ភ្នំពេញៈ ​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ ​នឹង​ចុះ​ត្រួតពិនិត្យ​ការ​អនុ​វត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ទូទាំង​រាជ​ធានី​ភ្នំពេញ​នៅ​ខែ​ក្រោយ ​បន្ទាប់​ពីបាន​សហ​ការ​ជា​មួយ​សង្គម​ស៊ីវិល​ កាល​ពី​ម្សិល​មិញ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​អប់​រំ​ទាំង​នោះ​ ពីវិធាន​ច្បាប់ ​និង​ការ​ដាក់​ទោសទណ្ឌ​ជុំវិញ​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី។

ការ​ចុះ​ត្រួ​ត​ពិនិត្យ​នេះ ​គ្រោង​នឹង​ធ្វើ​ឡើង​បន្ទា​ប់​ពី​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំជក់ ​និង​អនុ​ក្រឹត្យ​ស្តីពី​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ​និង​កន្លែង​សាធារ​ណៈ​ ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​ជក់​បារី​នៅ​ក្នុង​បរិ​វេណ​គ្រឹះ​ស្ថាន​សិក្សា ​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្សព្វផ្សាយ និង​គ្រោង​មាន​ការ​ចុះ​អនុ​វត្ត​ការ​ផាក​ពិន័យ​ក្នុង​ពេល​ខាងមុខ។​

​នាយក ​នាយិ​កា ​និង​គ្រូ​បង្រៀន​មក​ពី​គ្រប់​គ្រឹះ​ស្ថា​ន​អប់រំ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ប្រមាណ​ជាង​ ៣០០ ​នាក់​​ពី​ម្សិល​មិញបាន​ចូលរួម​ក្នុង​សិក្ខាសា​លា​ស្តី​ពី​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​គ្រឹះ​ស្ថាន​​សិក្សា នៅ​​មន្ទី​រអប់​រំ​ យុវជន និងកីឡា​រាជធានី​ភ្នំពេញ។​

​លោក ​ហែម​ ស៊ីណា​រ៉េត​ ប្រធាន​មន្ទី​រអប់រំ​ យុវ​ជន​ និង​កីឡា​រាជ​ធានី​ភ្នំ​ពេញ​ បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា​ខាត​បង់​ថវិកាប្រមាណ ១៦៣​ លាន​ដុល្លារ​អា​មេរិក​ ទៅ​លើការ​ព្យាបាល​​ជំងឺ​ ​និង​ការ​បាត់​បង់​កម្លាំង​​ពល​កម្ម​។​ ​ជាង​នេះ​ទៅ​ទៀត​ទឹក​ប្រាក់​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ចំណាយ​ទៅ​លើ​ការ​ទិញ​បារី​ជក់​ជា​ប្រចាំ​ឆ្នាំ​មាន​ប្រមាណ​ ២០១ ​លាន​ដុល្លារ​អាមេរិក។

​​លោក​បន្ត​ថា​ ការ​អនុ​វត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​គឺ​ជា​វិធា​ន​ការ​មួយ​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រា​ស់​ផលិត​ផល​ថ្នាំ​ជ​ក់​ ​ហើយ​ក៏​ជា​ការ​អនុ​លោម​តាម​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ និង​អនុ​ក្រឹត្យ​ស្តីពី​ការ​ហាម​ការ​ជក់​ ឬ​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើកា​រ​ និង​កន្លែង​សាធារណៈ​ ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​​ជក់​បារី​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​​លោក​ ​លោក​ស្រី ​លោក​គ្រូ ​អ្នក​គ្រូ​ទាំង​អស់​យក​ចិត្ត​ទុកដាក់​លើ​បទ​​បង្ហាញ​របស់​វាគ្មិន​ ​ស្វែង​យល់​ពី​ភារ​កិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​សិក្សា​ ដើម្បី​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​ក្នុង​សាលា​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។​

