កំ​ពង់ធំ/ព្រះវិហារៈ មន្ទី​រសុខា​ភិបាល​ខេត្ត​កំ​ពង់​ធំ​ និង​ព្រះ​វិហារ​ រួម​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​មន្ទី​រ​សុខាភិបាល ​និង​គ្លីនិក​ឯក​ជន​ប្រ​មាណ​ជាង​ ២០​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ផ្ដល់​សេវា​សុខ​ភាព​ដល់​ប្រ​ជា​ពល​រដ្ឋ​ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​ ក្រោយ​ពី​មន្ត្រី​ជំ​នាញ​សុខា​ភិបាល​រក​ឃើញ​ថា​ កន្លែង​ផ្ដល់​សេវា​ទាំង​នោះ​ខ្វះ​ខាត​គ្រូ​ពេទ្យ​ និង​លក់​ឱសថ​ហួស​សុពល​ភាព​ដែល​ច្បាប់​ហាមឃាត់។​

​លោក​ ​ស៊ី​ ​ធីរ៉ា​វុទ្ធ​ អនុ​ប្រធាន​មន្ទី​រសុខាភិបាល​ខេត្ត​កំព​ង់​ធំ​បាន​ថ្លែង​ថា​៖​ «​យើង​បាន​បិទ​មន្ទីរ​សម្រាក​ព្យា​បាល​ឯក​ជន​ នេះ​​ដោយ​​យើង​បាន​ចុះ​ទៅ​ដោះស្លាក​ និង​ឲ្យ​គាត់​បញ្ឈប់​ ​ហើយ​គាត់​ទទួល​យល់​ព្រម​ ​បញ្ឈប់​ធ្វើ​អាជីវ​កម្ម​តាម​ការ​ណែ​នាំ​របស់​ក្រសួង»។​

​លោក​ ​ធី​រ៉ា​វុធទ្ធ​ អះ​អាង​ថា​ សេវា​ផ្ដល់​សុខាភិបាល​​ឯក​ជន​ទាំង​នោះ​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​អា​ជី​វ​កម្ម​ប្រ​មាណ​ជា​ ១០ ​ឆ្នាំ ​មក​ហើយ​ ប៉ុន្តែ​ជា​បន្ត​បន្ទាប់​ក្រោយ​មក​ត្រូវ​បាន​រក​ឃើញ​ថា​មិន​មាន​វេជ្ជ​បណ្ឌិត​និង​គ្រូ​ពេទ្យ​និង​អ្នក​ថែ​ជំងឺ​​គ្រប់​គ្រាន់​តាម​ការ​កំ​ណត់​នៃ​ច្បាប់​ និង​លក្ខ​ណៈ​បច្ចេក​ទេស​សុខាភិបាល។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ ​«​ពេល​គាត់​បើក​ដំបូង​គាត់​មាន​លោក​វេជ្ជ​បណ្ឌិត ​និង​គ្រូ​ពេទ្យ​និង​អ្នក​ថែជំងឺ​ តែ​បន្ទាប់​មក​ខ្វះ ​យើង​​មិន​អាច​អនុ​ញ្ញាត​គាត់​ឲ្យ​បន្ត​បើក​ទៀត​បាន។​ ​គាត់​មិន​បាន​គោរព​ទៅតាម​លក្ខ​ណៈបច្ចេក​ទេស​ដូ​ច្នេះ​ហើយ​ទើប​យើង​បិទ»។​

​លោក​ ​ជា​ គឹម​សេង​ អភិ​បាល​ស្រុក​ជាំ​ក្សាន្ដ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ចំ​នួន​គ្លីនិក​ភាគ​ច្រើន​ដែល​បាន​បិទ​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត។

​ទន្ទឹម​នឹង​នេះ​អាជ្ញា​ធរ​ស្រុក​ជាំ​ក្សាន្ត​បា​ន​បិទ​គ្លី​និក​ឯក​ជន​ដែល​មិន​មាន​ច្បាប់​អនុ​ញ្ញាត​ប្រមាណ​ជាង​ ២០ ​កន្លែង​ដែល​ កំពុង​ដំណើរ​ការ​ក្នុង​ស្រុក​ជាំ​ក្សាន្ត ហើយ​ការ​​បិទ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ចុះ​ពិនិត្យ​រ​ក​ឃើញ​ភ័ស្តុ​តាង​ជាក់​ស្តែង​អំពី​ផលិត​ផល​ឱសថ​ហួស​សុពល​ភាព ​ដែល​បាន​និង​កំពុង​ដាក់​លក់​ក្នុង​គ្លី​និក​ខុស​ច្បាប់​នោះ។​

​លោក​ គឹម​សេង​ ​ថា​៖​ «​និយាយ​រួម​ទូ​ទាំង​ស្រុក​ជាំ​ក្សាន្ត​យើង​បាន​បិទ​អស់​ហើយ​រហូត​មក​ដល់​ពេល​នេះ​យើង​បាន​បិទ​គ្លីនិក​ប្រមាណ ​២៥​។​ ​ពួក​គាត់​បាន​បើក​ធ្វើ​អាជី​វកម្ម​ដោយ​ឥត​ច្បាប់​ហើយ​មួយ​ចំនួន​ទៀត​គាត់​លក់​ថ្នាំ​ហួស​សុពលភាព»។​

​លោក​ ​ម៉ម​ ​ប៊ុន​ហេង ​រ​ដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិ​បាល​បាន​ថ្លែង​ថា​ ក្រ​សួង​សុខា​ភិ​បាល​ ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អា​ជីវក​ម្ម​គ្លី​និ​កឯក​ជន​ដោយ​សា​រតែ​គ្លី​និ​ក​ឯក​ជន​ទាំង​នេះ​អាច​ជួយ​បំពេញ​ ​ការ​ខ្វះ​ខាត​របស់​សេវា​កម្ម​រដ្ឋ​តែ​គ្លី​និ​ក​ឯក​ជន​ទាំង​អស់​ត្រូវ​ធ្វើ​តាម​ច្បាប់​និង​លិខិត​បទ​ដ្ឋាន​របស់ ​ក្រសួង​និង​​រដ្ឋាភិបាល។​

លោក​ថ្លែង​ថា​៖ ​«​នៅ​ពេល​ដែល​ពួក​គេ​ប្រព្រឹត្ត​ខុស​ឆ្គង​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រ សិទ្ធ​ភាព​នៃ​ការ​ថែ​ទាំ ​ព្យា​បា​ល​របស់​ប្រជាពលរដ្ឋ​ហើយ​វា​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ប្រជា​ពល​រដ្ឋ​របស់​យើង​ ​ហើយ​ធ្វើ​ឲ្យ​ប្រជា​​​ពល​រដ្ឋ​យើង​ខាត​បង់​លុយ​កាក់​ ​។​ នៅ​ពេល​ដែល​គាត់​ មិន​មាន​វិជ្ជា​ជីវៈ​ពិត​ប្រាក​ដ ​និង​មិន​មាន គ្រូ​ពេទ្យ​គ្រប់​គ្រាន់​យើង​បិទ​ ​យើង​មិន​ទុក​ទេ»៕​