ភ្នំពេញៈ អាជ្ញាធរ​រាជធានី-ខេត្ត​កំពុង​បន្ត​រឹតបន្តឹង​ការណែនាំ​របស់​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការបើក​ដំណើរការ​ទីតាំង​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ដូចជា​ខារ៉ាអូខេ ក្លិប​ជាដើម​ក្នុង​នោះ​បើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​នៅ​បន្ត​បំពាន​ការណែនាំ​នឹង​ឈាន​ដល់​ការដកហូត​អាជីវកម្ម​។

លោក សឿន សេន ស្នងការរង​ទទួល​ផែន​សេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាប​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា កាលពី​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជំហាន​ទី​ ១ សមត្ថកិច្ច​ខេត្ដ​សៀមរាប​បាន​ចុះ​បិទ​ទីតាំង ខារ៉ាអូខេ​ខ្នាត​ធំ​ចំនួន ១០ ទីតាំង បៀរហ្គាឌិន ចំនួន ១៦ ទីតាំង ក្លិប​កម្សាន្ត​ចំនួន ៧ ទីតាំង និង​រោងកុន​ចំនួន ៣ ទីតាំង​។

លោក​បន្ថែមថា តាម​ប្រសាសន៍​ណែនាំ​របស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយ​បញ្ជា​ឱ្យ​ផ្លាស់ប្ដូរ​ពី​ខារ៉ាអូខេ​មក​បើក​ដំណើរការ​ជា​ភោជនីយដ្ឋាន​វិញ​នោះ ទីតាំង​កម្សាន្ត​នានា​ក្នុង​ខេត្ដ​សៀមរាប​ក៏​បាន​អនុវត្ដ​តាម​ផងដែរ​។ ប៉ុន្ដែ​ក្នុង​នោះ​មាន​ខារ៉ាអូខេ​ចំនួន​ ៣ ​ទីតាំង​បាន​បន្លំ​ភ្នែក​សមត្ថកិច្ច​ដោយ​ដាក់​ឈ្មោះ​ជា​ភោជនីយដ្ឋាន ប៉ុន្ដែ​លួច​បើក​ខារ៉ាអូខេ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ករណី​នេះ​យើង​បាន​ចុះទៅ​បិទ​ទីតាំង​ទាំង​ ៣ នោះ​និង​ឱ្យ​ម្ចាស់​ទីតាំង​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បន្តទៀត​។ ក្នុង​ករណី​ដែល​ម្ចាស់​ខារ៉ាអូខេ​ទាំង ៣ ​ទីតាំង​នេះ​នៅតែ​បន្ត​បើក​យើង​នឹង​សុំ​គោលការណ៍​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ដ​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នោះ​តែម្ដង​»​។

លោក សឿន សេន ថ្លែង​ថា​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាប​បាន​បន្ត​ចុះ​អនុវត្ដ​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួងសុខាភិបាល​ជាប្រចាំ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការបើក​ដំណើរការ​ខារ៉ាអូខេ​ ឬ​ក្លិប​កម្សាន្ត​ឡើយ​។

ដោយឡែក​ចំពោះ​ខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ឱ្យដឹងថា ក្រោយ​អនុវត្ដ​ការណែនាំ​របស់​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​បាន​​ចុះ​ណែនាំ និង​ផ្អាក​ដំណើរការ​ទីតាំង​ដូចជា ខារ៉ាអូខេ ក្លិប​ជាដើម និង​រហូត​ដល់​បច្ចុប្បន្ន​មិនទាន់​មាន​ទីតាំង​ណាមួយ​បើក​ដំណើរការ​វិញ​ទេ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខេត្ដ​ព្រះសីហនុ យើង​មិនទាន់មាន​ករណី​ណាមួយ​កើតឡើង​រហូត​ឈានដល់​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​នៅឡើយ​ទេ​។ ទីតាំង​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ​ក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​មិនទាន់​ហ៊ាន​បើក​នៅ​ឡើយ​ទេ​»​។

លោក ឆាយ ​គឹមខឿន ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹងថា ការអនុវត្ដ​ការណែនាំ​ការបិទ​ទីតាំង​កម្សាន្ត​គឺ​បាន​អនុវត្ដ​តាម​ស្ដង់ដា​តែមួយ​គ្រប់​រាជធានី-ខេត្ដ​ទាំងអស់​៕

វីដេអូ៖