តាម​ការ​ប្រកាស​នៅ​ក្នុង​សិក្ខា​សាលា​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​នេះអនុ​​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​រាជ​ធានី​ភ្នំពេញ​ សហ​ការ​ជា​មួយ​មន្ទី​រអប់រំ​ យុវជ​ន​ និង​កីឡា​រាជ​ធានី​ភ្នំពេញ​ នឹង​ធ្វើ​ការចុះ​ត្រួត​ពិនិត្យ​នៅ​តាម​សាលា​ទាំង​អស់​ទូទាំង​ក្រុង ​ដើម្បី​ពិនិត្យ​មើល​ពី​ការ​អនុវត្ត​ត្រឹមត្រូវ​របស់​សាលា​ទាំង​នោះ។​

លោក​ មុំ ​គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជាបាន​ថ្លែង​ដែរ​ថា កា​រចុះ​ត្រួត​ពិនិត្យនឹង​មាន​វិធានការ​ចំពោះ​គ្រឹះ​ស្ថាន​សិក្សា​ទាំងឡាយ​ណា ​ដែល​មិន​បាន​អនុ​វត្ត​តាម​ការ​ប្រកាស​របស់​ច្បាប់​ ដោយ​វិធាន​ការ​នោះ​នឹង​ដាក់​ចេញ​ជា​លើក​ដំបូង​នៅ​តាម​គ្រឹះស្ថាន​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ​ ខណៈ​ច្បាប់​នេះ​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ទៅ​តាម​បណ្តា​ខេត្ត​ជា​បន្ត​ទៀត​ មុន​នឹង​ឈាន​ដល់​ការ​អនុវត្ត​ការ​ផាក​ពិន័យ និង​ទណ្ឌកម្ម​ជា​អន្តរកាល។

​លោក​បញ្ជាក់​ថា​៖​ ​«​បើ​ទោះ​ជា​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ពី​លទ្ធ​ផល​នេះ​ច្បាស់​លាស់​ពី​ការ​សិក្សា​នៅ​តាម​សាលា​រៀន​ តែ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គ្មាន​ផ្សែង​បារី​ក្នុង​សាលា​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ ​គាត់​បាន​អនុវត្ត​បាន​ល្អ​កន្លង​មក​។​ តែ​ការ​សិក្សា ​និង​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​ ដើម្បី​វាយ​តម្លៃ​ការ​អនុវត្ត​របស់​ពួក​គាត់​ទូទាំង​រាជធានី​ភ្នំពេញ»។​

លោក​បន្តថា​ ច្បាប់​ទាំង​នេះ​ ក៏​មាន​គោល​ដៅ​ផង​ដែរ​ ក្នុង​ការ​ពិន័យ​ដល់​គ្រឹះស្ថាន​អប់រំ​ណា ​ដែល​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​នេះ​ជា​ធរមាន ​នៅ​ពេល​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិនិត្យ​ថ្នាំ​​ជក់​ ចុះ​ត្រួត​ពិនិត្យ​ឃើញ​ថា ​មិន​គោរព​ទៅ​តាម​ច្បាប់ ​ដែល​បាន​ផ្សព្វផ្សាយ។​

យោ​ង​តាម​ច្បាប់​ស្តីពី​ការ​ត្រួត​​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់​ អនុក្រឹត្យ​ និង​សេចក្តី​ណែ​នាំ​នានា​ ស្តី​ពី​ការ​ហាម​ប្រើ​ប្រាស់ ​និង​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ថ្នាំ​ជក់​ ក្នុង​បរិវេណ​គ្រឹះ​ស្ថាន​សាធា​រណៈ​ និង​ឯក​ជន​ បាន​ឲ្យ​ដឹង​ថា​ តួនា​ទី​អ្នក​គ្រប់​គ្រង ​ឬ​ម្ចា​ស់​​​គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​ទូទាំង​ប្រទេស​ ត្រូវ​មាន​ភារកិច្ច​ហាម​ឃាត់​ដាច់​ខាត​រាល់​ការប្រើ​ប្រាស់​ ចែក​ចាយ​ កា​រ​ផ្សាយ​ពាណិជ្ជ​កម្ម​បារី​នៅ​ក្នុង​គ្រឹះ​ស្ថាន​សិក្សា។ ​ចំពោះ​អ្នក​គ្រប់​គ្រង​ ឬ​ម្ចាស់​គ្រឹះស្ថាន​សិក្សា ​ឬ​អ្ន​ក​ប្រើប្រាស់​ណា​ល្មើស​នឹង​វិធាន​ច្បាប់​នេះ នឹង​ត្រូវ​ពិន័យ​ជា​អន្តរ​កាល​ចាប់​ពី​ ៥​ ម៉ឺន​រៀល​ ដល់​ ១ លានរៀល។

