ឧត្តរមានជ័យៈ អភិបាលស្រុកអន្លង់វែងលោកហោ ជិនវិរៈយុទ្ធ កាលពីថ្ងៃទី២១ ខែតុលា បានច្រានចោលព័ត៌មានដែលសង្ស័យថា អាជ្ញាធរស្រុកអន្លង់វែងឃុបឃិតជាមួយឈ្មួញយកដីព្រៃសហគមន៍ជាង២០ហិកតា ស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ទៅបម្រើប្រយោជន៍បុគ្គល ក្រោមលេសយកទៅបង្កើត«រដ្ឋបាលឃុំថ្មី» ដោយសន្យាចុះចេញពីតំណែង បើលោកមានការជាប់ពាក់ព័ន្ធ។
លោក ហោ ជិនវិរៈយុទ្ធ ថ្លែងថា ការចោទប្រកាន់មកលើអាជ្ញាធរបែបនេះ គឺជាការបំផ្លើស និងផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះជាក់ស្ដែងអាជ្ញាធរជាអ្នកទប់ស្កាត់រាល់បទល្មើសកាប់ទន្ទ្រានដីព្រៃសហគមន៍នេះ ហើយថាលោកក៏មិនបានប្រើលេសបង្កើតរដ្ឋបាលថ្មីអ្វីដែរ។ លោកបញ្ជាក់ថា លោកគ្មានដីធ្លី ហើយក៏មិនបានបញ្ជាឲ្យមន្ត្រីរំលោភយកដីតំបន់នោះដែរ ប៉ុន្ដែជាក់ស្ដែងមានប្រជាពលរដ្ឋជាច្រើនពីតាមបណ្ដាខេត្តផ្សេងៗ បាននាំគ្នាមកកាប់ទន្ទ្រានដីព្រៃនៅតំបន់នោះ ហើយអាជ្ញាធរខំប្រឹងការពារទប់ស្កាត់យ៉ាងសកម្ម ព្រោះជនខិលខូចទាំងនោះតែងតែលើកគ្នាមកកាប់ព្រៃឈើយកដី។ លោកកំពុងស្រាវជ្រាវរកជនខិលខូចដែលនៅពីក្រោយខ្នងរង់ចាំបញ្ជាឲ្យពលរដ្ឋចូលមកទន្ទ្រានដីនៅទីនោះ។
លោកជិន វីរៈយុទ្ធ អះអាងថា៖«ខ្ញុំសូមប្រាប់ថា បើរកឃើញដីខ្ញុំ ឬដីមន្ត្រីណាដែលពាក់ព័ន្ធនៅទីនោះ ឲ្យមន្ត្រីនោះទទួលខុសត្រូវ ហើយបើប៉ះចំដីខ្ញុំមែន ខ្ញុំសុខចិត្តចុះចេញពីតំណែង ព្រោះខ្ញុំធ្លាប់ទាមទារឲ្យធ្វើអត្ដសញ្ញាណដីនៅទីនោះ។ ខ្ញុំធ្លាប់ចុះទៅទីនោះពិនិត្យមើលការកាប់ទន្ទ្រាន ប៉ុន្ដែពលរដ្ឋ បែរជាមកឡោមព័ន្ធខ្ញុំ ខ្លាចខ្ញុំទៅយកដីនៅទីនោះ ហើយខ្ញុំប្រាប់វិញថា ខ្ញុំមកនេះ គឺមកការពារព្រៃទេ មិនមែនមកកាប់ឈើយកដីទេ»។
លោក ស៊ត ពេក ប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើបានឲ្យដឹងថា អាជ្ញាធរស្រុកអន្លង់វែងបានស្នើមកសហគមន៍សុំដីទំហំប្រមាណ២០ហិកតា ដើម្បីសាងសង់សាលារៀន មន្ទីរពេទ្យ និងធ្វើវត្តអារាម ព្រោះតំបន់នោះគ្រោងបង្កើតជាប្រព័ន្ធរដ្ឋបាលឃុំថ្មី សម្រាប់ការបង្កើតខេត្តថ្មីមួយទៀត។ ដោយបានឃើញសំណើនេះ ដែលនឹងយកទៅបម្រើប្រយោជន៍សាធារណៈ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ លោកក៏មិនបានហាមឃាត់អ្វីនោះទេ ប៉ុន្តែពេលអាជ្ញាធរដាក់ត្រាក់ទ័រចុះមកឈូសឆាយ ហើយប្រជាសហគមន៍ទៅសួរនាំរកឯកសារផ្សេងៗស្រាប់តែមិនឃើញបង្ហាញនោះឡើយ។
