ព្រៃវែងៈ អាជ្ញាធរ​ស្រុកបាភ្នំ​បាន​ប្រកាស​ហាម​ប្រជាពលរដ្ឋ​មិនឱ្យ​ចូលទៅ​កាន់​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី ក្រោយពី​បាន​រកឃើញ​មេរោគ​គ្រុនផ្ដាសាយ​បក្សី​ប្រភេទ​ H5N1 នៅលើ​សត្វ​ស្លាប​ដែល​បាន​ងាប់​ជាច្រើន​ក្បាល​នៅក្នុង​តំបន់​នោះ​។

លោក ទេព ភារុន អភិបាលស្រុក​បាភ្នំ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា មិនមាន​ការជម្លៀស​អ្នកភូមិ​នោះទេ គ្រាន់តែ​ហាម​ពួកគាត់​ចូលទៅក្នុង​តំបន់​ដែល​មាន​ការផ្ទុះ​ជំងឺផ្ដាសាយបក្សី​នោះ​ប៉ុណ្ណោះ​។

លោក ភារុន ថ្លែងថា​៖ «​យើង​គ្មាន​ផែនការ​ជម្លៀស​អ្នកភូមិ​នោះទេ តែ​សូមឱ្យ​ពួកគាត់​មាន​ការប្រុងប្រយ័ត្ន និង​សម្អាត​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ ព្រមទាំង​ហាម​មិន​ឱ្យ​ពួកគាត់​នាំ​ភ្ញៀវ​ចូលទៅ​ទស្សនា​សត្វ​ស្លាប​ក្នុង​តំបន់​ដែល​កំពុង​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​​ និង​មិនត្រូវ​ព្រលែង​សត្វ​ឱ្យ​ដើររក​ស៊ី​ចំណី​តាម​ដងព្រៃ​ជាប់​តំបន់​កំពុង​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នោះ​»​។

បម្រាម​នេះ​បាន​ធ្វើឡើង​ក្រោយពី​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ជូនដំណឹង​ទៅ​លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដោយ​បាន​អះអាង យោង​តាម​លទ្ធផល​ពិសោធន៍​លើ​សំណាក​សពសត្វ​ចង្កៀលខ្យង​ចំនួន​ ៥ ​ក្បាល ​ដែល​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្ម​សត្វ​បាន​នាំ​មកពី​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី​ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្តព្រៃវែង​នោះ គឺ​ «​មាន​វត្តមាន​វីរុស​គ្រុនផ្ដាសាយ​បក្សី​ដែល​បង្កឡើង​ដោយ​វីរុស​ក្នុង​អនុ​ក្រុម​ A|H5N1»​។

លោក វេង សាខុន ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺឆ្លង​សត្វ​ដោយ​ត្រូវ​ចាត់វិធានការ​បន្ទាន់​មួយចំនួន ដូចជា​បំផ្លាញចោល​ចំពោះ​បក្សី​ដែល​សង្ស័យ​មាន​ជំងឺ សាកសព​បក្សី និង​ផលិតផល​បក្សី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ និង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការចូល ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់កាំ​ប្រវែង​ ៣ (​បី​) ​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺផ្ដាសាយបក្សី​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ និង​ត្រួតពិនិត្យ​មើល​ចលនា​បក្សី​ជាប្រចាំ​ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង​ ១០ ​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​តនៃ​តំបន់​ផ្ទុះ​ជំងឺ និង​ត្រូវ​រាយការណ៍​ពី​កន្លែង​បក្សី​ងាប់​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុពេទ្យ​។

ជាមួយគ្នា​នោះ រដ្ឋបាលខេត្ត​ព្រៃវែង ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​យ៉ាង​បន្ទាន់​ផងដែរ ដោយ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ ការរើស​សត្វ​ដែល​ងាប់​យក​ទៅ​ធ្វើ​ម្ហូបអាហារ ដែល​នាំឱ្យ​មាន​ការឆ្លង​ជំងឺផ្ដាសាយបក្សី H5N1 នេះ​ពី​សត្វ​ស្លាប​ព្រៃ​ទៅ​សត្វ​ស្លាប​ស្រុក និង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដល់​សុខភាព​មនុស្ស ។

កាលពី​ព្រឹក​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ ២០២១ ប្រជាសហគមន៍​ និង​មន្ត្រី​ជំនាញ​បាន​ប្រមូល​ និង​ដុតចោល​សពសត្វ​ចំនួន​ ១៣៥ ​ក្បាល​ថែមទៀត​ ដែល​ធ្វើឱ្យ​ចំនួន​សត្វ​ស្លាប​ដែល​ងាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី​កើនឡើង​ជិត​ពាន់​ក្បាល បើ​គិត​ចាប់ពី​ថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ​ ២០២១​។ នេះ​បើតាម​ការអះអាង​របស់​លោក ពុទ្ធ បូ ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី កាលពី​ម្សិលមិញ​។

លោក ពុទ្ធ បូ បាន​ថ្លែងថា​៖ «​នៅពេល​នេះ អ្នកភូមិ​យើង​ខ្ញុំ​មាន​ការភ័យព្រួយ​ជាខ្លាំង បន្ទាប់ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ប្រកាស​ពី​លទ្ធផល​ពិសោធន៍​សំណាក​សត្វ​ដែល​ងាប់​នៅក្នុង​តំបន់​នេះ​ថា មាន​វត្តមាន​មេរោគ​គ្រុនផ្ដាសាយ​បក្សី H5N1»​។

លោក ពុទ្ធ បូ បាន​ថ្លែង​បន្ត​ថា យោងតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ្នកភូមិ​របស់​គាត់​ទាំងអស់​អាច​នឹង​ប្រឈម​ការជម្លៀសចេញ​ជា​បណ្ដោះអាសន្ន​ពី​តំបន់​ដែលមាន​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​ H5N1 ​នេះ​រយៈពេល​ ៣០ ​ថ្ងៃ ព្រោះ​ភូមិ​ដែល​ពួកគាត់​កំពុង​រស់នៅ​មាន​ចម្ងាយ​ប្រមាណ​ត្រឹមតែ​ជាង​ ១ ​គីឡូម៉ែត្រ​ ពី​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​ប៉ុណ្ណោះ​៕

វីដេអូ៖