​លោក​ស្រី​ កែវ​ សុខ​​ពិសី ​អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​នោះបាន​ថ្លែង​ថា​ ការ​ផ្សព្វផ្សាយ​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​តា​ម​គ្រឹះស្ថាន​សិក្សា​​នៅ​ពេល​នេះ ​គឺ​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ជំងឺ ​ជា​ពិសេស​ជំងឺ​ផ្សេងៗ​នៅ​ក្នុង​សាលា​រៀន​ ដែល​កើតឡើង​ទៅលើ​កុមារ​ដែល​បាន​ស្រូប​ផ្សែង​បារី​ ព្រមទាំង​ការ​បង្ការ​ការ​ជក់​បារី​នៅ​តាម​សាលារៀន​ផងដែរ។​

​លោក​ ឆាយ ​សុង​លី​ នា​យក​វិទ្យា​ល័យ​សម្តេច​ហ៊ុន​ សែន​ ភ្នំពេញ​ថ្មី ​វ័យ​ ៥១ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​សាលា​លោកបាន​ចូល​រួម​ផ្សព្វ​ផ្សាយ​រួច​ហើយ​ តែ​ការ​ប្រព្រឹត្ត​របស់​ជន​មួយ​ចំនួន​ ជាពិសេស​គ្រូបង្រៀន​ផ្ទាល់​តែ​ម្តង​ នៅ​តែ​បន្ត​កើត​មាន។​

​លោក​បន្ត​ថា ​៖ ​«​មិន​ដឹង​និយាយ​ថា​ម៉េច​ បាន​ផ្សព្វ​ផ្សាយ​ឲ្យ​គាត់​ប៉ុន្មាន​ដង​ហើយ តែ​គាត់​នៅតែ​ជក់ នៅ​ក្នុង​ទីធ្លា​សាលា​រៀន ​តែ​ក្នុង​ថ្នាក់រៀន​ពួក​គាត់​អត់​ជក់​ទេ។ ខ្ញុំ​ចង់​ឲ្យ​មាន​អ្នក​ចុះ​ទៅ​​ផ្ទាល់ ​ហើយ​ឃើញ​ពួក​គាត់​ជក់​ ចុះ​ទៅ​ផាកពិន័យ​តែម្តង»។​ ​​

តាម​អង្គការ​សុខភាព​ពិភព​លោក​ បាន​រ​ក​ឃើញ​ថា​ កា​រប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​ជក់ (បារី) ​បង្ក​វិបត្តិ​ជា​ច្រើន​ដល់​សង្គម ​ដោយ​បង្ក​ជា​ជំងឺ​រុាំ​រ៉ៃ​ជាច្រើន​ដល់​ទាំង​អ្នកជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ​ដូច​ជា​ ជំងឺ​មហា​រីក​​សួត ​ជំងឺ​ផ្លូវដង្ហើម​ ជំងឺ​ស្ទះ​​សរសៃ​ឈាម​បេះ​ដូង​ ដាច់​សរសៃ​ឈាម​ខួរក្បាល ​ខណៈ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ​បណ្ដាល​ឲ្យ​កូន​កើត​មុនពេល​កំណត់​ កើត​មក​មិន​ប្រក្រ​តី ​ឬ​កើត​មក​ស្លាប់​ជាដើម៕​