ភ្នំពេញៈ ​អាជ្ញា​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​បិទ​ទីតាំង​កែ​ច្នៃ​កាត់​ត​រថ​យន្ត​ធុន​ធំ​ចំនួន​ ៤ ​កន្លែង​ បណ្ដោះ​អាសន្ន ​ក្នុង​សង្កាត់សំរោង​ក្រោម​ ដែល​មិន​មាន​ច្បាប់​អនុញ្ញាត ​និង​មិន​គោរព​តាម​ការ​ណែ​នាំ​របស់​អាជ្ញា​ធរ​ ដោយ​បង្ក​ការ​រំខាន​ដល់​សាធារ​ណ​ជន ខណៈ​មន្ត្រី​សា​លា​រាជ​ធានី​ភ្នំ​ពេញ​ព្រ​មាន​ថា​ ក្នុង​ពេល​នេះ​ បើ​យាន​ដ្ឋាន​ណា​មិន​គោរព​ទៅ​តាម​ច្បាប់​ អាជ្ញា​ធរ​ត្រូ​វ​តែ​ចុះ​ទៅ​​បិទ​អាជីវកម្ម​ទាំង​នោះ។​

​លោក​ ម៉េ​ត​ មាស​ភក្តី​ អ្នកនាំ​​ពាក្យ​សាលា​រាជ​ធានី​ភ្នំ​ពេញ ​បាន​បញ្ជាក់​ប្រាប់​ភ្នំ​ពេ​ញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ក្នុង​ពេល​នេះ គឺ​មាន​តែ​វិធាន​ការ​ចុះ​បិទ​អាជី​វកម្ម​ទាំង​នោះ​តែ​ប៉ុណ្ណោះ ​បើ​នៅ​តែ​បន្ត​ប្រព្រឹត្ត​សកម្ម​ភាព​ល្មើស​ច្បាប់​ និង​មិន​គោរព​តាម​ការ​ណែ​នាំ​របស់​អាជ្ញា​ធរ​ ព្រោះ​វិធាន​ការ​អប់​រំ​ ណែ​នាំ ​បាន​ធ្វើ​ឡើង​ជា​ច្រើន​មក​ហើយ។​

​លោក​បញ្ជាក់​ថា​៖​ «​(​យាន​ដ្ឋាន​)​ ជា​ច្រើន​លើស​លប់​មក​ហើយ​ដែល​គេ​អនុ​វត្ត​តាម​ច្បាប់​ លើក​លែង​តែ​ករណី​ខ្លះ​ ដែល​យើង​រ​ក​ឃើញ​អ៊ីចឹ​ង​ ហើយ​បាន​បិទ​អាជីវ​កម្ម។​ ដូច្នេះ​នៅ​សល់​តិច​តួច​បំផុត​ ដែល​យើង​ក្ដាប់​បាន​​ព័ត៌​មាន​ គឺ​អត់​ទុក​ទេ ​ចុះ​បិទ​ភ្លាម​ ព្រោះ​ល្មើស​បម្រាម​ ដែល​យើង​បាន​ណែ​នាំ​អស់​ហើយ​»​។​

លោក​ថ្លែង​ថា​៖​ ​«​អ្នក​ដែល​មាន​បំណង​ដែល​ចង់​រ​ក​ស៊ី​មុខ​របរ​បើក​ជា​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​អី​ សូម​ឲ្យ​គោរព​តាម​ច្បាប់​ និង​យន្តការ​ផ្សេងៗ​ ក៏​ដូច​ជា​ការ​ណែ​នាំ​ផ្សេង​ៗ ដោយ​ឲ្យ​ការ​ប្រកប​របរ​របស់​យើង​ស្រប​ច្បាប់។ ​បើ​មិន​អ៊ី​ចឹង​ទេ​តែ​មាន​បញ្ហា​ទៀត​ ដែល​គេ​មិន​ទាន់​ចាប់​បាន​ មិន​អី​ទេ ​ប៉ុន្តែ​បើ​គេ​ចាប់​ហើយ​ គឺ​មាន​ផល​ប៉ះ​ពាល់​រហូត​ដល់​ការ​បិទ​អាជីវកម្ម​តែម្តង»។​

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ កម្លាំង​អាជ្ញា​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដឹក​នាំ​ដោយ​លោក​ ប៉ាង​ លីដា​ អភិ​បាល​រង​ខណ្ឌ​ បាន​ចុះ​ទៅ​បិទ​បណ្ដោះ​អាសន្ន​នូវ​ទីតាំង​កែច្នៃ​កាត់​ត​រថ​យន្ត​ធុន​ធំ ​ចំនួន​ ៤ ​កន្លែង​ ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ឈ្នះ​ឈ្នះ ភូមិ​សំរោង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​ប្រាប់​ថា ទីតាំង​ដំឡើង​កាត់​ត ​និង​កែច្នៃ ​រថយន្ត​ទាំង​នោះ​កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម​ និង​បង្ក​ការ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​ផង​ដែរ។​ ​នេះ​បើ​តា​ម​គេ​ហ​ទំព័រ​របស់​រដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាល​ពី​ថ្ងៃ​អាទិត្យ។