លោកបញ្ជាក់ថា៖«បន្ទាប់ពីរកមិនឃើញមានឯកសារបញ្ជាក់ផ្សេងៗនេះ ធ្វើឲ្យប្រជាសហគមន៍មានការសង្ស័យថា អាជ្ញាធរស្រុកអន្លង់វែងកំពុងតែមានគម្រោងឃុបឃិតជាមួយឈ្មួញមានលុយ ដើម្បីលេបយកដីនោះទៅធ្វើជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកខ្ញុំក៏បានហាមឃាត់ភ្លាមៗដែរ»។
លោកស៊ត ពេក បន្ថែមថា តំបន់ព្រៃសាមគ្គីសង្គ្រោះព្រៃឈើនេះ ត្រូវបានបង្កើតដោយអនុក្រឹត្យតាំងពីឆ្នាំ២០០២ ដែលមានដីព្រៃប្រមាណ៤ពាន់ហិកតា ដែលជាកន្លែងផ្តល់អនុផលផ្សេងៗសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងកន្លែងថែរក្សាការពារសត្វព្រៃកម្រៗជាច្រើន ប្រភេទកំពុងរស់នៅក្នុងព្រៃនោះដែរ។
លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យថ្លែងថា លោកក៏បានទទួលព័ត៌មាននេះដែរ ប៉ុន្ដែថាតំបន់នេះ មិនមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោកទេ។ លោកថា នៅថ្ងៃស្អែក ទី២២ តុលានេះ លោកអភិបាលខេត្តកោះប្រជុំ ដើម្បីដោះស្រាយបញ្ហានៅតំបន់នេះ។
លោកបន្តថា៖«សម្រាប់ខាងខ្ញុំ តំបន់ដែលយើងធ្វើការគ្រប់គ្រង កំណត់ច្បាស់តែម្ដង គឺមានដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ដ និងតំបន់ការពារប្រាសាទបន្ទាយឆ្មារ។ ខ្ញុំបានទទួលព័ត៌មានដែរ តែអត់សូវច្បាស់ទេ អ៊ីចឹងនៅថ្ងៃទី២២ តុលានេះ យើងនឹងប្រជុំរឿងហ្នឹងហើយ»។
លោក ស្រី ណារ៉េន មន្ត្រីសម្របសម្រួល Adhoc ប្រចាំខេត្តឧត្តរមានជ័យបានថ្លែងថា បញ្ហាកាប់ទន្ទ្រានព្រៃយកដីនៅតំបន់នោះមានស្ទើររៀងរាល់ថ្ងៃ ប៉ុន្ដែលោកមិនបានដឹងថា អាជ្ញាធរស្រុកឃុបឃិតគ្នាឈូសឆាយដីព្រៃ ដោយប្រើលេសបង្កើតរដ្ឋបាលឃុំថ្មីនេះទេ។
លោកបន្តថា ប៉ុន្ដែលោកធ្លាប់បានឮអាជ្ញាធរបានប្រាប់លោកថា ឃុំអន្លង់វែងគ្រោងនឹងបំបែកជាពីរឃុំ ព្រោះឃុំមួយនេះមានភូមិចំនួន ១០ ភូមិ ដែលធ្វើឲ្យពិបាកគ្រប់គ្រង និងប្រើប្រាស់ថវិកាអភិវឌ្ឍន៍ភូមិ«ខ្ញុំថា គេបំបែកឃុំអន្លង់វែង ប៉ុន្ដែមិនដឹងថា គេជ្រើសយកទៅតាំងកន្លែងណាទេ។ ហើយអារឿងគេឈូសឆាយដីព្រៃនេះ គឺគេឈូសឆាយស្ទើររាល់ថ្ងៃ ព្រោះខ្វះការសហការគ្នា ជាមួយសហគមន៍ និងអាជ្ញាធរ»។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មិនទាន់អាចទាក់ទងសុំការបញ្ជាក់បានទេ៕