ភ្នំពេញៈ អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានបដិសេធរបាយការណ៍របស់អង្គការសមាគមធាងត្នោតដែលអះអាងពីការរកឃើញក្នុងរយៈពេល ៣ ខែចុងក្រោយនេះថា នៅតែបន្ដមានការបណ្តេញចេញគ្រួសារពលរដ្ឋក្រីក្រ ទោះបីពួកគាត់ជួបបញ្ហាផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសមាគមធាងត្នោតដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ២៩ ខែមិថុនា បញ្ជាក់ថា៖ «គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ បើទោះជាពួកគេស្ថិតក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច និងស្ថិតក្នុងភាពងាយរងគ្រោះបំផុតដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ខ្លាំងយ៉ាងណាក៏ដោយ»។
កាលពីខែមិថុនាអង្គការសមាគមធាងត្នោតបានផ្សាយរបាយការណ៍ស្រាវជ្រាវមួយស្តីពីការបណ្តេញចេញ និងការតាំងលំនៅថ្មីដែលមានកម្រាស់ ៥៦ ទំព័រ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា របាយការណ៍នេះធ្វើការពិនិត្យទៅលើដំណើរការនៃការបណ្តេញចេញ និងការតាំងលំនៅថ្មីចន្លោះពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្ស។
ចំពោះដំណើរការបណ្តេញចេញភាគច្រើនមិនស្របតាមគោលការណ៍ណែនាំ និងបទដ្ឋានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទេ។ មានករណីជាច្រើនអាជ្ញាធរពុំបានជូនដំណឹងឱ្យសមហេតុផលដល់សហគមន៍មុនពេលបណ្តេញចេញឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។
សេចក្តីថ្លែងការណ៍នេះបន្តថា ការបណ្តេញចេញពេលមានជំងឺកូវីដ ១៩ នេះ គឺវាកំពុងតែបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលកំពុងបន្តបណ្តេញគ្រួសារក្រីក្រជាច្រើនដែលផ្ទុយនឹងបទដ្ឋានសិទ្ធិមនុស្ស និងផ្ទុយពីការស្នើសុំរបស់ពលរដ្ឋក្រីក្រនៅទីក្រុង និងជនបទ។
បើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២០ អាជ្ញាធរបានយកគ្រឿងចក្រឈូសឆាយលំនៅឋានពលរដ្ឋនៅសហគមន៍បឹងឈូក (អេ)។ ទោះបីពលរដ្ឋខិតខំស្វែងរកការពិគ្រោះយោបល់ក៏ដោយ ក៏មាន ១៣ គ្រួសារពុំមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរមុនពេលគ្រឿងចក្រមកដល់សហគមន៍ឡើយ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា នៅថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២០ ពលរដ្ឋប្រមាណ ១០០ គ្រួសារ ត្រូវបានបណ្តេញចេញដោយបង្ខំពីទីជម្រករបស់ពួកគេនៅកណ្តាលបឹងតាមោកដោយមន្ត្រីនគរបាល និងអាជ្ញាធរខណ្ឌព្រែកព្នៅ។
រីឯនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ អាជ្ញាធរបានយកគ្រឿងចក្រទៅកន្លែង ១ នៅមាត់បឹងសំរោងដែលមានពលរដ្ឋ ១៨ គ្រួសារ ដែលពួកគេថាបានកាន់កាប់ដីនោះតាំងពីឆ្នាំ ១៩៧៩ មក។
យ៉ាងណាក្ដីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៩ មិថុនា ថា បឹងសំរោង គឺមានអនុក្រឹត្យតាំងពីឆ្នាំ ២០០៨ ហើយឥឡូវសាលារាជធានីភ្នំពេញបានធ្វើការងារនេះជាមួយមន្ទីរពាក់ព័ន្ធ ជាពិសេសខណ្ឌព្រែកព្នៅក្នុងការរក្សាបឹងនេះឡើងវិញ ដោយកាយផ្លូវថ្មើរជើង គឺក្រវាត់បឹងដែលមានទំហំជាង ៣០០ ហិកតា។
លោកថា៖ «តែឥឡូវបាន ៨០ ភាគរយហើយ។ អត់មានបណ្តេញចេញទេ។ ខ្ទមអីនៅខាងក្នុងដែលកន្លងទៅធ្លាប់ខ្ចី [បឹង] រដ្ឋអីនេះ គេទូទាត់ជាមួយសំណងត្រីជាមួយអីហ្នឹង។ ត្រីចិញ្ចឹមហ្នឹងមានប៉ុន្មានក្បាល តម្លៃប៉ុន្មាន គេទូទាត់អស់ហើយហ្នឹងបានជិត ៩០ ភាគរយហើយ។ មានបណ្តេញនរណាចេញ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតបានអះអាងក្នុងសេចក្តីថ្លែងការណ៍ថា មានពលរដ្ឋកម្ពុជាក្រីក្រមួយចំនួនក៏កំពុងរងនូវផលវិបាកដោយសារជំងឺកូវីដ១៩។
ពួកគាត់ជាច្រើនបានបាត់បង់ការងារ និងប្រាក់ចំណូល។
លោកបានបញ្ជាក់ថា៖ «អង្គការសមាគមធាងត្នោតអំពាវនាវដល់រាជរដ្ឋាភិបាលសូមមេត្តាគិតគូរជួយស្រោចស្រង់ និងបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពរហូតជំងឺកូវីដ១៩ចប់ទាំងស្រុង និងផលប៉ះពាល់ដែលបង្កមកពីការរីករាលដាលនៃជំងឺនេះត្រូវបានចូលរួមដោះស្រាយ។ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតនេះបានបញ្ចប់ យើងស្នើសុំឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សរបស់ពលរដ្ឋរបស់ខ្លួន និងផ្តល់ការប្រឹក្សាយោបល់មុនពេលបណ្តេញចេញកើតឡើង»៕