គេ​ហទំ​ព័រ​ដដែលនេះ​បាន​បញ្ជាក់​ថា​៖​ ​«​កម្លាំង​បាន​សម្រេច​ផ្អាក​អាជី​វ​កម្ម​យាន​ដ្ឋាន​ទាំង​ ៤ ​ក​ន្លែង​ នោះ​ជា​បណ្ដោះ​អាសន្ន​សិន ព្រម​ទាំង​ធ្វើ​ការ​ដក​ហូត​សម្ភារ​សម្រាប់​ដំណើរ​ការ​ដំឡើង​មាន​ដូច​ជា​ ម៉ា​ស៊ីន​កាត់​ ម៉ា​ស៊ីន​ផ្សារ​ដែក​ និង​ឧបក​រ​ណ៍​ផ្សេងៗ​ទៀត​​ជា​ច្រើន​ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែនជ័យ»។​

​លោក​​ ហែម​ ដា​រិ​ទ្ធិ ​អភិ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ការ​ចុះ​ផ្អាក​អាជី​វក​ម្ម​កាត់​ត​រថ​យន្ត​ធុន​ធំៗ​ទាំង​នេះ​ជា​បណ្តោះ​អាសន្ន ​ព្រោះ​តែ​អាជី​វ​កម្ម​ខាង​លើ​ នេះ​បាន​យក​ចិញ្ចើម​មហា​វិថី​ឈ្នះ​ឈ្នះ​ធ្វើ​ជា​អា​ជីវក​ម្ម ដែល​មា​ន​ទី​តាំង​នៅ​ចំណុច​ជិត​ផ្លូវ​រថ​ភ្លើង​សំរោង​ក្រោម។​ ​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ប្រាប់​ថា​កុំ​យក​ចំណី​ផ្លូវ​ដំឡើង​រថ​យន្ត​ បាញ់​ថ្នាំ​រថ​យន្ត​ តែ​មិន​ស្តាប់​ បែប​ស្មាន​ថា ​អភិ​បាល​ខណ្ឌ​ខ្ញុំ​នេះ​ដាក់​ខែ​ហើយ​លោក​ព្រះ។ ​សូម​កុំ​ជួយ​អន្ត​រាគ​ម​ន៍​អី ​ខ្ញុំ​ដក​ហូត​ទុក​ ១៥ ​ថ្ងៃ​ទេ»។​

ទាក់​ទង​នឹង​យាន​ដ្ឋាន​កែច្នៃ​រថ​យន្ត​នេះ​ដែរ​ របាយ​ការណ៍​ផ្លូវ​ការ​របស់​អគ្គ​ស្នង​កា​រដ្ឋា​ន​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា យាន​យន្ត​ល្មើស​ច្បាប់​នៅ​តែ​មាន​ចំនួន​ច្រើន​ ​ដោយ​គ្រាន់​តែ​មួយ​ថ្ងៃ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​កម្លាំង​នគរ​បាល​ចរា​ចរណ៍ បាន​ត្រួត​ពិនិត្យ​យាន​យន្ដ​ចំនួន​គ្រឿង ៤ ៧៦០ ​គ្រឿង​ រក​ឃើញ​ល្មើស​ច្បាប់​ជាង​ ១ ០០០ ​គ្រឿង​ ​បូក​រួម​ទាំង​ម៉ូតូ​ផង ខណៈ​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល​ ១៤​ ថ្ងៃ​ ដើម​ខែ​កក្កដា​នេះ​ នគរ​បាល​បាន​ត្រួត​ពិនិត្យ​យាន​យន្ត​ចំនួន​ ៧២ ៧៥២​ គ្រឿង​ រក​ឃើញ​យាន​យន្ត​ល្មើស​ ប្រ​មាណ​ ​១៨ ១៧០ ​គ្រឿង ​(​ម៉ូតូ ​៧៣%) ។​

​នៅ​រាជ​ធានី​ភ្នំពេញ​ មាន​យាន​ដ្ឋាន​ជួល​ជុល​រថ​យន្ត​ជាង​ ៨០០​ កន្លែង​ ដែល​លោក​ ម៉េ​ត​ មាស​ភក្តី​ អះអាង​ថា​ កន្ល​ង​មកអាជ្ញាធរអប់​រំ​ហើយ​ដូ​ច្នេះ​ពី​ពេល​នេះ​ត​ទៅ បើ​យាន​ដ្ឋាន​ល្មើស ​គឺ​​បិទ​អាជីវកម្ម៕​​