ភ្នំពេញៈ លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញបានឲ្យដឹងថា អាជ្ញាធរបានបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុបុរស ៣ នាក់ ដែលបានស្លាប់កប់ក្នុងការដ្ឋានខុនដូកំពុងសាងសង់មួយដោយសារបាក់រន្ទាកម្ពស់ ១៦ ជាន់ ស្ថិតតាមបណ្ដោយផ្លូវ ៦៥ ត្រង់ចំណុចខាងកើតសណ្ឋាគារហូលីដេក្នុងសង្កាត់ស្រះចក។
ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែសាកសពជនរងគ្រោះទើបតែត្រូវបានប្រទះឃើញកាលពីយប់ថ្ងៃអាទិត្យ និងត្រូវកាយយកចេញពីគំនរបាក់បែកកាលពីថ្ងៃចន្ទ។ ជនរងគ្រោះទាំង ៣ នាក់មានឈ្មោះ ទី១ សុខ សម្បត្តិ អាយុ ២១ ឆ្នាំ ទី២ យ៉ែម ទីន អាយុ ៣៥ ឆ្នាំ និងទី៣ ឈ្មោះ ធីម ធីរ៉ង អាយុ ៣១ ឆ្នាំ។
លោក ទៀង ច័ន្ទសារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «កិច្ចការងារនេះគឺយើងបានបង្កើតគណៈកម្មការដើម្បីពិនិត្យការងារទាំងអស់ហើយ។ ដោយឡែកការវាយតម្លៃសន្និដ្ឋានគឺក្នុងនាមសមត្ថកិច្ចយើងមិនអាចកំណត់បានទេ ព្រោះវាមានគណៈកម្មការដែលមានមកពីភាគីពាក់ព័ន្ធនៅក្នុងកិច្ចការងារស្រាវជ្រាវស៊ើបអង្កេតនេះ»។
យ៉ាងណាក៏ដោយលោក ច័ន្ទសារថ្លែងថាហេតុការណ៍នេះ គឺជាឧបទ្ទវហេតុដោយចៃដន្យ និងមិនមែនជាកំហុសរបស់ភាគីណានោះទេអាចមកពីការធ្វេសប្រហែសរបស់បុគ្គល ខណៈលោកអះអាងថាក្រុមគ្រួសារជនរងគ្រោះ បានទទួលសំណងពីម្ចាស់គ្រប់គ្រងការដ្ឋានរួចរាល់អស់ហើយ។
លោកបញ្ជាក់ថា៖ «អ្វីដែលវាអាចឈានទៅដល់ការកើតហេតុនេះឡើង វាមិនមែនកើតឡើងដោយការគ្រោងទុកនោះទេ គឺផ្តើមចេញពីបញ្ហាបច្ចេកទេសរបស់បុគ្គល ហើយមិនមែនផ្តើមចេញពីការដ្ឋាននោះទេ។ យើងមិនចង់និយាយសំដៅទៅលើ (ជនរងគ្រោះ) ទាំងអស់នោះទេ»។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញថ្លែងថា ការដ្ឋានសំណង់ខុនដូនេះបានទទួលលិខិតអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែមិនបានបញ្ជាក់ទេថា នរណាជាម្ចាស់ការដ្ឋាននេះដោយអះអាងថា លោកមិនទាន់មានរបាយការណ៍ណាមួយជុំវិញឧបទ្ទវហេតុបណ្តាលឲ្យកម្មករទាំង ៣ នាក់ស្លាប់។
លោកបញ្ជាក់ដែរថា៖ «គណៈកម្មការដែលបង្កើតក្នុងការស៊ើបអង្កេតករណីនេះ គឺមានការដឹកនាំចង្អុលបង្ហាញពីក្រសួងបានឲ្យចុះត្រួតពិនិត្យ ហើយខាងខណ្ឌបានផ្អាកការដ្ឋានសំណង់នេះបណ្តោះអាសន្នហើយ»។
បើតាមក្រុមគ្រួសារជនរងគ្រោះទាំង ៣ ពួកគេបានទទួលសំណងពីអ្នកគ្រប់គ្រងការដ្ឋានក្នុង ១ គ្រួសារ ៣ ពាន់ដុល្លារ សម្រាប់រៀបចំពិធីបុណ្យសព និងការបញ្ចប់រឿងដោយពួកគេ មិនបានពេញចិត្តនឹងសំណងទាំងនោះទេ។
