សៀមរាបៈ អាជ្ញាធរ​ស្រុក​សូទ្រនិគម និង​អាជ្ញាធរ​ជាតិអប្សរា​នៅតែ​បន្តធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​បុរាណដ្ឋាន​ទំនប់​ព្រែកស្រមោច​ ខណៈ​នៅតែមាន​ពលរដ្ឋ​ខ្លះ​បាន​លួច​កាយ​យក​អាចម៍ដី​ពី​ទំនប់​ប្រវត្តិសាស្ត្រ ដែល​ជា​កេរដំណែល​របស់​ដូនតា និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​នេះ យកទៅ​ដុត​ធ្វើ​ឥដ្ឋ​។

លោក ឡុង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ពី​ម្សិលមិញ​ថា អាជ្ញាធរ​បាន​ណែនាំ​ពលរដ្ឋ សូមកុំ​ឱ្យ​បន្ត​យក​អាចម៍ដី​ពី​ទំនប់​ព្រែក​ស្រមោច​ព្រោះ​វា​បណ្តាល​ឱ្យ​បាត់បង់​សំណល់​បុរាណ​ដែល​មាន​នៅ​ទីនោះ​។ ពលរដ្ឋ​បាន​ចូលទៅ​កាយ​យក​អាចម៍ដី​ពី​ទំនប់​ព្រែកស្រមោច​ជាច្រើន​ដង​មកហើយ​ក្នុងពេល​កន្លង​ទៅ​ប៉ុន្តែ​បញ្ហា​នេះ អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​ដោយ​មិន​ចង់​ប្រើ​វិធានការ​ក្តៅ​ឡើយ​។

លោក​ ឡុង កុសល ថ្លែងថា​៖ «​យើង​ចង់ឱ្យ​ពលរដ្ឋ​យក​ដី​កន្លែង​ផ្សេង ដោយសារ​កន្លែង​ហ្នឹង​វា​ជា​ទីសំណល់​បុរាណ​ដែលជា​មរតក​របស់​បុព្វបុរស​ខ្មែរ​យើង ដែល​វា​មាន​តម្លៃ​ជា​លក្ខណៈ​បេតិកភណ្ឌ ហើយ​យើង​ត្រូវតែ​ការពារ​ព្រោះ​វា​ជា​សំណល់​ដែល​ស្តែង​ចេញពី​អារ្យធម៌​មួយ​ស្តែង​ចេញ​អំពី​ភាពរុងរឿង​នៃ​សម័យកាល​មួយ​»​។

បើតាម​លោក កុសល ទំនប់​ព្រែក​ស្រមោច ឬ​ហៅថា ផ្លូវ​សំពៅ​ជា​ទំនប់​បុរាណ​មាន​ប្រភពពី​ជើងភ្នំ​គូលែន​ដល់​បឹង​ទន្លេសាប​។ កាលពី​ថ្ងៃទី​ ៤ ​ដើម​ខែ​មីនា​នេះ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះទៅ​ផ្សព្វផ្សាយ​ដោយផ្ទាល់ ព្រោះ​ពលរដ្ឋ​នៅ​ទីនោះ ខ្លះ​ប្រកប​អាជីវកម្ម​ដុតឥដ្ឋ​ពេលខ្លះ​លួច​ធ្វើការ​ជីក​កាយ​យក​អាចម៍ដី​ពី​ខ្នង​ទំនប់​នោះ​។

លោក កុសល ស្នើសុំ​ឱ្យ​បងប្អូន​អាជីវករ​ដែល​ផលិត​ឥដ្ឋ​ និង​ក្បឿង​ត្រូវយក​អាចម៍ដី​ពី​កន្លែងផ្សេង​មក​ធ្វើ ចៀសវាង​ការខូចខាត ឬ​ធ្វើឱ្យ​បាត់បង់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​។ កាលពី​សម័យ​បុរាណ ព្រែក​ស្រមោច​នេះ​មាន​តួនាទី​សំខាន់ ក្រៅពី​ផ្តល់​ទឹក​សម្រាប់​កសិកម្ម​ដល់​សហគមន៍​ជុំវិញ​គឺជា​ផ្លូវ​ដឹកជញ្ជូន​ថ្ម​ពី​ភ្នំ​គូលែន មក​តំបន់​អង្គរ​ និង​សម្រាប់ធ្វើ​ជំនួញ​ផងដែរ​។

លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម​ថ្លែងថា ពលរដ្ឋ​ដែល​ចូលទៅ​យក​ដី​ទីនោះ​គឺជា​អ្នក​ប្រកបរបរ ដុត​ឥដ្ឋ​លក្ខណៈ​គ្រួសារ​មាន​ប្រមាណ​ជាង​ ៥០ ​ឡឥដ្ឋ​។

លោក​ថា អាជ្ញាធរ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បានដឹង និង​យកចិត្ត​ទុកដាក់​ចូលរួម​ថែរក្សា​បុរាណដ្ឋាន​នោះ​។ «​វិធានការ​បន្ត​យើង​ត្រូវតែ​ពង្រឹងកម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​ការិយាល័យ​ជំនាញ​ឱ្យ​គាត់​ល្បាត​ហើយ​យើង​ និង​បន្ត​ផ្សព្វផ្សាយ​ជូន​ពួកគាត់​ពាក់ព័ន្ធ​លិខិតបទដ្ឋាន​ផ្សេងៗ ប៉ុន្តែ​អ្នកធ្វើ​ឡ​ដុត​ឥដ្ឋ​ធំៗ​អត់​មាន​ប៉ះពាល់​ទេ ច្រើនតែ​អ្នក​នៅក្នុង​បឹង​ក្នុង​ទំនប់​ហ្នឹង​តែម្តង​»៕