្ដារ​ឡើងវិញ​ជាមួយ​គ្នា ដើម្បី​បញ្ចៀស​នូវ​ជំនន់​ទឹកភ្លៀង​កុំ​ឱ្យ​លិច​ក្នុង​រដូវវស្សា​នៅ​ឆ្នាំ ២០២០ ​ខាងមុខ​»​។

កាលពី​ខែ​សីហា​ពលរដ្ឋ​ខ្មែរ ២ ​នាក់ និង​ចិន​ម្នាក់​នៅក្នុង​ក្រុងព្រះសីហនុ​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​ពី​ផ្ទះសំបែង​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ ខណៈ​ទីក្រុង​មួយ​នេះ​ត្រូវ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​និយាយ​ថា​លោក​មិនទាន់​ដឹង​អំពី​ដំណើរការ​កាយ​ស្ដារ និង​ពង្រីក​អូរប្រឡាយ​ទាំងនោះ​ត្រូវ​បញ្ចប់​នៅពេល​ណា​ឡើយ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា​នឹង​ធ្វើ​ឱ្យ​ហើយ​មុន​រដូវវស្សា​ឆ្នាំក្រោយ​មកដល់​។

លោក​ថា ថ្វី​ដ្បិត​ខេត្ត​ទើប​ប្រកាស​អំពី​ការបើក​ការដ្ឋាន​ស្ដារ​ប្រឡាយ​ទាំងនោះ​ក្ដី ប៉ុន្តែ​កន្លងមក​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ការងារ​នេះ​យូរ​មក​ហើយ​ដូចជា​ចុះទៅ​បាញ់ថ្នាំ​លើ​របង​សំណង់​សង់​លើ​ចំណី​អូរ​ប្រឡាយ​ខុសច្បាប់​ជាដើម​។ លោក​ថា​៖ «​ដូច​ខ្ញុំ​បញ្ជាក់ថា ការងារ​ស្ដារ​អូរប្រឡាយ​ទាំង​ហ្នឹង យើង​ធ្វើ​យូរ​មក​ហើយ​មិនមែន​ទើប​នឹង​ចាប់ផ្ដើម​ធ្វើ​ទេ​។ អ៊ីចឹង​វា​ត្រូវការ​រយៈពេល ពីព្រោះ​ភូមិសាស្ដ្រ​ខ្លះ​មាន​លក្ខណៈ​ស្មុគស្មាញ​អាហ្នឹង​យើង​ត្រូវការ​ប្រើប្រាស់​រយៈពេល​»​។

លោក​បន្តថា​ចាប់ពី​ថ្ងៃទី​ ៩ ខែធ្នូ​ តទៅ អាជ្ញាធរ​នឹង​ចុះទៅ​អនុវត្ត​តាម​ច្បាប់ ដើម្បី​កាយ​ដី និង​ឈូសឆាយ​សំណង់​អនាធិបតេយ្យ​ដែល​សង់ និង​ចាក់​រំលោភ​លើដី​ចំណី​អូរប្រឡាយ ដោយ​មិន​ទទួល​ខុសត្រូវ​ឡើយ ប្រសិន​បើ​ម្ចាស់​ដី និង​ម្ចាស់​សំណង់​អនាធិបតេយ្យ មិន​ព្រម​កាយ និង​រុះរើ​ដោយ​ខ្លួនឯង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កាលពី​ពេល​កន្លងមក​។

ទោះយ៉ាងណា​លោក ភារម្យ មិនទាន់​ច្បាស់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចាក់ដី និង​សង់​សំណង់​អនាធិបតេយ្យ​រំលោភ​លើដី​ចំណី​អូរ​ប្រឡាយ​ឡើយ ដោយ​បាន​ជំរុញ​ឱ្យ​សួរ​ខាង​រដ្ឋបាល​ក្រុងព្រះសីហនុ​វិញ ប៉ុន្តែ​លោក​បញ្ជាក់​ថា អាជ្ញាធរ​ក៏​នឹង​ពិចារណា​ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ទៅ​ដល់​ម្ចាស់​សំណង់​អនាធិបតេយ្យ​មួយ​ចំនួន​ដែរ​។

លោក​ថា​៖ «​អ្នកចាក់ដី​ចូល ធ្វើ​របង​រំលោភ​ចូល អាហ្នឹង​គឺ​អត់​មាន​និយាយ​រឿង​សំណង​ទេ​គឺ​ឱ្យ​គាត់​កាយ​ចេញ​ និង​រុះរើ​ដោយ​ខ្លួនឯង​វិញ​។ ទី​២ ​បើ​យើង​និយាយ​អំពី​សំណង់​មិន​រៀបរយ​គឺ​យើង​មើល​ទៅលើ​ស្ថានភាព​រស់នៅ​ជីវភាព និង​រយៈកាល​នៃ​ការរស់នៅ​របស់​ពួកគាត់​ដែល​យើង​ត្រូវ​ពិចារណា​ថា នឹង​ត្រូវ​ដោះស្រាយ​របៀប​ម៉េច​»​។

លោក​ អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បញ្ជាក់​ពី​ម្សិលមិញ​ថា លោក​ក៏​មិនដឹងថា ពលរដ្ឋ​ប៉ុន្មាន​បាន​សង់​លំនៅឋាន ឬ​ចាក់ដី​រំលោភ​លើ​អូរប្រឡាយ​ទាំងនោះ ឬ​ក៏​ដី​ចំណី​អូរ​ប្រឡាយ​ប៉ុន្មាន​ត្រូវបាន​គេ​​រំលោភ​យក​នោះដែរ ដោយសារ​ការងារ​នេះ​គឺជា​គម្រោង​របស់​ថ្នាក់ជាតិ​ហើយ​លោក​បាន​ជំរុញ​ឱ្យទៅ​សួរ​ខាង​មន្ទីរ​ដែនដី​វិញ ព្រោះ​មន្ទីរ​នេះ​កន្លងមក​គឺជា​​អ្នក​ចុះ​ស្រង់​ស្ថិតិ​អំពី​ទំហំ​ចំណី​ដី​អូរ​ប្រឡាយ​ដែល​ត្រូវបាន​គេ​រំលោភ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល​៕