ព្រះសីហនុៈ ក្រុម​ការងារ​អន្តរ​ក្រសួង​ដោះ​ស្រាយ​ផល​ប៉ះពា​ល់​ដី​ក្នុង​គម្រោង​អភិ​វឌ្ឍន៍​អា​កាស​យាន​ដ្ឋានអ​ន្តរ​ជាតិ​ខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ឈ​ប់លែ​ង​ឲ្យ​មាន​ការ​សាង​សង់​សំណ​ង់​នៅ​ជុំវិញ​បរិវេណ​អាកា​ស​យាន​ដ្ឋាន​មួយ​នេះទៀ​ត​ហើ​យ ​​ខ​ណៈព​ល​រដ្ឋ​ ៦២​ គ្រួសារ​ ដែល​រស់​នៅ​ក្បែរ​នោះ​នឹង​ត្រូវ​សម្រួល​ឲ្យចា​ក​ចេ​ញផ​ងដែរ ​។

លោក​ ជា អូន រដ្ឋ​លេខា​ប្រចាំ​ការនិង​ជា​អ្នក​នាំ​ពាក្យ​អា​កាស​ចរ​ស៊ីវិលដែល​នៅក្នុង​ក្រុម​ការងារនេះ បាន​ប្រាប់​ភ្នំពេ​ញ​ប៉ុស្ដិ៍​​ពី​ម្សិល​មិញ​ថា បម្រាម​នេះដោយ​សា​រ​​មិន​ចង់​ឲ្យ​មាន​ភាព​អនា​ធិប​តេយ្យ និង​​អសន្ដិ​សុខ​នៅ​ជុំ​វិញ​បរិវេណ​អាកា​ស​យាន​ដ្ឋាន​​ដើម្បី​បង្កើត​ទំនុក​ចិត្ត​ដល់​ទេសចរ និង​​អ្នក​ដំណើរព្រោះ​ទិដ្ឋ​ភាព​ជុំ​វិញ​ព្រលាន​យន្ដ​ហោះគឺ​ជា​មុខ​មាត់​របស់​ប្រទេស​ជាតិ​។

លោក​បាន​ថ្លែង​ថា​៖ «​ព្រលាន​យន្ត​ហោះ​នៅ​ស្រុក​គេ​ដទៃ​មិន​មាន​សំណង់​នៅ​ជាប់​បែប​នេះ​ទេ​អ៊ីចឹង​សូម​យើង​ទាំង​អស់​គ្នា​ចូល​រួម​ម្នាក់បន្តិច​ៗ។ រាជ​រដ្ឋាភិបាល​ក៏​មិន​មែន​ឃើញ​សំណង់​នៅ​ជាប់​ព្រលាន​បែប​នេះហើយទៅ​ដេញ​ចេញ​ដែរ តែក៏មាន​ដំណោះ​ស្រាយ​ជូន​ដែរ​»។

លោក ជា អូន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នអាកាសយាន​ដ្ឋាន​មួយ​នេះកំពុង​មាន​ការ​ពង្រី​កបន្ថែម​ ៣ ៣០០ ម៉ែត្រ ដើម្បី​ឲ្យ​មាន​ការ​ហោះ​ហើរ​ផ្ទាល់​​ទៅ​កាន់​ប្រទេស ​បារាំង និង​អឺរ៉ុប​ ជាដើម ​។

លោក​បន្ថែមថា​៖«នេះ​ជារឿង​សំខាន់​ដែ​ល​យើង​ចង់​បានដើម្បី​កុំ​ឲ្យអ្នកធ្វើ​អាជីវកម្ម​ផ្នែក​ទេស​ចរណ៍ និងអ្នក​ទេសចរ​ដែល​ចង់​មក​លេង​ប្រទេស​យើង​មាន​ការ​ចុះ​ជើង​ហោះ​ច្រើនដងដែល​នាំ​ឲ្យ​ខាត​បង់​ការ​ចំណាយ​ផ្សេងៗ​លើ​ជើង​ហោះ​ហើរ​​​»។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល​និង​ជា​ប្រធាន​ក្រុមការ​ងារ​អន្តរ​ក្រសួង​ដោះ​ស្រាយ​បញ្ហានេះកាល​ពី​ទី​១៦​ខែ​កក្កដា​កន្លង​ទៅ​ ក៏​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ទាក់ទងនឹង​ការរៀប​ចំសន្តិ​សុខ​សុវត្ថិ​ភាព​សម្រាប់​កិច្ចប្រ​តិបត្តិការ​អា​កាស​យាន​គ្រប់​ប្រភេទនៅ​អាកាស​​យាន​ដ្ឋាន​នេះ​ផង​ដែ​រ ដោយ​មាន​ការ​ចូល​រួម​ពីលោក​ សាយ​ សំអាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន​ និង​លោក​ គួច ចំរើន អភិ​បាល​ខេត្តព្រះ​សីហនុ និង​សមា​ជិក​ក្រុម​ការងារ​អន្តរ​ក្រសួង​ពាក់​ព័ន្ធ​សរុប ​៣០ ​រូប​ទៀត​។

មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ចប្រជុំនេះរដ្ឋ​លេខា​ធិ​ការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិលបាន​ប្រកាសលទ្ធផលដោយសម្រេច​​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​មូល​ដ្ឋាន​សហ​ការ​ជា​មួយ​អាជ្ញាធ​រអា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ខេត្ត​ព្រះសី​ហនុ​ ដើម្បី​ទប់​ស្កាត់​រាល់​ការ​សាង​សង់​សំណង់​ក្បែរ​ជាប់​របង​សំណង់​មុខ​ផ្លូវ​រត់ RWY21 និង RWY03 និង​ការសាង​សង់​សំណង់​ក្នុង​បរិវេណ​គម្រោង​អភិ​វឌ្ឍន៍​​អាកាស​យាន​ដ្ឋាន​នេះ​។

សេចក្ដីប្រកាសបាន​បញ្ជាក់ថា​៖ «​​ក្រុម​​ការ​ងារ​​ត្រូវបន្ត​​ពិភាក្សា​​រក​​ដំណោះ​ស្រាយជាមួយប្រជាពលរដ្ឋ ៦២ គ្រួសារ ដែល​បាន​និង​កំពុង​រស់​នៅ​ជាប់​របង​កែង​​ផ្លូវ​ចូល​អាកា​ស​យាន​ដ្ឋាន​អន្តរ​ជាតិ​ ខេត្ត​ព្រះ​សីហនុ»។

បើ​តាម​លោក ជា អូន បច្ចុ​ប្បន្ន​ព្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិកម្ពុជា​ទាំង ៣ គឺ​ ភ្នំពេញ សៀម​រាប និង​ព្រះសហីហនុ អាច​ទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់​ ១០ លាន​នាក់។ ប៉ុន្ដែ​គម្រោង​ដែល​រាជ​រដ្ឋាភិបាល​កំពុង​បន្ត​អភិវឌ្ឍ​គឺ​ចង់​ឲ្យ​ព្រលាន​​នីមួយៗ​អាច​ទទួល​អ្នក​ដំណើរ​បាន ​១០ លាន​នាក់​តែម្ដង ​។

ទាក់​ទង​នឹង​ការ​រក​ដំណោះ​ស្រាយ​ជូន​ពលដ្ឋ​ទាំង​៦២​គ្រួសារដែល​នៅ​ជាប់​របង​ព្រលាន​យន្ត​ហោះ​នេះ លោក ឃាង ភារម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុបាន​ឲ្យ​ដឹង​ថាការងារនេះត្រូវបានប្រគល់​ឲ្យអាជ្ញាធរ​មូលដ្ឋាន​​សហការ​គ្នា​ជាមួយ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិព្រះ​សីហនុ​ដើម្បីដោះស្រាយនិងចាត់​វិធាន​ការ​ទប់​ស្កាត់​លែង​ឲ្យ​មាន​សំណង់​តទៅទៀត ​។

លោក​ថា​៖ «ចំពោះ​ដំណោះ​ស្រាយ​យ៉ាងណានោះរដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ​នឹង​ជម្រាបជូន​នៅ​ពេល​បន្ដ​បន្ទាប់​ទៀត ក្រោយ​ពេល​ប្រជុំ​ដាក់​ផែន​ការ​ច្បាស់​លាស់​​»។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា (CNRO) ដែល​ធ្លាប់​បាន​ចូល​រួម​សម្របសម្រួលរកដំណោះស្រាយ​ជាមួយ​​ពលរដ្ឋ​រស់​នៅ​ជាប់​របង​ព្រលាន​យន្ត​ព្រះ​សីហនុ​នេះបាន​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​​ចរចាជា​មួយ​ពលដ្ឋ​ទាំងនោះ​តាម​រយៈ​ការ​ផ្ដល់​សំណង់ និង​ផ្ដល់​លំនៅ​ឋាន​ថ្មី​ឲ្យ​ពួក​គាត់ ប៉ុន្ដែ​ពលរដ្ឋ​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ​ទេ​។

លោក​ថា​៖ «​ប្រជា​ពលរដ្ឋ​ទាំងនេះ​គាត់​រស់​នៅ​ជាប់​នឹង​របង​ខាង​មុខព្រលាន​យន្ដ​ហោះ​តាំង​ពី​យូរ​មក​ហើយ​។ ខ្ញុំ​យល់​ថា អាជ្ញាធរ​គួរ​តែ​ពន្លឿន​ការ​ដោះ​ស្រាយ​ជា​គោល​នយោបាយ​ណា​មួយ​ដល់​ពួក​គាត់​ ដើម្បី​លើ​ក​ស្ទួយ​ព្រលាន​យន្ត​ហោះ​យើង​ និង​អាច​ឲ្យ​ពលរដ្ឋ​មាន​លំនៅ​ដ្ឋាន​សមរម្យ​ណា​មួយ​​» ។

លោក សុខុម បាន​លើ​កឡើងប្រជាពលរដ្ឋ​គួរ​តែ​ទទួល​យក​នូវ​សំណង់​ណាមួយ​ដែលឈាន​ទៅ​ដល់​ការ​ព្រម​ព្រៀង​គ្នាតាម​លក្ខខណ្ឌ​សម​ស្របណា​មួយ​ដើម្បី​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​ព្រះ​សីហនុ​ឲ្យក្លាយ​ជា​ព្រលាន​អន្ត​ជាតិ​​លើ​មុខ​មាត់​ខេត្ដ​ព្រះសីហនុ​ ៕