ភ្នំពេញៈ អាជ្ញាធរ​នឹង​ស្រាវជ្រាវ​ទូទាំង​រាជធានី​ភ្នំពេញ​ដើម្បី​រក និង​រឹបអូស​សៀវភៅ​ដែល​និយាយ​អំពី​លោក គឹម សុខ ដែល​សរសេរ​ដោយ​លោក​មេធាវី យ៉ែម បុញ្ញឫទិ្ធ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ជុំ វុឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បដិសេធ​ចំពោះ​ការចោទ​ប្រកាន់​ថា​ចំណាត់ការ​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​ធ្វើឲ្យ​មន្ត្រី​របស់​លោក​រឹបអូស​សៀវភៅ​ដែល​សរសេរ​ដោយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ និង​សៀវភៅ​អំពី​លោក គឹម សុខ​។

លោក​បាន​ថ្លែង​ថា​៖ «​សៀវភៅ​ណា​ក៏ដោយ​ដែល​ដាក់តាំង​គឺ​ត្រូវ​គោរព​ច្បាប់​ជាមុន និង​ទទួល​ការអនុញ្ញាត​ចំពោះ​ខ្លឹមសារ មិនមែន​តែ​ចំពោះ​ប្រភេទ​សៀវភៅ​ទាំង​នេះ​ទេ​។ យើង​ធ្វើ​វា​ជា​ទៀងទាត់ ប៉ុន្តែ​ដោយសារ​អ្នក​ទាំង​ ២ ​ជា​អ្នក​នយោបាយ ដូច្នេះ​វា​ធ្វើឲ្យ​អ្នក​រាល់​គ្នា​ភ្ញាក់ផ្អើល​»​។

មន្ត្រី​ពី​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ដូនពេញ​បាន​ចុះ​ទៅ​រឹបអូស​សៀវភៅ​ពី​អាជីវករ​ដែល​សរសេរ​ដោយ​មេធាវី យ៉ែម បុញ្ញឫទ្ធិ ដែល​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ដែល​សៀវភៅ​ទាំង​ ២ ​នេះ​មាន​ចំណងជើង​ថា តម្លៃ​មនុស្ស និង​ទស្សនវិស័យ​សម្រាប់​ការផ្សះផ្សា​ជាតិ និង​ការស្តារ​សង្គម និង​ទស្សនវិជ្ជា​សង្គម និង​នយោបាយ​របស់​លោក គឹម សុខ កាលពី​ថ្ងៃ​សៅរ៍​។

លោក​បាន​ថ្លែង​ថា​៖ «​ពួកគេ​លម្អៀង​ចំពោះ​យើង​។ យើង​មិន​អត់ឱន​ឲ្យ​នរណា​ដែល​មិន​សុំ​ការអនុញ្ញាត​ស្រប​ច្បាប់​នោះ​ទេ​»​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​នៅពេល​អ្នក​ចង់​បោះពុម្ព វា​ត្រូវ​តែ​មាន​ការអនុញ្ញាត​ពី​មន្ទីរ វា​ត្រូវការ​ការ​ពិនិត្យ​ថា តើ​ព័ត៌មាន​នោះ​ត្រឹមត្រូវ​ឬ​អត់ ឧទាហរណ៍​អំពី​ប្រវត្តិសាស្ត្រ ហើយ​បន្ទាប់ពី​នោះ​នៅ​ពេល​អត្ថបទ​នោះ​ត្រឹមត្រូវ​គឺ​ត្រូវ​សុំ​ការអនុញ្ញាត​បោះពុម្ព​»​។

លោក វុឌ្ឍី បាន​អះអាង​​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ យើង​គ្រាន់តែ​អប់រំ​រោងពុម្ព​»​។

