
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងមន្ត្រីចុះពិនិត្យឧទ្យានជាតិគិរីរម្យ នាឆ្នាំ ២០១៧។ រូប សហការី
កំពង់ស្ពឺៈ អាជ្ញាធរខេត្តកំពង់ស្ពឺនៅតែបន្តការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យឈប់ចូលកាប់ទន្ទ្រានព្រៃឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» ព្រមទាំងអនុវត្តវិធានការច្បាប់ជាប្រចាំ។ ប៉ុន្តែការទន្ទ្រាននៅតែបន្តកើតមាន ខណៈលិខិតបដិសេធលើលិខិតសម្គាល់សិទ្ធិកាន់កាប់ដីត្រូវបានអាជ្ញាធរប្រកាសជាបន្តបន្ទាប់។
នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ រដ្ឋបាលឃុំចំបក់ ស្រុកភ្នំស្រួច បានបដិសេធរាល់លិខិតសម្គាល់សិទ្ធិកាន់កាប់ដីធ្លីដែលខ្លួនបានចេញជូនប្រជាពលរដ្ឋក្នុងពេលកន្លងមក។ មុនចេញលិខិតបដិសេធនេះ រដ្ឋបាលឃុំចំបក់ក៏បានចេញសេចក្តីជូនដំណឹងមួយទៀតនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ ពីការណែនាំពលរដ្ឋឱ្យឈប់ទន្ទ្រានដីឧទ្យានជាតិគិរីរម្យ។
លោក ជ័យ ហ៊ឹម ជាមេឃុំចំបក់កាលពីថ្ងៃទី ២៣ ខែមីនា បានបដិសេធផ្តល់យោបល់ជុំវិញការចេញលិខិតសម្គាល់សិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋក្នុងពេលកន្លងមក។ លោក ជ័យ ហ៊ឹម ថ្លែងយ៉ាងខ្លីថា៖ «រឿងនេះ ហេតុអីសួរខ្ញុំទៅវិញ សូមសួរទៅកាន់ខេត្តទៅ»។
លោក កែវ គុជសី នាយករដ្ឋបាលខេត្តកំពង់ស្ពឺថ្លែងកាលពីថ្ងៃទី ២៣ មីនា ថា ឯកសារដែលបានដកហូតក្នុងពេលកន្លងមក គឺបានមកពីប្រជាពលរដ្ឋដែលធ្លាប់រុករានទន្ទ្រានដីឧទ្យានជាតិគិរីរម្យ។ ទោះយ៉ាងណាលោកថាមិនបានចងចាំចំនួនពលរដ្ឋមានចំនួនប៉ុន្មានគ្រួសារ និងផ្ទៃដីប៉ុន្មាននោះទេ។
លោកថ្លែងថា៖ «យើងមិនមានការដកហូតលិខិតសម្គាល់សិទ្ធិអីទេ គ្រាន់តែថា អ្នកដែលទៅរុករានទន្ទ្រានហ្នឹងគឺ យើងដកហូតកន្លែងនោះមកជាសម្បត្តិរដ្ឋវិញ ហើយកន្លងមកក៏មិនមានការចេញបណ្ណកម្មសិទ្ធិ ចេញអីឱ្យពួកគាត់ដែរ»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ថ្លែងកាលពីថ្ងៃទី ២៣ មីនា ដែរថា ជាបន្តបន្ទាប់ រដ្ឋបាលខេត្តបានធ្វើការចុះទៅបង្ក្រាបការចូលទន្ទ្រានកាន់កាប់ដីព្រៃក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ»។ ប៉ុន្តែទោះយ៉ាងណា នៅតែមានជនខិលខូចលួចទន្ទ្រាន ទោះបីអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការចុះទៅបង្ក្រាបជារៀងរាល់ថ្ងៃក៏ដោយ។
