សៀមរាបៈ អាជ្ញាធរស្រុកបន្ទាយស្រីកាលពីសប្ដាហ៍មុនបានបញ្ឈប់សកម្មភាពគ្រឿងចក្រចំនួន ២ គ្រឿង និងព្រមានអនុវត្ដវិធានការច្បាប់ ក្រោយពីម្ចាស់គ្រឿងចក្រត្រូវបានជនខិលខូចមួយក្រុមជួលឱ្យឈូសឆាយដីព្រៃនៅតំបន់មាត់ប្រឡាយព្រៃក្បាលទឹកជប់ក្នុងភូមិហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីបង្កើតជាផ្លូវចូលទៅទន្ទ្រានដីព្រៃរបស់រដ្ឋនៅតំបន់នោះ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកបានចុះពិនិត្យដោយផ្ទាល់ និងហាមឃាត់សកម្មភាពខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយទទួលបានព័ត៌មានរាយការណ៍ថា មានបុគ្គលឆ្លៀតឱកាសមួយក្រុមបានលួចឈូសឆាយតំបន់ព្រៃក្បាលទឹកជប់ និងកាយប្រឡាយធ្វើជាផ្លូវឯកជនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនមានច្បាប់អនុញ្ញាត។
លោកថ្លែងថា៖ «សកម្មភាពនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃលិចទឹកផ្តាច់ចរន្តទឹកហូរចូលទៅក្នុងប្រឡាយចាស់ និងធ្វើឱ្យប៉ះពាល់ដល់បណ្តា ពលរដ្ឋនៅផ្នែកខាងក្រោមដែលពឹងផ្អែកអាស្រ័យផលពីទឹកប្រឡាយនៅតំបន់នោះ»។
លោក ហ្វីណង់ បញ្ជាក់ថា៖ «ខ្ញុំបានធ្វើការណែនាំដោយផ្ទាល់ដល់មន្ត្រីមូលដ្ឋានថ្នាក់ភូមិ និងថ្នាក់ឃុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទីនោះត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងធានាឱ្យបានថាភាពអនាធិបតេយ្យបែបនេះនឹងមិនកើតឡើងជាថ្មីម្តងទៀត។ បើពុំនោះសោត ទាំងមន្ត្រី ទាំងប្រជាពលរដ្ឋនឹងប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក ហ្វីណង់ និយាយថាការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ក៏ដូចជាការកាប់ឆ្ការព្រៃលិចទឹក ដើមស្មាច់ និងដើមកោងកាងទឹកសាបក្នុងតំបន់ ដែលមានទឹកជប់យកមកធ្វើជាកម្មសិទ្ធិឯកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យក្បាលជប់ទឹកមួយចំនួនរីងស្ងួតលែងមានទឹកចេញ។ នេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកដែលហូរយកទឹកទៅផ្គត់ផ្គង់ដល់ស្ទឹងសៀមរាប។
លោកថា៖ «ប្រសិនបើមិនទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ អនាគតស្ទឹងសៀមរាបរបស់យើងនឹងរងផលលំបាកពីការខ្វះខាតទឹកហូរឆ្លងកាត់»។
លោកបន្ថែមថា រយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ កត្ដាព្រួយបារម្ភធំនៅស្រុកបន្ទាយស្រីនោះគឺដីព្រៃអភិរក្ស និងដីឧទ្យានជាតិភ្នំគូលែននៅតំបន់ជើងភ្នំគូលែនកំពុងរងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ដីព្រៃធម្មជាតិ និងកេរដំណែល សម្បត្ដិវប្បធម៌ធម្មជាតិរបស់រដ្ឋនៅតំបន់នោះ។
បើតាមលោក សួស ណារិន មន្ដ្រីអង្កេតសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្ដសៀមរាបគឺដីព្រៃអភិរក្ស និងដីឧទ្យានជាតិភ្នំគូលែននៅតំបន់ជើងភ្នំគូលែន ពិតជាមានការចូលកាប់ទន្ទ្រានដោយខុសច្បាប់មែន។
លោកថ្លែងថា៖ «ប៉ុន្ដែអ្វីដែលពួកគាត់ទៅធ្វើនោះគឺដោយសារការដោះស្រាយរបស់អាជ្ញាធរមិនទាន់បានរលូន ដូច្នេះចេះតែមានការចូលទៅកាប់ទន្ទ្រានថែមទៀត។ ប៉ុន្ដែក្រោយពីអាជ្ញាធរគេបានហាមឃាត់ ទប់ស្កាត់ សកម្មភាពកាប់ទន្ទ្រានក៏បានផ្អាកដែរ»។
លោក ណារិន បន្តថា សភាពការណ៍នៃការកាប់ទន្ទ្រានដីរបស់រដ្ឋពីសំណាក់ជនខិលខូចក្នុងខេត្ដសៀមរាប មិនមែនមានតែក្នុងស្រុកបន្ទាយស្រីមួយនោះទេ តាមបណ្ដាស្រុកមួយចំនួនទៀតក៏មានករណីបែបនេះកើតឡើងផងដែរ។
រដ្ឋបាលស្រុកបន្ទាយស្រីឲ្យដឹងថា ការទន្ទ្រានដីរដ្ឋនៅតំបន់ក្បែរជើងភ្នំគូលែនកើតឡើងជាយូរមកហើយ។ ប៉ុន្តែអំឡុងពេល ២-៣ ខែចុងក្រោយនេះពលរដ្ឋបាននាំគ្នាទន្ទ្រានថែមដោយនាំគ្នាទៅធ្វើរោងដូចរោងអ្នកតារាប់រយរោងជាប្រភេទរោងមនុស្សមិនអាចរស់នៅបានដែលជាទម្រង់នៃការទន្ទ្រានយកដីរដ្ឋតែម្ដង។
រហូតដល់ខែវិច្ឆិកាកន្លងទៅ អាជ្ញាធរបានរុះរើសំណង់រោងអនាធិបតេយ្យចំនួន ៤៩ ខ្នង ក្នុងចំណោមសំណង់រោងជិត ១ ០០០ ខ្នង ដែលទន្ទ្រានយកដោយខុសច្បាប់នៅតំបន់គម្របព្រៃឈើឧទ្យានជាតិភ្នំគូលែនផងដែរ។ រោងដែលមិនទាន់រុះរើនោះ ដោយសារអាជ្ញាធរកំពុងសិក្សាលើអត្តសញ្ញាណពលរដ្ឋដែលចូលមកកាន់កាប់ជាក់ស្តែង។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបឲ្យដែរថា ក្រោយមានការទន្ទ្រានដីរបស់រដ្ឋថ្មីៗនេះ អាជ្ញាធរចុះទៅរុះរើសំណង់ខុសច្បាប់បន្ដបន្ទាប់ផងដែរ។
លោកថា៖ «សកម្មភាពកាប់ទន្ទ្រានដីរបស់រដ្ឋពីសំណាក់ជនខិលខូចនេះបានកើតមានឡើងយូរមកហើយ។ ប៉ុន្ដែក្នុងពេលថ្មីៗនេះនៅមានក្រុមចលនាដែលខុសច្បាប់បានកែនពលរដ្ឋក្នុងស្រុក និងក្រៅស្រុកមករុករានទន្ទ្រានកាន់កាប់ដីរបស់រដ្ឋនៅតាមតំបន់ផ្សេងៗមិនមែនតែក្នុងខេត្ដសៀមរាបនោះទេ»៕