លោក ហង្ស វិទូ ដែល​ជា​អ្នកវិភាគ​នយោបាយ​បាន​អះអាង​ថា លោក​បាន​សរសេរ​អំពី​សៀវភៅ គឹម សុខ ដែល​ត្រូវ​បាន​បោះពុម្ព​ប្រហែល​ ១០០០ ​ក្បាល​អំពី​លោក គឹម សុខ ដូចជា​ទស្សនៈ​របស់​គាត់​អំពី​អ្នក​ដែល​ហ៊ាន​លើក​កម្ពស់​សេរីភាព​នៃ​ការនិយាយ​ស្តី និង​ចំណុច​ទស្សនៈ​នយោបាយ​ជាទូទៅ​។

លោក​បាន​ថ្លែង​បន្ត​​ថា​៖ «​ជាទូទៅ​យើង​គ្រាន់តែ​ស្នើសុំ​លេខ​កូដ​ពី​បណ្ណាល័យ​ជាតិ​ដើម្បី​ទទួល​ការអនុញ្ញាត ហើយ​បោះពុម្ព​មិនមែន​សៀវភៅ​ទាំងអស់​ដែល​លក់​នៅ​ទីផ្សារ​ស្របច្បាប់​ត្រូវ​មាន​ការអនុញ្ញាត​ពី​ក្រសួង​នោះ​ទេ ដោយសារ​វា​នឹង​ត្រូវ​ចំណាយពេល​ ២ ​ឆ្នាំ​សម្រាប់​នីតិវិធី​»​។

លោក​បាន​ថ្លែង​បន្ត​ថា៖ «​យើង​លក់​វា​ ១ ​ឆ្នាំ​ហើយ គ្មាន​នរណា​មាន​បញ្ហា​អំពី​វា​ទេ​។ អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​ចាប់​តាំងពី​លោក គឹម សុខ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​។ ទើបតែ​ឥឡូវ​ពួកគេ​រឹបអូស​វា​ជាមួយ យ៉ែម បុញ្ញឫទ្ធិ​។ សំណួរ​របស់​ខ្ញុំ​គឺ​ថា តើ​សៀវភៅ​ចំនួន​ប៉ុន្មាន​ក្បាល​ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​ដើម្បី​បោះពុម្ព​? ស្ទើរ​តែ​គ្មាន​»​។

លោក វិទូ បាន​បោះពុម្ព​សៀវភៅ ១០ ក្បាល​ពាក់ព័ន្ធ​នឹង​នយោបាយ​ជាមួយ​នឹង​ភាសា​ផ្សេងៗ​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ថា វា​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ​គឺ​សៀវភៅ​ដាក់​លក់​ ១ ​ឆ្នាំ​រួច​ហើយ​។ ហេតុអ្វី​ទើប​តែ​មក​រឹបអូស​ឥឡូវ​នេះ​? ហេតុអ្វី​ទើបតែ​រឹបអូស​បន្ទាប់ពី​លោក គឹម សុខ ចេញ​ពី​ពន្ធនាគារ​?»​។

លោក គឹម សុខ ដែល​ទើប​តែ​ចេញពី​ពន្ធនាគារ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​សាជាថ្មី​នៅ​ថ្ងៃទី​ ១៤ ខែ​កញ្ញា តែ​អ្នកវិភាគ​រូប​នេះ​កំពុង​គេច​ខ្លួន ក្រោយពី​លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​តាម​ទារលុយ​សំណង​ជំងឺ​ចិត្ត​ប្រហាក់​ប្រហែល​ជា​ ២០ ​ម៉ឺន​ដុល្លារ​សហរដ្ន​អាមេរិក​ពាក់ព័ន្ធ​បណ្ដឹង​ដែល​បាន​ចោទ​គណបក្ស​​ប្រជាជន​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ កែម ឡី​។

រឿង​នេះ​ធ្វើឲ្យ​លោក គឹម សុខ ជាប់​គុក​ ១៨ ខែ ហើយ​ត្រូវ​បាន​តុលាការ​ដោះលែង​កាលពី​ថ្ងៃទី​ ១៧ ខែ​សីហា ឆ្នាំ​ ២០១៨ ដោយ​ផុត​អាជ្ញាយុកាល (​ផុតកំណត់​ទោស​ដែល​ជាប់​ពន្ធនាគារ​)៕ PS