កំពតៈ អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​គ្រឿងចក្រ​បញ្ឈប់​ការកាយ​យក​អាចម៍ដី​នៅក្នុង​អាង​ទំនប់​ទឹកអូរ​ច្រនៀង​នៅក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​ជា​បណ្តោះអាសន្ន​សិន បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជាង​ ១០ គ្រួសារ​បាន​តវ៉ា​ថា ការកាយ​ដី​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ដែល​ធ្លាប់​អាស្រ័យផល​។

កាលពី​ថ្ងៃទី​ ២១ មីនា មាន​អេស្កាវ៉ាទ័រ​ និង​ឡាន​ដឹកដី​ប្រមាណ ១០ ​គ្រឿង បាន​ចុះ​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹកអូរ​ច្រនៀង ដែល​អាជ្ញាធរ​អះអាង​ថា ជា​ការកាយ​ដើម្បី​ស្តារ​ទំនប់​ដែល​បាន​រីងស្ងួត​គ្មាន​ទឹក​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង និង​មានទឹក​ជន់លិច​ខ្លាំង​នៅក្នុង​រដូវវស្សា​។

ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​ការតវ៉ា​នេះ​លោក ម៉ែន សុភាព អាយុ​ ៣៧ ​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ២ ឃុំ​កំពង់ត្រាច ប្រាប់​អ្នកកាសែត​ក្នុងអំឡុង​ពេល​តវ៉ា​ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បានចេញ​មុខមក​តវ៉ា រឿង​គ្រឿងចក្រ​ជាច្រើន​ចុះ​កាយ​ដី​ក្នុង​ទំនប់ទឹក​ធ្វើឱ្យ​ពលរដ្ឋ​មាន​ការខឹងសម្បា​រឿង​ពួកគាត់​បាន​បាត់បង់​ដីធ្លី ដែល​ធ្លាប់​អាស្រ័យ​ផល​នៅក្នុង​ទំនប់​នេះ​។

អ្នកស្រុក​បាន​ចោទថា ការ​មក​កាយ​យក​អាចម៍ដី​នេះ គឺធ្វើឡើង​ដើម្បី​យក​ដី​នេះ​ទៅ​លក់​ដែល​បានធ្វើ​លើដី​ពួកគាត់​ឱ្យ​ក្លាយជា​រណ្ដៅ​អស់​។ «​ប្រជាពលរដ្ឋ​មកពី​ភូមិ​ដើមចារ និង​ភូមិ​អូរច្រនៀង ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច​មាន​ដី​នៅក្នុង​អាង​ទំនប់ទឹក​នេះ​ចំនួន​ ២៥ ​ហិកតា ហើយ​ដី​ទាំងនោះ​ជា​ដី​បង្កបង្កើនផល​ស្រូវ​។ សុំឱ្យ​អាជ្ញាធរ​កំណត់​ព្រំ​ឱ្យបាន​ច្បាស់ ព្រោះ​គ្រឿងចក្រ​ចុះមក​កាយ​ដី​ហាក់ដូច​អនាធិបតេយ្យ​»​។

ចំណែក​លោក សន ត្រី អាយុ​ ៥២ ​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើមចារ​ថ្លែងថា​គ្រឿងចក្រ​ចុះមក​កាយ​ដី​ក្នុង​អាង​ទំនប់ទឹក​នេះ​ដោយ​ម្ដង​កាយ​ចំណុច​នេះ ម្ដង​កាយ​ចំណុច​នោះ​ធ្វើឱ្យ​អ្នកភូមិ​បាត់បង់​ដី​សម្រាប់ធ្វើ​កសិកម្ម​។ «​ដី​នៅក្នុង​អាង​ទំនប់ទឹក​នេះ មិន​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ទេ តែ​ពួកគាត់​កាន់កាប់​តាំងពី​ដូនតា​មក​»​។