លោក អ៊ីវ កុសល វ័យ ៤១ ឆ្នាំ ដែលត្រូវជាបងថ្លៃជនរងគ្រោះឈ្មោះ ធីម ធីរ៉ង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញក្នុងន័យរារែកចិត្តថា ពួកលោកគ្មានសមត្ថភាពឯណាទៅតទល់ជាមួយនឹងម្ចាស់ការដ្ឋានសំណង់នោះទេ ហើយធ្វើការបន្តទាមទារសំណងទៅមុខទៀតគឺមានតែការរំខានរបររកស៊ីដែលនឹងធ្វើឲ្យក្រុមគ្រួសារជួបបញ្ហាជីវភាពតែប៉ុណ្ណោះ។
លោក កុសល បន្ថែមថាគ្មានជម្រើសគឺមានតែការព្រមទទួលយកសំណង ដែលមិនសមរម្យប៉ុណ្ណោះ។ លោកបន្តថា បើគណៈកម្មការនេះពិតជាអាចជួយរកយុត្តិធម៌ ឬការទាមទារសំណងបន្ថែមពិតមែន នោះប្រពន្ធ និងកូនៗរបស់ជនរងគ្រោះនឹងបានទទួលប្រាក់ទាំងនេះទុកគ្រាន់ចិញ្ចឹមជីវិត ព្រោះសំណងដែលទទួលបានក្នុងពេលនេះ គ្រាន់តែចំណាយរៀបចំបុណ្យសពមិនទាំងគ្រាន់ផង។
លោកបញ្ជាក់ថា៖ «យើងបានបាត់បង់ជំនឿតាំងពីពេលកើតហេតុដំបូង យើងបានខ្នះខ្នែងទៅរកអាជ្ញាធរឲ្យជួយ តែមិនមានទេ មានតែការទម្លាក់កំហុសមកជនរងគ្រោះ។ មានអ្នកខ្លះមកថា ប្អូនខ្ញុំខុសស្របពេលដែលយើងទាមទារឲ្យជួយកត់កំណត់ហេតុឲ្យលឿន នឹងអាលបានយកសពទៅធ្វើបុណ្យ តែគ្មានទេ ពន្យារពេលមនុស្សស្លាប់ ៣ ថ្ងៃហើយទុកឡើងហើម»។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បាននិយាយថា ករណីកម្មករជួបគ្រោះថ្នាក់បែបនេះមិនមែនជាលើកទី ១ នោះទេ ហើយភាគច្រើននៃជនរងគ្រោះទាំងនោះហាក់ទទួលបានយុត្តិធម៌ និងសំណងតិចតួចបំផុត។
ជាមួយនឹងការបង្កើតគណៈកម្មការរបស់អាជ្ញាធរនេះទៀតសោត លោកក៏មិនមានជំនឿនោះដែរខណៈលោកចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចគួរមានវិធានការការពារដល់កម្មករជាមុន។
លោកបញ្ជាក់ថា៖ «ពួកគាត់ទទួលរងអយុត្តិធម៌ហើយបន្ថែមពីការទាមទារសំណងឲ្យបានសមរម្យនោះ ពួកគាត់ប្រាកដជាចង់បានហើយ ព្រោះជីវិតមនុស្សមិនអាចកាត់ថ្លៃបានទេ។ ដូច្នេះពេលដែលគាត់ស្លាប់ហើយ គួរតែផ្តល់សំណងណាមួយឲ្យបានសមរម្យឲ្យគាត់ស្ងប់ចិត្ត ហើយការចោទប្រកាន់របស់ភាគីពាក់ព័ន្ធដែលថា កម្មករធ្វេសប្រហែសអីហ្នឹងក៏មិនល្អដែរ ខ្ញុំមិនដឹងថា គាត់យកគំនិតអ្វីទៅគិត ព្រោះថាគ្មានអ្នកណាម្នាក់ចង់ជួបរឿងបែបនេះទេ»។
តាមលោក សុខ គីន លើកឡើងថាក្នុងការដ្ឋានសំណង់ បើគោរពទៅតាមលក្ខណៈបច្ចេកទេស និងវិធានការត្រឹមត្រូវនោះការគ្រោះថ្នាក់របស់កម្មករនឹងត្រូវបានកាត់បន្ថយ ខណៈការសិក្សារបស់លោកកាលពីឆ្នាំ ២០១៧ បានរកឃើញថាកម្មករ ១៩ នាក់ ក្នុងចំណោម ១០០ នាក់ ប្រឈមនឹងគ្រោះថ្នាក់៕