លោកអភិបាលថ្លែងថា៖ «វិធានការរបស់យើង ក្រៅពីបង្ក្រាបហ្នឹងក៏យើងនៅតែបានផ្សព្វផ្សាយពន្យល់ណែនាំពួកគាត់ទាក់ទងនឹងការអនុវត្តច្បាប់អីអីហ្នឹង។ គឺយើងបានផ្សព្វផ្សាយសព្វសារពើអស់ហើយ តែវានៅតែមានជនខិលខូចលួចលាក់ទៅទន្ទ្រាន តែយ៉ាងណាយើងមិនចុះចាញ់ទេ យើងនៅតែធ្វើការការពាររហូត យើងដកហូត យើងអ៊ីចឹងទៅ»។
ពាក់ព័ន្ធករណីនេះលោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថ្លែងថា ពាក់ព័ន្ធការរស់នៅអាស្រ័យផល គឺមន្ត្រីជំនាញអនុវត្តតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីដោយអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើការរស់នៅអាស្រ័យផលបានធម្មតា។ ប៉ុន្តែប្រជាពលរដ្ឋមិនមានសិទ្ធិលក់ដូរ ឬពង្រីកបន្ថែមនូវទីតាំងនោះទៀតទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា សម្រាប់អ្នកដែលកាប់រានថ្មីៗយកដីរដ្ឋធ្វើជាកម្មសិទ្ធិភ្លាមៗមន្ត្រីជំនាញត្រូវតែចាត់ការទៅតាមច្បាប់។
លោកបញ្ជាក់ថា៖ «យើងបានដាក់មន្ត្រីឧទ្យានុរក្សរបស់យើង ដើម្បីយាមការពារនៅទីនោះរាល់ថ្ងៃ។ បើមានអ្នកណាទៅដាក់បោះបង្គោលអីមន្ត្រីយើងចុះទៅដកចេញ។ យើងរឹតបន្តឹងរហូត បើមានការទន្ទ្រានគឺយើងចាត់ការភ្លាមៗតែម្តងដើម្បីកុំឱ្យមានបញ្ហាពិបាកដោះស្រាយនៅពេលក្រោយ»។
ចំណែកលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចឱ្យដឹងថា ពលរដ្ឋដែលទៅទន្ទ្រានដីអាស្រ័យផលនៅឧទ្យានជាតិគិរីរម្យ ដើមឡើយមានចំនួន ២ ភូមិគឺភូមិថ្មី និងភូមិចំការតែ។ ភូមិទាំង ២ នេះមិននៅក្នុងឧបសម្ព័ន្ធរបស់អាជ្ញាធរស្រុកឡើយ ហើយរដ្ឋបាលខេត្តក៏មិនអនុញ្ញាតឱ្យទទួលស្គាល់ភូមិទាំង ២ នោះដែរ។ ព្រោះដីនោះប្រជាពលរដ្ឋអាចប្រើប្រាស់បានសម្រាប់តែអាស្រ័យផលប៉ុណ្ណោះ។
លោកអភិបាលស្រុកថ្លែងថា៖ «អ្នកនៅហ្នឹង ដើមឡើយមាន ៤៤ គ្រួសារតែក្រោយមកមានការកើនឡើងបន្តបន្ទាប់រហូតដល់ ១៧៨ គ្រួសារដែលពាក់ព័ន្ធនៅតំបន់ហ្នឹង។ ដល់ក្រោយមកទៀតយើងអត់អាចដឹងច្បាស់ថា មានចំនួន [ប៉ុន្មាន] គ្រួសារទេ ព្រោះមានអ្នកឡើងទៅទន្ទ្រានអនាធិបតេយ្យ អាជ្ញាធរយើងអត់ច្បាស់ទេ ព្រោះតំបន់ហ្នឹងគ្រប់គ្រងដោយបរិស្ថាន»។
បើតាមលោក ពិសិដ្ឋ មកដល់បច្ចុប្បន្ន រដ្ឋបាលស្រុកនៅតែបន្តណែនាំឱ្យរដ្ឋបាលឃុំទប់ស្កាត់ការទន្ទ្រានដី ខណៈរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធក៏បានបន្តចេញការណែនាំបន្ថែមទៀត ប៉ុន្តែទោះជាអាជ្ញាធរខិតខំយ៉ាងណាក៏ដោយ លោកថា ការរំលោភបំពានដីនៅតែកើតមានបន្តបន្ទាប់ដដែល៕