លោក ចេន តាន់ មេឃុំ​កំពង់ត្រាច​ខាងលិច​ថ្លែង​ថា ដោយសារ​តែ​កន្លងមក​អាងទំនប់​ទឹកអូរ​ច្រនៀង​នេះ​បាន​រីង​ហើយ​គ្មាន​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង និង​មាន​ការជន់​លិច​ខ្លាំង​នៅ​រដូវវស្សា ទើប​អាជ្ញាធរ​ស្រុក និង​មាន​ការចូលរួម​ពី​រដ្ឋបាល​ឃុំ​ផងនោះ​បាន​អនុញ្ញាតឱ្យ​គ្រឿងចក្រ​ទាំងនេះ​ធ្វើការ​ស្តារ​។ ការស្តារ​នេះ​គឺ​មាន​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​អាង​ទំនប់​ទឹកអូរ​ច្រនៀង​នេះ​អាច​រក្សា​ទឹក​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នកស្រុក​។

លោក​បញ្ជាក់ថា​៖ «​គណៈ​ស្រុក និង​ឃុំ​ពិភាក្សា​ជាមួយ​គ្នា​ថា បើ​យើង​មិនបាន​ស្តារ​ទំនប់​ឡើង​ទេ នៅតែ​ទឹក​ហ្នឹង​ប្រើ​មិន​គ្រប់​អ៊ីចឹង ខែវស្សា​លិច​ទឹក​ខែប្រាំង អត់​ទឹក​ប្រើ ហើយ​អ៊ីចឹង​យើង​ក៏បាន​ពិភាក្សា​ថា ឥឡូវ​បើ​យើង​ទុក​ឱ្យ​ក្រសួង​ធនធានទឹក​ស្តារ នោះ​ក្រសួង​មិន​មាន​លុយ​ស្តារ​ទេ​។ យើង​ក៏​សម្រេច​ឱ្យ​ឯកជន​យក​អាចម៍ដី​នេះ​ទៅ​ចាក់​បំពេញ​ផ្ទះ​អ្នកភូមិ​ដើម្បី​បាន​កម្រៃ​ហើយ​យើង​ដោះដូរ​ដើម្បី​បាន​រណ្តៅ​ហ្នឹង​យក​ទឹក​ប្រើ​វិញ​»​។

ទោះយ៉ាងណា​លោក​ថា ដោយសារ​តែមាន​ប្រជាពលរដ្ឋ​តវ៉ា​ជំទាស់​នឹង​ការស្តារ​នេះ​អាជ្ញាធរ​បាន​ផ្អាក​ឱ្យ​គ្រឿងចក្រ​បញ្ឈប់​ការកាយ​រណ្តៅ​ដី​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​ការសម្រេច​ដោះស្រាយ​ពី​ថ្នាក់លើ​ហើយ​ពលរដ្ឋ​ក៏​បាន​បញ្ឈប់​ការតវ៉ា​។

លោក យន់ ផល្លី ​អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តកំពត និង​កែប​បាន​លើកឡើងថា វា​គឺជា​រឿង​ត្រឹមត្រូវ បើ​អាជ្ញាធរ​ធ្វើការ​ស្តារ​ទំនប់​នេះ​ឱ្យបាន​ជ្រៅ​ដើម្បី​ធានា​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​គ្រប់​រដូវ ដែល​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ គួរ​ណាស់​តែ​ចូលរួម មិន​គួរ​ណា​មករា​រាំង​សកម្មភាព​នៃ​ការស្តា​ទំនប់​នោះទេ​។ «​ប្រជាពលរដ្ឋ​គាត់​អាស្រ័យផល​នៅ​លើដី​រដ្ឋ ពេល​ណា​ដែល​រដ្ឋ​ត្រូវការ យើង​ត្រូវតែ​ប្រគល់​សិទ្ធិ​ឱ្យ​រដ្ឋ​អភិវឌ្ឍ​...​រដ្ឋ​ត្រូវការ​ស្តារ​បឹង​ស្តារ​ប្រឡាយ​យើង​ត្រូវ​ចូលរួម​ដោយ​គ្មាន​ការជំទាស់​»៕